ដោយៈសុផល/ភ្នំពេញៈដំណើររឿងរ៉ាវពីខ្សែជីវិតពិតរបស់លោកតឹកង៉ូយមានភាពរស់រវើកនិងផ្ដោតសំខាន់លើបទពិសោធជីវិតពិតដែលមានអត្ថន័យជ្រាលជ្រៅទាក់ទិននឹងទស្សនវិស័យដ៏សម្បូរបែបរួមជាមួយនឹងការរៀនពីការចាប់យកឱកាសដែលកើតមានឡើងជាហូរហែក្នុងជីវិតរបស់លោក។
លោកតឹកង៉ូយបានចាប់ផ្ដើមជីវិតពីជនភៀសខ្លួនដ៏ក្រីក្រម្នាក់ហើយក្រោយមកលោកក៏បានក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភម្នាក់នៅសហរដ្ឋអាមេរិក។លោកបានអំពាវនាវដល់ជនភៀសខ្លួនខ្មែររាប់រយរាប់ពាន់នាក់ដែលរស់នៅសហរដ្ឋអាមេរិកឱ្យមកប្រកបរបរលក់នំដូណាត់រហូតបានក្លាយជាអ្នកមានលុយរាប់លានដុល្លារដូចរូបលោកដែរ។
ដោយហេតុលោកមានគំនិតមិនចង្អៀតចង្អល់ និងសេចក្ដីស្រឡាញ់ក្នុងការជួយដល់សហគមន៍ខ្មែរ ដែលនេះគឺជាការចូលរួមវិភាគទានដ៏ខ្លាំងក្លាលើផ្នែកសេដ្ឋកិច្ចសង្គមនៅសហរដ្ឋអាមេរិក។ដូច្នេះហើយទើបរូបលោកបានទទួលពានរង្វាន់និងប័ណ្ណសរសើរដោយផ្ទាល់ពីប្រធានាធិបតីG.H.Bushនៅឆ្នាំ១៩៩១ហើយក៏ត្រូវបានគេប្រសិទ្ធនាមថាជា “ស្ដេចនំដូណាត់” ប្រចាំសហរដ្ឋអាមេរិកចាប់ពីពេលនោះមក។
ជាលទ្ធផលចេញពីស្នាដៃនិងការខិតខំរបស់លោកសព្វថ្ងៃនេះនៅរដ្ឋកាលីហ្វញ៉ា(California)មានហាងនំដូណាត់ជាង៥.០០០ហាង។ក្នុងនោះហាងដែលត្រូវបានកាន់កាប់ដោយជនជាតិខ្មែរអាមេរិកកាំងមានរហូតដល់៩០ភាគរយដែលចំនួននេះគឺស្មើនឹង៤.៥០០ហាង។បើបូករួមទាំងរដ្ឋផ្សេងៗទៀតនោះហាងដែលជនជាតិខ្មែរកាន់កាប់មានចំនួនរាប់ពាន់ រាប់ម៉ឺនហាងឯណោះ។
នេះពិតជាមោទកភាពដ៏អស្ចារ្យហើយក៏ជាព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលមានប្រជាជនរហូតដល់ទៅ៣៥០លាននាក់។ប៉ុន្តែងារជាស្ដេចនំដូណាត់ដែលសហរដ្ឋអាមេរិកទទួលស្គាល់គឺមានតែលោក តឹក ង៉ូយ តែម្នាក់ប៉ុណ្ណោះ។
លោក តឹក ង៉ូយ កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤២ មានម្តាយជាជនជាតិចិនដែលមានឈ្មោះ តាំង ចេង និងឪពុកជាជនជាតិខ្មែរកាត់ចិន ឈ្មោះ យ ជាវគីម។ ពួកគាត់ទាំងពីរបានរៀបការជាមួយគ្នា នៅពេលដែលម្តាយខ្ញុំមានអាយុ១៨ឆ្នាំនិងតាំងទីលំនៅនៅស្រុកស៊ីសុផុននៃខេត្តបន្ទាយមានជ័យដែនដីភាគពាយព្យនៃប្រទេសកម្ពុជា។
