ស្រាវជ្រាវ ប្រែសម្រួល: មេសា / ភ្នំពេញ: ទិវាសេរីភាព កូវ៉ែត ធ្វើនៅថ្ងៃទី ២៦ ខែ កុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែល កូវ៉ែត បានឈ្នះសង្គ្រាមលើ អ៊ីរ៉ាក់ ហើយ អ៊ីរ៉ាក់ បានដកកងទ័ពចេញពី កូវ៉ែត ឆ្នាំ ១៩៩១ បន្ទាប់ពីសង្គ្រាមនេះបានផ្ទុះឡើងអស់រយៈពេលជាង ៥ ខែ ដោយមានការអន្តរាគមន៍ពី សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តចំនួន ៣៤ ជាតិសាសន៍ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ប្រទេសកូវ៉ែត មានផ្ទៃដីទំហំ ១៧.៨២០ (១៧.៨១៨ ? ) គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ មានព្រំដែនជាប់ឈូងសមុទ្ទពែក ចន្លោះប្រទេស អ៊ីរ៉ាក់ និង អារ៉ាប៊ី សាអ៊ូឌីដ ។ នៅឆ្នាំ២០២០ មានប្រជាជនជាង ៤ លាននាក់ ជាអ្នកកាន់សាសនា អ៊ីស្លាម ហិណ្ឌូ គ្រិស្ត និង ពុទ្ធសាសនា ភាសាផ្លូវការគឺ ភាសាអារ៉ាប់ រដ្ឋធានីគឺទីក្រុង កូវ៉ែត ។
ប្រវត្តិសាស្ត្រ-អាណានិគម និង ឯករាជ្យពីអង់គ្លេស
នៅក្នុងឆ្នាំ ១៦១៣ ទីក្រុង កូវ៉ែត ត្រូវបានស្ថាបនាឡើង ។ បើគិតតាមប្រព័ន្ធគ្រប់គ្រង ទីក្រុង កូវ៉ែត គឺជាផ្នែកមួយ នៃ អាណាចក្រ ដែលគ្រប់គ្រងដោយខ្សែរាជវង្ស អារ៉ាប់ ។ ឆ្នាំ ១៧១៦ កុលសម្ព័ន្ធ បានី អ៊ូទូប ( អារ៉ាប់ ) បានបោះទីតាំងនៅទីក្រុង កូវ៉ែត ដែលពេលនោះមានអ្នកនេសាទប៉ុន្មាននាក់ប៉ុណ្ណោះរស់នៅ ហើយដែលទីនោះបានដើរតួនាទីត្រឹមតែជាភូមិនេសាទ ប៉ុណ្ណោះ ។ នៅអំឡុងសតវត្សរ៍ទី ១៨ កូវ៉ែត មានការចម្រើនលូតលាស់ហើយក៏ចេះតែកើនឡើងជាមណ្ឌលពាណិជ្ជកម្មសម្រាប់ដោះដូរដឹកជញ្ជូនទំនិញរវាង ឥណ្ឌា , មូស្កាត់ , បាកដាត និង អារ៉ាប៊ី ។ គិតត្រឹមអំឡុងទសវត្សរ៍ ១៧០០ កូវ៉ែត បានប្រែក្លាយទៅជាវិថីពាណិជ្ជកម្មដ៏សំខាន់សម្រាប់ឈូងសមុទ្ទពែក ទៅកាន់ ទីក្រុង អាឡេប៉ូ នៃ ប្រទេស ស៊ីរី ។
នៅអំឡុងសម័យសង្គ្រាម អូតូម៉ង់ និង ជនជាតិ ពែក ពីឆ្នាំ ១៧៧៥-១៧៧៩ ពាណិជ្ជករ អ៊ីរ៉ាក់ បានភៀសខ្លួនទៅក្នុងទឹកដី កូវ៉ែត ហើយពួកគេបានក្លាយជាផ្នែកដ៏សំខាន់ នៃ ការ ស្ថាបនា កប៉ាល់ និង ការពង្រីកសកម្មភាពពាណិជ្ជកម្មរបស់ កូវ៉ែត ហើយជាលទ្ធផល ពាណិជ្ជកម្មតាមសមុទ្ទរបស់ កូវ៉ែត មានសម្ទុះយ៉ាងខ្លាំងក្លា និង ឆាប់រហ័ស ខណៈពាណិជ្ជកម្មឥណ្ឌា ជាមួយ បាកដាត នៃ ប្រទេស អ៊ីរ៉ាក់ , អាឡេប៉ូ , ទីក្រុង ស្មៀរណា របស់ ក្រិក និង ទីក្រុង កុងស្តង់ទីណូប្ល៍ នៃ ចក្រភព រ៉ូម៉ាំង ត្រូវបានបង្វែរទៅ កូវ៉ែត នាអំឡុងពេលនោះដែរ ។
