ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ថ្ងៃទី​២៩ កុម្ភៈ ខាងមុខនេះ បាន​ឈាន​មកដល់ ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ហើយ ក្នុងចំណោម​អ្នក​ប្រដាល់ ៤ រូប ដែល​ត្រូវ​ប្រកួត​ក្រោយ​គេ មិនដឹងថា នរណា មាន​វាសនា​បាន​ឆ្លងទៅ​ជុំ​ទី​៣ នោះឡើយ ។​

​អេ​លី​ត ភក្ដី និង ឡុង បេន​លឿន​

​អេ​លី​ត ភក្ដី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ដ​កីឡា ។ បេន​លឿន ទោះបី​គេ​មិនសូវ​មានឈ្មោះ បោះ​សម្លេង​ក៏ពិតមែន តែ​នៅលើ​សង្វៀន គេ​ជា​អ្នកខ្លាំង​មួយរូប គ្រាន់តែ​គេ ពុំ​សូវ​មានឱកាស​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់ ឬ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស​ប៉ុណ្ណោះ ។ អ្នក​ប្រដាល់​រូបនេះ មាន​ស្នៀត​ជង្គង់​ល្អ ក្រៅពីនោះ អ្វីៗ​គេ​វ៉ៃ​ចេញ​មិនសូវ​ច្បាស់​នោះទេ តែ​កម្លាំង​របស់គេ អស្ចារ្យ​ណាស់​។​

​ចំពោះ អេ​លី​ត ភក្ដី វិញ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ប៉ុណ្ណោះ តែ​គេ​បាន​ឆ្លងកាត់​ការប្រកួត​ច្រើន ទើប​គេ​មានការ​រីកចម្រើន​លឿន​បែបនេះ ។ អ្នក​ប្រដាល់​រូបនេះ ចិត្តធំ និង​មាន​ផ្លែ​វ៉ៃ​បានល្អ មិន​ចាញ់​អ្នក​ប្រដាល់ រៀមច្បង​ឡើយ ។ អ្នក​ប្រដាល់​ជើង​ថ្មី រូបនេះ ចូលចិត្ត​ប្រើ​កែង និង​ជង្គង់ វាយប្រហារ​គូប្រកួត​ណាស់ ។​

​ក្នុងការ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ អេ​លី​ត ភក្ដី ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ភិន សុច​ន្ទី ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ ។ ចំពោះ ឡុង បេន​លឿន វិញ ប្រកួត​ឈ្នះ អ្នក​ប្រដាល់ សឿន ឆ្នើម ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ​ដែរ ។ អេ​លី​ត ភក្ដី និង ឡុង បេន​លឿន នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ទៀត ?​។​

ពុ​យ វណ្ណៈ និង សូត្រ ខេ​វិ​ន​

​ជំនួប​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដែល​នេះ​សុទ្ធតែជា​អ្នកខ្លាំង ទល់​អ្នកខ្លាំង​ហើយ ។​

​ទោះបី​ពួកគេ ពុំ​ធ្លាប់​ប្រជែង​បាន​ខ្សែក្រវាត់ ឬ ពាន ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់ ក៏ពិតមែន តែ​គេ​ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ធំៗ​ដូចគ្នា មិនតែប៉ុណ្ណោះ គេ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់ ការប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស ដូចគ្នា ។ រវាង ខេ​វិ​ន និង វណ្ណៈ គឺ​វណ្ណៈ មាន​ភាពល្បីល្បាញ​ជាង តែ ខេ​វិ​ន កំពស់​របស់គេ មានប្រៀប​លើ វណ្ណៈ ច្រើនណាស់ ។​

​កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ វណ្ណៈ ឈ្នះ លីន សុខ​ឈុន ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នៅក្នុង​ទឹក​ទី​២ ។ ចំពោះ ខេ​វិ​ន​វិញ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​ដែរនោះ ដោយ​ពិន្ទុ ។ ការជួបគ្នា រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណាៗ ក៏មាន​ជំនឿ​ចិត្ត​លើ ពុ​យ វណ្ណៈ ជាង សូត្រ ខេ​វិ​ន ដែរ​។ កៅអី​សម្រាប់​ជុំ​ទី​៣ បាន​ទៅលើ សូត្រ ខេ​វិ​ន ឬ ពុ​យ វណ្ណៈ ?​។​

ចាន់ សំអាត និង ប្រា វីត​

​ការប្រកួត​ជា​មិត្តភាព រវាង​កម្ពុជា និង ថៃ វិញ​នោះ ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ័យ​ចំណាស់​ថៃ ប្រា វីត (Pra Vith) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​សំអាត ជា​អ្នក​ប្រដាល់​មួយរូប ដែលមាន​ឈ្មោះ បោះ​សម្លេង​ខ្លាំងណាស់ តែ​រាល់​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ ឬ ពាន​វិញ​នោះ សំអាត ពុំ​ធ្លាប់​ប្រជែង​បាន ខ្សែក្រវាត់ ឬ បាន​នោះឡើយ ។ ចំពោះ ប្រា វីត វិញ ទោះបី​គេ​មាន​វ័យ​ចំណាស់ ក៏ពិតមែន តែមាន​ជើង​ខ្លាំង របស់​កម្ពុជា មិនតិច​នាក់​ទេ ដែល​ត្រូវ ប្រា វីត ផ្ដួល​បាន ។ សំអាត អាច​យកឈ្នះ ប្រា វីត បាន​ឬទេ ?​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់ វិញ​នោះ សឿន ឆ្នើម ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អ៊ុង កំសត់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ បឺត មុន្នី​ព័ទ្ធ ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សួន កក្កដា ក្លិប​ជើ​រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ៕v