ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំបង្កើត និងដំណើរការគណៈកម្មការ ប្រដាល់សកលអាជីព “Cambodia Professional Boxing Commission” ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រ ស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ។
ការប្រកាសជាផ្លូវការ នៃការបង្កើតការគណៈកម្មការ ប្រដាល់សកលអាជីពកម្ពុជានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៥ កុម្ភៈ នាទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួម ធ្វើជាសាក្សី ពីសំណាក់លោក អ៊ុក ឌីវ៉ង អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា លោកសាស្ត្រាចារ្យ ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សកលកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមជម្រើសជាតិកីឡា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា បានទទួលការគាំទ្រ ជាប្រធានគណៈកម្មការ ប្រដាល់សកលអាជីព បាននិយាយថា គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា ស្ថិតក្រោមអាណាព្យាបាល របស់សហព័ន្ធប្រដាល់សកលកម្ពុជា ការបង្កើតគណៈកម្មការប្រដាល់សកលអាជីពនេះ ធ្វើឡើងគឺស្របតាម ផែនការយុទ្ធសាស្ត្រ ស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ ប្រដាល់សកលនៅកម្ពុជា ពុំសូវមានសកម្មភាពឡើយ ព្រោះនៅតាមសង្វៀន របស់ស្ថានីយ៍ទូរទស្សន៍នានា គេត្រូវការ តែប្រដាល់គុនខ្មែរ តែប៉ុណ្ណោះ ។ ស្ថានភាពបែបនេះហើយ ទើបមិនសូវមានអ្នកហ្វឹកហាត់ ប្រដាល់សកល ហើយអ្នកខ្លះ បន្ទាប់ពីហាត់ប្រដាល់សកលហើយ គេរត់ទៅហាត់ប្រដាល់គុនខ្មែរវិញ ឯខ្លះទៀត ហាត់ប្រដាល់សកល តែគេបែរជាទៅលួចប្រកួតប្រដាល់ គុនខ្មែរទៅវិញ។
លោក ប៊ុយ សោភ័ណ្ឌ បានបង្ហើបថា ប្រសិនបើប្រដាល់សកលអាជីព នៅតែគ្មានសង្វៀនប្រកួត នៅក្នុងស្រុកនោះ សហព័ន្ធ និងគណៈកម្មការ ប្រដាល់អាជីពកម្ពុជា នឹងបញ្ជូនពួកគេ ឲ្យទៅហាត់ និងប្រកួត នៅប្រទេសជប៉ុន ។ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិគ្រប់គ្រង រៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់ សកលអាជីព នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា គ្រប់គ្រង និងដឹកនាំកីឡាករ កីឡាការិនី ប្រដាល់សកលអាជីព ចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ ស្របតាមបទប្បញ្ញត្តិ របស់ស្ថាប័នកីឡាប្រដាល់ សកលអាជីពអន្តរជាតិ។
ចំពោះសមាជិក គណៈកម្មការនាយក នៃគណៈកម្មការប្រដាល់ សកលអាជីពកម្ពុជា ១០ រូប ដែលក្នុងនោះ មានជនជាតិកម្ពុជាតែ ២ រូបប៉ុណ្ណោះ ចំពោះ ៨ រូបទៀត សុទ្ធតែជាជនជាតិជប៉ុន ។ សមាជិកទាំង ១០ រូបនោះ រួមមាន លោក ប៊ុយ សុភ័ណ ជាប្រធាន លោក Motohashi Yukiharu អនុប្រធាន លោក Isobe Masahiro នាយកប្រតិបត្តិ លោក ហ៊ុន ដាវីរតនា នាយករងប្រតិបត្តិ លោកស្រី Motohashi Yuko លោក Motohashi Ryotaro លោក Motohashi Taiga លោក Kamehashi Nagakazu លោក Fukuda Akira និងលោក Takamori Jou៕v