ជាមួយគ្នានោះ ក្រុមហ៊ុ ឥណ្ឌា ( ឬ អង់គ្លេស ឥណ្ឌា ) ខាងកើត ត្រូវបានបង្វែរ ទៅ កូវ៉ែត នៅក្នុងឆ្នាំ ១៧៩២ ។ ក្រុមហ៊ុន នេះ បានដើរតួនាទីជាង្នកការពារសុវត្ថិភាពផ្លូវសមុទ្ទពី កូវ៉ែត , ឥណ្ឌា និង ឆ្នេរខាងកើត នៃ អាហ្វ្រិក ។ បន្ទាប់ពីជនជាតិ ពែក ( អ៊ីរ៉ង់ ) បានដកចេញពីតំបន់ Basra នៃ ប្រទេស អ៊ីរ៉ាក់ នាឆ្នាំ ១៧៧៩ ទៅ កូវ៉េត នៅតែបន្តទាក់ទាញពាណិជ្ជកម្មចេញពី Basra នោះតទៅទៀត ។
កូវ៉ែត គឺជាមជ្ឈមណ្ឌលស្ថាបនា កប៉ាល់ នៅក្នុងតំបន់ឈូងសមុទ្ទពែក ។ នៅអំឡុងចុងសតវត្សរ៍ទី ១៨ និង ទី ១៩ កប៉ាល់ ដែលត្រូវបានផលិតនៅក្នុង កូវ៉ែត បានដឹកជញ្ជូនទំនិញពាណិជ្ជកម្មរវាងកំពង់ផែ ឥណ្ឌា , អាហ្វ្រិក ខាងកើត និង សមុទ្ទក្រហម ។ កប៉ាល់ដែលផលិតនៅ កូវ៉ែត ល្បីល្បាញពាសពេញតំបន់មហាសមុទ្ទ ឥណ្ឌា ដូច្នេះ វាបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញភាពរុងរឿង នៃ សេដ្ឋកិច្ច កូវ៉ែត ។ កូវ៉ែត បានកសាងកិត្តិនាមថាជាអ្នកដើរសមុទ្ទដ៏ឆ្នើមបំផុតនៅឈូងមសុទ្ទ ពែក ។
យុគសម័យមាស-ធ្លាក់ក្រោមកិច្ចការពាររបស់អង់គ្លេស
ដោយសារភាពសម្បូររុងរឿង កិត្តិនាមដ៏រន្ទឺ និង ទីតាំងដ៏សំខាន់ របស់ កូវ៉ែត ដូចដែលបានលើកឡើងមកនេះ នៅក្នុងទសវត្សរ៍ ១៨៩០ កូវ៉ែត បានរងការគំរាមកំហែពីសំណាក់ ចក្រភព អូតូម៉ង់ ( ទួកគី ) គឺ អូតូម៉ង់ ចង់លេបត្របាក់យក កូវ៉ែត ធ្វើជាចំណុះរបស់ខ្លួន ។
ដូច្នេះ ដើម្បី ធ្វើឱ្យប្រាកដនូវបញ្ហាសន្តិសុខរបស់ខ្លូន ព្រះអង្គម្ចាស់ មូបារ៉ាក់ អាល សាបាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយជាមួយរដ្ឋាភិបាលអង់គ្លេស នៅ ឥណ្ឌា នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៨៩៩ ដែលក្រោយមកត្រូវបានគេស្គាល់ថា កិច្ចព្រមព្រៀង អង់គ្លេស-កូវ៉ែត ១៨៩៩ ហើយតាមរយៈកិច្ចព្រមព្រៀងមនោះ កូវ៉ែត ក៏បានក្លាយជារដ្ឋក្រោមកិច្ចការពារ ( អាណានិគម ) របស់អង់គ្លេស ។ នៅក្នុងកិច្ចព្រមព្រៀងនោះ អង់គ្លេស សន្យាថានឹងការពារបូរណភាពទឹកដី កូវ៉ែត ហើយជាការតបស្នងទៅវិញ នូវការរឹតបន្តឹងអំណាចបរទេសនៅក្នុងដែនដី និង កិច្ចការបរទេស នៃ ដែនដី កូវ៉ែត ។
ដូច្នេះវាបានផ្តល់អោយអង់គ្លេស នូវភាពឯក ក្នុងការប្រតិបត្តិពាណិជ្ជកម្មជាមួយ កូវ៉ែត និង ផាត់ចោល អ៊ីរ៉ាក់ ឱ្យទៅខាងជើង ពីកំពង់ផែមួយនៅឈូងសមុទ្ទពែក ។
បន្ទាប់ពីសង្គ្រាម កូវ៉ែត-ណាច ពីឆ្នាំ ១៩១៩-១៩២០ ទៅ ស្តេច អារ៉ាប៊ី សាអ៊ូឌីដ អាប់ឌុលឡាស៊ីស បានដាក់បម្រាមពាណិជ្ជកម្មប្រឆាំង កូវ៉ែត ពីឆ្នាំ ១៩២៣ រហូតដល់ឆ្នាំ ១៩៣៧ ។ គោលបំណងរបស់ ស្តេចអង្គនោះ ក្នុងការវាយប្រហារទៅលើ កូវ៉ែត ទាំងផ្នែកសេដ្ឋកិច្ច និង កងទ័ព គឺដើម្បី រំលាយ កូវ៉ែត ឱ្យបានច្រើនតាមដែលអាច ឱ្យទៅជាទឹកដី អារ៉ាប៊ី សាអ៊ូឌីដ ។