លោកតឹកង៉ូយបានឱ្យរស្មីកម្ពុជាដឹងថា៖លោកបានរៀនចប់ឌីប្លូមនៅសាលាចិនហើយមករៀនអង់គ្លេស-បារាំង-ខ្មែរនៅសាលាវុលទែក្នុងក្រុងភ្នំពេញបន្ទាប់មកបានរៀនបញ្ចប់មហាវិទ្យាល័យច្បាប់។នៅឆ្នាំ១៩៧៥លោកបានចូលបម្រើកងទព័ជាតិមានឋានៈជាឧត្តមសេនីយ៍ពាក់ស័ក្តិ៤។ពេលនោះលោកមានភារកិច្ចទាក់ទងជាមួយប្រទេសថៃនិងសហរដ្ឋអាមេរិកដើម្បីធ្វើកម្មវិធីហ្វឹកហាត់ទាហានថ្មី។
ក្នុងឆ្នាំ១៩៧៥លោកបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកនិងបានរស់នៅទីនោះអស់រយៈពេល១៩ឆ្នាំ។ដោយសារតែលោកមានស្មារតីជួយខ្មែររាប់រយពាន់នាក់ក្នុងអាជីវកម្មនំដូណាត់ទើបសហរដ្ឋអាមេរិកក៏ឱ្យឈ្មោះខ្ញុំជា“ស្ដេចនំដូណាត់”។
លោកបានឱ្យដឹងទៀតថា៖នៅក្នុងឆ្នាំ១៩៩២លោកបានវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីបង្កើតគណបក្សនយោបាយឈ្មោះថា គណបក្សសាធារណរដ្ឋអភិវឌ្ឍន៍សេរីប៉ុន្តែមិនបានជាប់សំឡេងឆ្នោតទេ។ នៅពេលនោះលោកមានអាយុ៧៨ឆ្នាំ លោកបានចូលនិវត្ត ហើយបានទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ធ្វើជំនួញ។
សម្រាប់ពេលវេលាដែលនៅសេសសល់ក្នុងជីវិតចុងក្រោយរបស់លោកវិញគឺចង់ជួយជ្រោមជ្រែងលើផ្នែកអប់រំវិញម្តង។ជាពិសេសគឺផ្តោតទៅលើយុវជនព្រោះលោកបានដឹងថាមានតែយុវជនទេ ដែលជាសសរទ្រូងដ៏សំខាន់ការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។
លោកបានបញ្ជាក់ថា៖លោកធ្លាប់ជាទីប្រឹក្សាផ្ទាល់ផ្នែកសេដ្ឋកិច្ចរបស់សម្តេចតេជោហ៊ុនសែននិងជាអ្នកនាំប្រព័ន្ធអនុគ្រោះពន្ធMFNនិងនាំអ្នកវិនិយោគិនជាច្រើនមកមកឱ្យកម្ពុជា។លោកក៏បានរួមចំណែកបង្កើតឱ្យមានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។សៀវភៅជីវប្រវត្តិនេះត្រូវបានប្រែសម្រួលពីសំណៅដើមជាភាសាអង់គ្លេសដែលមានចំណងជើងថា“TheDonutKing”បោះឆ្នាំ២០១៨។
សំណៅជាភាសាខ្មែរត្រូវបានសម្របសម្រួលគម្រោងបកប្រែដោយអ្នកគ្រូម៉ៅសំណាង(ទន្សាយ)ព្រមទាំងក្រុមការងារសៀវភៅជីវិតជាច្រើននាក់ទៀត។សៀវភៅ“ស្តេចនំដូណាត់”ដែលមានជិត៣០០ទំព័រនិយាយពីជីវិតតស៊ូរបស់លោកតឹកង៉ូយក្នុងឆាករៀនសូត្រជីវិតស្នេហាការធ្វើនយោបាយការធ្វើជំនួញការបណ្តុះធនធានមនុស្ស រហូតដល់ការជួយអភិវឌ្ឍប្រទេសជាតិ៕S/
ចំណងជើងរូបថត៖ លោក តឹក ង៉ូយ ក្នុងពេលសម្ពោធសៀវភៅ “ស្តេចនំដូណាត់”(រូប សុផល)