ដោយៈសុផល/ភ្នំពេញ៖ធនាគារអេស៊ីលីដាភីអិលស៊ីដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជាបានទទួលការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ធនាគារកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០។
ធនាគារអេស៊ីលីដាភីអិលស៊ីនឹងក្លាយជាធនាគារពាណិជ្ជទី១នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលនឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។ ធនាគារគ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិថ្មី ចំនួន ៨.៧៥១.៣៩១ ភាគហ៊ុន និងភាគហ៊ុនដែលមានស្រាប់រហូតដល់ ១៣.១២៧.០៨៦ ភាគហ៊ុន ដល់សាធារណជន ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា“ធនាគារ អេស៊ីលីដាភីអិលស៊ីផ្តល់ឱកាសដល់វិនិយោគិននិងសាធារណជនដើម្បីវិនិយោគលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។
ធនាគារនឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow)ចំនួនពីរលើក នៅថ្ងៃទី៣និងថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងមានបទបង្ហាញដល់វិនិយោគិនអំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារពេលវេលារំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនិងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីទិញភាគហ៊ុនរបស់ធនាគារ”។
ធនាគារនឹងចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការ និងអញ្ជើញវិនិយោគិន និងសាធារណជន ចូលរួមកំណត់ថ្លៃភាគហ៊ុនរបស់ធនាគារ នៅក្នុងរវាងចន្លោះថ្លៃ ចាប់ពី១៥.០០០ រៀល ដល់ ១៧.៤០០ រៀលក្នុងមួយភាគហ៊ុន។ ថ្លៃភាគហ៊ុនចុងក្រោយនឹងត្រូវកំណត់ទៅតាមការកំណត់ថ្លៃដែលវិនិយោគិន បានដាក់នៅក្នុងដំណើរការប៊ុកបៀលឌីង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
បន្ទាប់ពីដំណាក់កាលប៊ុកបៀលឌីង ត្រូវបានបញ្ចប់ វិនិយោគិននិងសាធារណជនទាំងអស់ នឹងត្រូវអញ្ជើញមកចូលរួមក្នុងដំណាក់កាលបរិវិសកម្មដើម្បីទិញភាគហ៊ុនរបស់ធនាគារលើថ្លៃភាគហ៊ុនចុងក្រោយ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។
បណ្ឌិតអ៊ិនចាន់នីបានធ្វើការបញ្ជាក់បន្ថែមថា“ដើម្បីចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីងនិងដំណាក់កាលបរិវិសកម្មវិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិន(InvestorID)និងគណនីជួញដូរ(TradingAccount)ជាមួយក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មាការមូលបត្រ (គ.ម.ក.)”។
លោកបណ្ឌិតបានបន្ថែមទៀតថា “ធនាគាររំពឹងថានឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នាចុងខែមេសា ឆ្នាំ២០២០ នេះ។ ក្នុងនាមជាធនាគារពាណិជ្ជទីមួយ ដែលនឹងត្រូវចុះបញ្ជីក្នុង ផ.ម.ក. ធនាគារអេស៊ីលីដាភីអិលស៊ីនឹងក្លាយជាធនាគារគំរូមួយសម្រាប់ធនាគារផ្សេងៗទៀតនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុក្នុងការប្រើប្រាស់ទីផ្សារមូលធនកម្ពុជាដើម្បីប្រមូលទុន”។
លោកHanKyungTaeអគ្គនាយកក្រុមហ៊ុនយាន់តាស៊ីឃ្យូរឹធី(ខេមបូឌា)ភីអិលស៊ីបានមានប្រសាសន៍ថា“ចំណុចដែលធ្វើឱ្យការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដាភីអិលស៊ីមានលក្ខណៈពិសេសនិងខុសប្លែកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈមុនៗ។គឺធនាគារមិនមានលៃបម្រុងទុកភាគហ៊ុនសម្រាប់វិនិយោគិននិងស្ថាប័នដែលមានសក្តានុពលនោះទេ។រាល់ភាគហ៊ុនដែលនឹងបោះផ្សាយលក់ទាំងអស់ នឹងត្រូវលក់ជូនវិនិយោគិន និងសាធារណជន។
ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានចាត់ទុកថាជា “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជូនប្រជាជន”ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គលនិងសាធារណជនទូទៅឱ្យចូលរួមក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះទៅតាមសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន។យើងបានធ្វើការជាមួយធនាគារដើម្បីបង្កើតវិធីសាស្ត្របែងចែកភាគហ៊ុនដែលផ្តល់អាទិភាពដល់វិនិយោគិន រូបវ័ន្តបុគ្គល ដែលទិញភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន ឬតិចជាងនេះ។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារគឺជាឱកាសមាសសម្រាប់វិនិយោគិនរូបវ័ន្តបុគ្គលដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារដែលគួរឱ្យទុកចិត្តនិងមានហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា។បណ្ឌិតអ៊ិនចាន់នីបានមានប្រសាសន៍ទៀតថា”ទឹកប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសេវាកម្មធនាគារឌីជីថល និងសម្រាប់គោលបំណងអាជីវកម្មទូទៅរបស់ធនាគារ”៕S/