នៅក្នុងសន្និសី អ៊ុយហ្ការ នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩២២ ព្រំដែន កូវ៉ែត និង ណាច ត្រូវបានកំណត់ដោយគ្មានតំណាង កូវ៉ែត ចូលរួម គឺមានតែអង់គ្លេសប៉ុណ្ណោះ ។ ស្តេច អារ៉ាប៊ី បានបញ្ចុះបញ្ចូលលោក Percy cox ដែលជាតំណាងអង់គ្លេស ឱ្យប្រគល់ទឹកដី កូវ៉ែត ២ ភាគ ៣ ទៅឱ្យអ៊ុយហ្ការ ។ ដូច្នោះ ទឹកដី កូវ៉ែត ជាងពាក់កណ្តាល បានបាត់បង់ទៅក្នុងកណ្តាប់ដៃ អ៊ុយហ្ការ ( ទិក្រុង បុរាណ របស់ អារ៉ាប៊ី សាអ៊ូឌីដ ) ។ បន្ទាប់ពីសន្និសីទនោះហើយ កូវ៉ែត នៅតែជាប្រធានបទ នៃ ការរាំងខ្ទប់សេដ្ឋកិច្ចពី សាអ៊ូឌី នៅឡើយ ។
វិបត្តិសេដ្ឋកិច្ច និង ការរកឃើញរ៉ែប្រេងកាត
ក៏ដូចជាសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានាក្នុងលោកដែរ សេដ្ឋកិច្ចរបស់ កូវ៉ែត ក៏រងការបាក់ស្រុតយ៉ាងខ្លាំងដោយសារតែឥទ្ធិពល នៃ មហាវិបត្តិសេដ្ឋកិច្ច ដែលបានចាប់ផ្តើមពីអំឡុងទសវត្សរ៍ ១៩២០ ដែរ ។ ពាណិជ្ជកម្មអន្តរជាតិ គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ កូវ៉ែត ។ ពាណិជ្ជករ កូវ៉ែត គឺជាឈ្មួញកណ្តាល គឺមិនមែនជាអ្នកផលិតឡើយ ។ ហេតុនេះ ការធ្លាក់ចុះ នៃ ការបញ្ជាទិញរបស់ អឺរ៉ុប ចំពោះទំនិញ ឥណ្ឌា និង អាហ្វ្រិក បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ កូវ៉ែត ។ ប៉ុន្តែគ្រួសារពាណិជ្ជករជនជាតិ កូវ៉ែត ខ្លះបានក្លាយជាអ្នកមានបាន ពីឱនភាពពាណិជ្ជកម្មអន្តរជាតិ នោះទៅវិញ តាមរយៈការគេចពន្ធមាសដោយកប៉ាល់ជនជាតិ កូវ៉ែត ទៅកាន់ ឥណ្ឌា ។
កូវ៉ែត គឺជាប្រភពត្បូងគជ់ ដ៏ច្រើនមហិមា ដោយនៅក្នុងសម័យកាលដែលវាបានឡើងដល់ចំណុចកំពូល ឧស្សាហកម្មគជ់ របស់ កូវ៉ែត បាននាំឱ្យមានផាសុកភាព នៃ ទីផ្សារពិភពលោក ដោយវាត្រូវបានដឹកជញ្ជូនពីចន្លោះ ៧៥០ ទៅ ៨០០ កប៉ាល់ ដើម្បី បំពេញតម្រូវការរបស់អភិជនអឺរ៉ុប ។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចពាសពេញពិភពលោក ត្បូងគជ់របស់ កូវ៉ែត បានក្រឡាប់ចាក់ដែរ ដោយសារតម្រូវការ គជ់ មានចំនួនតិចតួចប៉ុណ្ណោះ ។ ម្យ៉ាងទៀត គជ់ កែច្នៃរបស់ ជប៉ុន ក៏បានរួមចំណែកនាំឱ្យមានការដួលរលំ នៃ ឧស្សាហកម្ម គជ់ កូវ៉ែត ដែរ ។
ខណៈដែលពិភពលោក កំពុងធ្លាក់ខ្លួនបែបនោះ នៅឆ្នាំ ១៩២១ ព្រះអង្គម្ចាស់ អាហម៉ាដ់ អាល់-ចាប៊ើរ៍ អាល់-សាបាស់ បានក្លាយជាអ្នកគ្រប់គ្រង កូវ៉ែត ហើយខណៈឆ្នាំ ១៩៣២ ប្រទេស បារ៉ែន ដែលជាអ្នកជិតខាង បានរកឃើញ រ៉ែប្រេងកាត អ្នកដឹកនាំ និង ប្រជាជន កូវ៉ែត ក៏ចាប់ផ្តើមសង្ស័យ និង ជឿជាក់ថា ទឹកដីរបស់ពួកគេក៏មាន រ៉ែប្រេងកាត់ដែរ ។ ហេតុនោះ រ៉េប្រេងកាត បានក្លាយជាក្តីរំពឹងថ្មីមួយដ៏សំខាន់បំផុតសម្រាប់ កូវ៉ែត ។
