ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត ដើម្បីស្ថាបនាខឿនច្រាំងទន្លេមេគង្គប្រវែងប្រមាណ ២០០ ម៉ែត្រចាប់កន្លែងបាក់ខាងក្រោយសាលាសង្កាត់កំពង់ចាមដល់ស្ថានីយ៍ឧតុនិយមជ្រោយថ្ម ក្រុងកំពង់ចាមនាពេលឆាប់ៗនេះ។

នេះជាការថ្លែងនៅក្នុងការស្វាគមន៍របស់លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអភិបាលខេត្តកំពង់ចាមបានថ្លែងប្រាប់លោកនាយឧត្តមសេនីយ៍ គន់ គីម ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយប្រតិភូអន្តរក្រសួង ក្នុងជំនួបនៅសាលាខេត្តនេះនារសៀលថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២០។

លោកប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានមានប្រសាសន៍ថា ករណីបាក់ស្រុតច្រាំងទន្លេនៅខាងក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៩កន្លងទៅនេះ យើងបានសម្រេចចាត់វិធានការដោះស្រាយក្នុងកម្រិតថ្នាក់ខេត្ត គឺបានប្រើប្រាស់នូវកញ្ចប់ថវិការបស់រដ្ឋបាលខេត្ត។

លោក អ៊ុន ចាន់ដា បានថ្លែងថា ដើម្បីយកថវិកានោះសាងសង់ជាខឿនបេតុង ទប់ស្កាត់ច្រាំងទន្លេនេះប្រវែងប្រហែល ២០០ ម៉ែត្រចាប់កន្លែងបាក់ខាងក្រោយសាលាសង្កាត់កំពង់ចាម ដល់ស្ថានីយ៍ឧតុនិយមជ្រោយថ្ម។ នឹងរៀបចំជ្រើសរើសពេលវេលាធ្វើពិធីក្រុងពាលី ចាប់ដំណើរការសាងសង់នាពេលឆាប់ៗនេះ។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ចំណែកករណីកំពុងបាក់ច្រាំងទន្លេដដែលនេះចាប់ពីខាងឃុំពង្រ ដល់ទីប្រជុំជនផ្សារជីហែ ឃុំពាមប្រធ្នស់ ស្រុកកោះសូទិន គឺបានឳ្យក្រុមហ៊ុនឯកជនមួយចុះសិក្សា។ ដើម្បីប្រើប្រាស់រូបមន្តគំរូទប់ស្កាត់ការបាក់ច្រាំងប្រកបដោយជោគជ័យនៅខាងឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់កន្លងទៅនោះ។ ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលខេត្តដូចគ្នា។

លោកបានបន្ថែមថា ចំពោះការបាក់ច្រាំងទន្លេនៅស្រុកស្រីសន្ធរយើងក៏កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូ ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងនេះ។ ដោយស្នើសុំការសហការពីមន្រ្តីជំនាញធនធានទឹកសិក្សាទប់ស្កាត់ការបាក់ស្រុតច្រាំងបន្តទៀត។ ដោយឡែកការបាក់ច្រាំងទន្លេនៅឃុំព្រែកកុយ ស្រុកកងមាសយើងបានសុំអន្តរាគមន៍ពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គំពុងសិក្សា និងបានសម្រេចសាងសង់ផ្លូវវាងជូនប្រជាពលរដ្ឋធ្វើដំណើរ។

លោកបានបន្តថា រីឯការបាក់ស្រុកច្រាំងទន្លេនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម យើងបានស្នើសុំកញ្ចប់ថវិកាទៅខាងក្រសួងរ៉ែ ដើម្បីយកថវិកានោះមកជួយជួសជុលទប់ស្កាត់ការបាក់ច្រាំងទន្លេនៅតំបន់នោះបន្តទៀត បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយបាក់ស្រុតច្រាំងទន្លេនៅខេត្តកំពង់ចាមឆ្នាំ២០១៩ បណ្តាលឳ្យបាក់ស្រុតដីចូលក្នុងទន្លេអស់បណ្តោយប្រវែង ១៩.៦៥២ ម៉ែត្រ និងទទឹងចាប់ ប្រាំម៉ែត្រ ដល់ ៣០ ម៉ែត្រ៕/B