បន្ទាប់ពីរកឃើញ រ៉េប្រេងកាត មក ការរុករក រ៉ែប្រេងកាត នៅតែបន្តធ្វើនៅក្នុងទឹកដី បារ៉ែន ហើយក៏នាំឱ្យមានការផ្តោតអារម្មណ៍ហួសចូលទៅលើតំបន់ ប៊ួរហ្កាន់ នៃ ទឹកដី កូវ៉ែត ។ ទីបំផុត រ៉ែប្រេងកាត ត្រូវបានរកឃើញនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៩៣៨ នៅតំបន់វាល ប៊ូរហ្កាន់ ហើយ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៤៦ កូវ៉ែត បាននាំប្រេងកាតចេញជាលើកដំបូង របស់ខ្លួន។
ដូច្នោះ ក្តីសង្ឃឹមរបស់ក កូវ៉ែត កាលពីប៉ុន្មានឆ្នាំមុន ពេលនេះបានក្លាយជាការពិតហើយ ដោយគិតត្រឹមឆ្នាំ ១៩៥២ ប្រទេសនេះ បានក្លាយជាអ្នកនាំចេញប្រេងកាតធំជាងគេបំផុត នៅតំបន់ ឈូងសមុទ្ទពែក ហើយតាមរយៈការនាំចេញប្រេងកាតនោះ ធ្វើឱ្យសេដ្ឋកិច្ចរបស់ កូវ៉ែត មានសន្ទុះយ៉ាងខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទំនើបៗត្រូវបានស្ថាបនាឡើងចាប់ពីឆ្នាំ១៩៤៩ ធ្វើអោយប្រជាជាតិ កូវ៉ែត មានការយល់ដឹងក្នុងកម្រិតមួយខ្ពស់ដែលពុំធ្លាប់មានពីមុនមក រហូតនាំឱ្យមានការផ្លាស់ប្តូរផ្នែករដ្ឋបាលចាប់ផ្តើមពីឆ្នាំ១៩៥៤ ។
ឆ្នាំ ១៩៥៨ ទស្សនាវដ្តី Al-Arabi ត្រូវបានបង្កើតឡើងមុនគេនៅអារ៉ាប់ ហើយនៅតែបន្តល្បីល្បាញពាសពេញពិភពអារ៉ាប់ ។ អ្នកនិពន្ធជាច្រើននៅពិភពអារ៉ាប់ បាននាំគ្នាចូលទៅរស់នៅក្នុងប្រទេស កូវ៉ែត ក៏ព្រោះតែពួកគេរីករាយនឹងសេរីភាពច្រើនបំផុត ដែលគ្មានទីណា នៃ ពិភពអារ៉ាប់ អាចរកបាន ។ ជាក់ស្តែកវីនិពន្ធអ៊ីរ៉ាក់ លោក Ahmed Matar ក៏បានចាកចេញពី អ៊ីរ៉ាក់ ទៅបញ្ចេញថ្វីដៃនៅលើទឹកដី កូវ៉ែត នាអំឡុងពេលនោះដែរ ។ សង្គម កូវ៉ែត មានសេរីភាពតាមបែបពួកលោកខាងលិច ពីចន្លោះទសវត្សរ៍ ១៩៦០ និង ១៩៧០ ដែលគេអាចមើលឃើញបានតាមរយៈស្ត្រី កូវ៉ែត មិនពាក់ក្រណាត់ទទូរក្បាលតាមប្រពៃណី អ៊ីស្លាម ជាដើម ។
កូវ៉ែត ត្រូវបានចាត់ទុកថាជាប្រទេសអភិវឌ្ឍបំផុតនៅក្នុងតំបន់ នាអំឡុងទសវត្សរ៍ ១៩៦០ និង ១៩៧០ , សារព័ត៌មាន កូវ៉ែត ត្រូវបានចាត់ទុកថាជាសារព័ត៌មានដែលមានសេរីភាពបំផុតមួយរបស់ពិភពលោក ។ ទសវត្សរ៍ ១៩៧០ កូវ៉ែត ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានការអភិវឌ្ឍធនធានមនុស្សខ្ពស់បំផុតនៅក្នុងពិភពអារ៉ាប់ ។ សកលវិទ្យាល័យ កូវ៉ែត ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ។ ប្រពៃណីវប្បធម៌ កូវ៉ែត បានរីកស្គុះស្គាយ ជាក់ស្តែងល្ខោនរបស់ កូវ៉ែត ល្បីល្បាញពាសពេញពិភពលោកអារ៉ាប់ ។
ទទួលបានឯការជ្យ
ដោយសារស្ថានភាព កូវ៉ែត មានការផ្លាស់ប្តូរទាំងស្រុងបែនេះ អ្នកគ្រប់គ្រង កូវ៉ែត ពេល នោះគឺព្រះអង្គម្ចាស់ Abdullah Al-Salem Al-Sabah យល់ថា កិច្ចព្រមព្រៀងជាមួយ ចក្រភពអង់គ្លេស កាលពីឆ្នាំ ១៨៩៩ នោះបានអស់សុពលភាពហើយ ទើបលោកបានស្នើរកកិច្ចព្រមព្រៀងថ្មីមួយ ។ នៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ១៩៦១ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា រវាងលោក ព្រះអង្គម្ចាស់រូបនោះ និង រដ្ឋាភិបាលអង់គ្លេស ហើយគឺកិច្ចព្រមព្រៀងនោះឯងហើយដែលបានធ្វើឱ្យ កូវ៉ែត ក្លាយជារដ្ឋឯករាជ្យ និង ជាប្រទេសរាជានិយម ។
មួយឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៦២ កូវ៉ែត បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ របស់ខ្លួន នៅថ្ងៃទី ១៩ ខែ មិថុនា ដើម្បី រំឭកដល់ថ្ងៃ ដែលប្រទេស នេះបានឯករាជ្យពីចក្រភពអង់គ្លេសដូចដែលបានពោលខាងលើ ។
ប៉ុន្តែនៅក្នុងខែ មិថុនា នាប្រទេស កូវ៉ែត ជារយៈកាលដែលអាកាសធាតុក្តៅខ្លាំង ដូច្នេះទើបមួយឆ្នាំក្រោយមក ពោលគឺឆ្នាំ ១៩៦៣ ពួកគេបានសម្រេចចិត្តលើកថ្ងៃទីវាបុណ្យឯករាជ្យ ជាតិ នេះពីថ្ងៃទី ១៩ ខែ មិថុនា ទៅធ្វើនៅថ្ងទី ២៥ ខែ កុម្ភៈ វិញ ហើយបានផ្លាស់ ប្តូរពី ទីវាឯករាជ្យជាតិ មកជា ទិវាជាតិ កូវ៉ែត រហូតមក ។
ថ្ងៃបុណ្យឯករាជ្យជាតិ នេះ គឺជាទិវាមួយដែលព្រះអង្គម្ចាស់ Abdullah Al-Salem Al-Sabah បានប្រើប្រាស់សម្រាប់ទាមទារឯករាជ្យពីចក្រភពអង់គ្លេសមកជូន កូវ៉ែត វិញផង ហើយក៏ជាថ្ងៃដែលទ្រង់បានឡើងគង់លើរាជបល្ល័ង្ក នៃ ព្រះរាជាណាចក្រ កូវ៉ែត ដែរ ។
ស្ថិតក្រោមអំណាចរដ្ឋធម្មនុញ្ញដែលទើបតែត្រូវបានព្រាងឡើងថ្មីៗ កូវ៉ែត បានប្រារព្ធការបោះឆ្នោតជ្រើសរើសសមាជិកសភាជាតិរបស់ខ្លួននៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៩៦៣ ដោយមានបេក្ខជន ២០៥ នាក់ ដណ្តើមយកអាសនៈចំនួន ៥០ ហើយ កូវ៉ែត គឺជារដ្ឋទី ១ នៃ រដ្ឋអារ៉ាប់ នៅ ឈូងសមុទ្ទពែក ដែលបានបង្កើតសភាធម្មនុញ្ញរបស់ខ្លួន ។
សង្គ្រាមឈូងសមុទ្ទពែក
នៅដើមទសវត្សរ៍ ១៩៨០ កូវ៉ែត បានជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធំធេង បន្ទាប់ពីផ្សារភាគហ៊ុន Souk Al-Manakh បានធ្លាក់ចុះដោយសារតែការធ្លាក់ចុះ នៃតម្លៃប្រេង ។
នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៨០ (ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៨៨ ) សង្គ្រាម បានឆាបឆេះឡើង នៅពេល អ៊ីរ៉ាក់ ចូលលុកលុយ អ៊ីរ៉ង់ ដែលពេលនោះ កូវ៉ែត ឈរនៅខាង អ៊ីរ៉ាក់ ។ ដូច្នេះ តំបន់ជាច្រើន នៃ ទឹកដី កូវ៉ែត បានរងការវាយប្រហារ ។
អំឡុងទសវត្សរ៍ ១៩៦០ និង ១៩៧០ កូវ៉ែត គឺជាបណ្តុំ នៃ វិទ្យាសាស្ត្រ និង បច្ចេកវិជ្ជា រហូតដល់ដើមទសវត្សរ៍ ១៩៨០ ទើបវិស័យស្រាវជ្រាវវិទ្យាសាស្ត្របានរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារភេវរកម្ម ។
នៅពេលសង្គ្រាម អ៊ីរ៉ាក់-អ៊ីរ៉ង់ បានបញ្ចប់ទៅនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៨៨ កូវ៉ែត បានបដិសេធនូវសំណើរបស់ អ៊ីរ៉ាក់ ដែលបានសុំឱ្យលើកលែងបំណុល ៦៥ ពាន់លានដុល្លារអាមេរិក ។
បន្ទាប់ពីទទួលបានឯករាជភាពពីអង់គ្លេសមក មិនទាំងបានប៉ុន្មានផង អ៊ីរ៉ាក់ ដែលជាប្រទេសធំមួយជិតខាងនឹង កូវ៉ែត ជាញឹកញាប់បានអះអាងថា កូវ៉ែត គឺជាអាណាខេត្តមួយរបស់ខ្លួន ។ ប៉ុន្តែ កូវ៉ែត មិនដែលទទួលព្រមតាមការអះអាងរបស់ អ៊ីរ៉ាក់ ម្តងណាឡើយ គឺតែងតែបង្ហាញឆន្ទៈ នៃ ការធ្វើជារដ្ឋឯករាជ្យ និង មានអធិបតេយ្យភាពមួយ ។
បណ្តាប្រទេសលោកខាងលិច ស្រេកឃ្លានយ៉ាងខ្លាំងនូវរ៉ែប្រេងកាតសម្រាប់ចិញ្ចឹមក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ពួកគេ ។ មជ្ឈិមបូព៌ាគឺជាគោលដៅ នៃ ការស្វែងរករ៉ែប្រេងកាត ក៏បង្កបង្កើតជាជម្លោះឈ្លោះទាស់ទែងគ្នាយ៉ាងស្មុគស្មាញនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ទាំង អ៊ីរ៉ាក់ និង កូវ៉ែត សុទ្ធតែជាប្រទេសសេដ្ឋីប្រេងកាត ហើយប្រទេសទាំងពីនេះតែងតែមានបញ្ហាទំនាស់ប្រេងកាតជាហូរហែហើយបញ្ហាប្រេងកាតនេះ បានដុតកម្តៅ ឱ្យទំនាស់ រវាងប្រទេស អ៊ីរ៉ាក់ និង កូវ៉ែត ទៅជាកាន់តែធ្ងន់ធ្ងរទៅៗ ។
ប្រធានាធិបតី សាដាំ ហ៊ូសេន នៃ ប្រទេស អ៊ីរ៉ាក់ ដែលជាអ្នកកំពុងបង្ហាញខ្លួនជាអ្នកដឹកនាំពិភពមូស្ល៊ីមនៅមជ្ឈិមបូព៌ា មានបំណងចង់តទល់នឹងអំណាចរបស់លោកខាងលិច ដែលតែងតែកកូរកកាយអុកឡុកត្រួតត្រាមជ្ឈិមបូព៌ានោះ ក៏មាននិន្នាការផ្អឹបប្រេងកាតខ្លះ ពោលគឺការនាំប្រេងកាតទៅលក់ឱ្យប្រទេសលោកខាងលិចក្នុងកម្រិតមួយ គឺ ដើម្បី តថ្លៃជាមួយមហាអំណាចលោកខាងលិចកុំឱ្យឡើងចាងខ្លាំងពេកចំពោះមជ្ឈិមបូព៌ា ។ ប៉ុន្តែ កូវ៉ែត មិនបានធ្វើបែបនេះឡើយ គឺបែរជាបូមប្រេងកាតយ៉ាងច្រើនជាងមុនលក់ទៅឱ្យលោកខាងលិច គឺកើនឡើងដល់ទៅជាប្រមាណជា ៤០ ភាគរយឯណោះ ។
ប្រការនេះអាចថា មកពី កូវ៉ែត គិតថា គ្មានហេតុផលអ្វីត្រូវស្តាប់ឱវាទ អ៊ីរ៉ាក់ ដែលតែងតែស្រេកឃ្លានចង់លេបត្របាក់ខ្លួន ( កូវ៉ែត ) ហើយក៏ចាត់ទុកថានោះគឺជាឱកាសដែលត្រូវពង្រឹងខ្លួនឱ្យខ្លាំងពូកែមួយកម្រិតទៀត ដើម្បី តទល់ជាមួយ អ៊ីរ៉ាក់ ។ ប៉ុន្តែជាទូទៅ ត្រូវបានគេមើលឃើញថា មកពីថ្នាក់ដឹកនាំ កូវ៉ែត ផុងខ្លួនទៅខាងមហាអំណាចលោកខាងលិច ហើយត្រូវការលោកខាងលិចជាខ្នងរបស់ខ្លួន ដោយគិតថា មានមហាអំណាចលោកខាងលិច ជាបង្អែកនោះ អ៊ីរ៉ាក់ មុខជានឹងមិនហ៊ានធ្វើអ្វីឡើយ ។
ប៉ុន្តែការគិតរបស់ពួកគេផ្ទុយទាំងស្រុង ដូច្នេះទង្វើរបស់ពួកគេ មិនត្រឹមតែមិនបានធ្វើឱ្យ សាដាំ ហ៊ូសេន ក្រែងរអាឡើយ ថែមទាំងបញ្ឆេះចិត្ត សាដាំ ទៀតផង ។ សាដាំ ហ៊ូសេន បានចោទ កូវ៉ែត ថាជាអ្នកបំផ្លាញធនធានរ៉ែប្រេងកាតនៅមជ្ឈិមបូព៌ា ។ ហេតុនេះ ដើម្បី ទប់ទល់លោកខាងលិច អ៊ីរ៉ាក់ ត្រូវតែយក កូវ៉ែត ទៅត្រួតត្រា ។
ទីបំផុតសង្គ្រាមរវាងប្រទេស កូវ៉ែត ដែលចង់ការពារខ្លួន និង ប្រទេស អ៊ីរ៉ាក់ ដែលចង់យក កូវ៉ែត ធ្វើជាអាណាខេត្តរបស់ខ្លួន ដោយមានបញ្ហាទំនាស់ផលប្រយោជន៍ប្រេងកាតនៅពីមុខ និង ពីក្រោយខ្នងផងនោះ បានផ្ទុះឆាបឆេះសន្ធោសន្ធៅឡើង ។ នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៩៩០ ប្រធានាធិបតី អ៊ីរ៉ាក់ លោក សាដាំ ហ៊ូសេន បានបញ្ជាឱ្យកងទ័ព អ៊ីរ៉ាក់ បើកការលុកលុយប្រទេស កូវ៉ែត ដោយការទម្លាក់គ្រាប់បែកទៅលើទីក្រុង កូវ៉ែត ដែលជារដ្ឋធានីរបស់ប្រទេស កូវ៉ែត ដែលពេលនោះ កូវ៉ែត មានកងទ័ពប្រមាណជា ១៦.០០០ នាក់ ហើយសង្គ្រាមនោះត្រូវបានគេហៅថា សង្គ្រាម ឈូង សមុទ្ទពែក ។
មុនសង្គ្រាមនោះ កូវ៉ែត មានកងទ័ពអាកាសប្រមាណជា ២.២០០ នាក់ ដោយមានយន្តហោះចម្បាំង ៨០ គ្រឿង និង ឩទ្ធមម្ភាគចក្រ ៤០ គ្រឿង ជាចំនួនដែលមិនអាចទប់ទល់នឹងកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ អ៊ីរ៉ាក់ បានឡើយ ដោយបន្ទាប់ពីចប់សង្គ្រាម អ៊ីរ៉ង់-អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៨ មក អ៊ីរ៉ាក់ បានក្លាយជាប្រទេសដែលមានកងទ័ពច្រើនបំផុតលំដាប់លេខបួនក្នុងលោកដោយមានកងទ័ព មួយលាន ប្រាំមួយសែន ប្រាំ ពាន់ នាក់ រថក្រោស ៤.៥០០ គ្រឿង យន្តហោះចម្បាំង ៤៨៤ គ្រឿង និង ឩទ្ធម្ភាគចក្រ ២៣២ គ្រឿង (ឯកសារខ្លះថាអ៊ីរ៉ាក់កម្លាំងយោធោធំជាងនេះ) ។
នៅពេលដែល អ៊ីរ៉ាក់ ចូលកាន់កាប់ កូវ៉ែត នោះ ការផ្គត់ផ្គង់ប្រេងកាតទៅបណ្តាប្រទេសលោកខាងលិច ដែលមានអាមេរិក ជាប្រមុខ មានសភាពដុនដាប ដែលបានសេចក្តីថា លោកខាងលិច ជាពិសេស អាមេរិក មិនអាចបញ្ជាប្រេងកាតបានដូចបំណងទៀតទេ ហើយប្រសិនបើត្រូវការប្រេងកាតទៀតនោះ គឺពួកគេត្រូវតែកុំក្អេងក្អាងចំពោះ អ៊ីរ៉ាក់ និយាយដាច់ដោយឡែក និង ត្រូវបន្ទន់ឥរិយាបថចំពោះមជ្ឈិមបូព៌ា និយាយជារួម ដែលជាសរុបទៅបានសេចក្តីថា លោកខាងលិច ជាពិសេសអាមេរិក បាត់បង់អំណាចមួយចំនួននៅមជ្ឈិមបូព៌ា ។
អាមេរិកចូលខ្លួនក្នុងសង្គ្រាម
តាមពិតអាមេរិក តែងតែចង់បានទាំង អ៊ីរ៉ាក់ និង កូវ៉ែត ធ្វើជាម្ព័ន្ធមិត្ត ក៏ព្រោះតែអាមេរិកសម្លឹងឃើញផលប្រយោជន៍មួយចំនួន ដូចជា ប្រេងកាត និង មនោគម វិជ្ជានយោបាយ ហើយអាចជាជំហានទៅរកប្រយោជន៍សសនាផងដែរ ។ ប៉ុន្តែ អ៊ីរ៉ាក់ មិនសូវអើពើ និង មិនសូវសហការជាមួយ អាមេរិក ឡើយ ព្រោះ អ៊ីរ៉ាក់ មិនចង់ឱ្យ ឬ ក៏ស្អប់អាមេរិកកកូរកកាយរឿងសុខទុក្ខរបស់ អ៊ីរ៉ាក់ ក៏ដូចជាការកាងអំណាចនៅមជ្ឈិមបូព៌ា ។ ស្តែងចេញពីប្រការទាំងនេះជាដើម អាមេរិក បានចាត់ទុក សាដាំ ហ៊ូសែន ជាជនផ្តាច់ការ ហើយតែងតែមានបំណង ដកបន្លាចេញពីផ្លូវ គឺ សាដាំ ហ៊ូសេន ចេញពីតំណែង ។
ខុសពី អ៊ីរ៉ាក់ បន្តិច កូវ៉ែត ដែលដឹងថាខ្លួនខ្លាំងសេដ្ឋកិច្ច ប៉ុន្តែកម្លាំងយោធាមិនខ្លាំងគ្រប់គ្រាន់ តែងតែមានទំនោររកទីពំនាក់ពីប្រទេសធំៗដូចយ៉ាងអាមេរិក ជាដើម ។ អាមេរិក បានឆក់យកឱកាសនេះបង្ក្រាប សាដាំ ហ៊ូសេន ដោយបានចូលខ្លួនទៅក្នុងសង្គ្រាមនោះជួយ កូវ៉ែត ប្រឆាំងនឹង អ៊ីរ៉ាក់ ដោយប្រកាសថា អ៊ីរ៉ាក់ ឈ្លានពានកូវ៉ែត ដែលតាមពិតទៅគឺដើម្បីផលប្រយោជន៍របស់អាមេរិក ( និង បក្សពួកតែប៉ុណ្ណោះ )។
ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៩១ អាមេរិក បានដឹកនាំកងទ័ពសម្ព័ន្ធមិត្តចំនួន ៣៤ ជាតិសាសន៍ចូលខ្លួនទៅព្រួតគ្នាវាយប្រយុទ្ធប្រឆាំងនឹង អ៊ីរ៉ាក់ ដោយមាន ទាំងកងទ័ពជើងទឹក ជើងគោក និង ជើងអាកាស ។ កងទ័ពអាកាស របស់សម្ព័ន្ធមិត្តបានហោះហើរចេញដំណើរប្រយុទ្ធជាង ១០០.០០០ លើក ទម្លាក់គ្រាប់បែក៨៨.៥០០ តោន ដោយបានបំផ្លាញទាំងកងទ័ពរបស់ អ៊ីរ៉ាក់ និង ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលយ៉ាងច្រើនឥតគណនា បានធ្វើឱ្យ អ៊ីរ៉ាក់ បរាជ័យយ៉ាងដំណំ ។
ទីបំផុតសង្គ្រាមនេះក៏បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩១ បន្ទាប់ពីបានផ្ទុះឡើងរយៈពេលជាងប្រាំខែ ហើយកងទ័ព អ៊ីរ៉ាក់ បានដកចេញពី កូវ៉ែត នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩១ នោះ ដោយស្ពាយយកបរាជ័យទៅជាមួយផង ហើយបានបន្សល់ទុកនូវភាពខ្ទេចខ្ទាំយ៉ាងខ្លាំងនៅ កូវ៉ែត ។ អ្វីដែល កូវ៉ែត បាននោះគឺ អ៊ីរ៉ាក់ ទំនងជានឹងមិនងាយមកប៉ងយាយី កូវ៉ែត ទៀតឡើយ បើទោះជា អ៊ីរ៉ាក់ មិនទាន់អស់ចិត្តនឹងសង្គ្រាម ប្រទេសមួយ ទល់នឹង ប្រទេស ៣៧ ដែលមានទាំងមហាអំណាច អាមេរិក និង អង់គ្លេស នេះក៏ដោយ ។
រដ្ឋាភិបាល និង ប្រជាជន កូវ៉ែត បានប្រារព្ធ ទិវាសេរីភាពជាតិ កូវ៉ែត នៅថ្ងៃទី ២៦ ខែ កុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែល អ៊ីរ៉ាក់ ចាញ់សង្គ្រាមហើយដកកងទ័ពចេញពីបប្រទេស គូវែត កាលពីឆ្នាំ ១៩៩១ នោះឯង ។
តម្លៃ នៃ ការចំណាយ ទៅលើសង្គ្រាមនេះតាមការគណនារបស់សភាអាមេរិក គឺខាងសម្ព័ន្ធមិត្តចំណាយប្រមាណជា ៦១, ១ កោដិដុល្លារអាមេរិក ដែលក្នុងនោះ ប្រមាណជា ៥២ កោដិចំណាយដោយប្រទេសនានា ហើយ ៣៦ កោដដោយ កូវ៉ែត និង ប្រទេសអារ៉ាប៊ី សាអ៊ូឌីដ និង រដ្ឋអារ៉ាប់ ផ្សេងទៀត ហើយ១៦ កោដិ ទៀតចំណាយដោយអាល្លឺម៉ង់ និង ជប៉ុន៕ ល