បណ្តាក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់វៀតណាមនឹងប្រឈមការខ្វះខាតវត្ថុធាតុដើមធ្ងន់ធ្ងរចាប់ពីត្រីមាសទី២នៃឆ្នាំនេះ ដោយសារតែកូរ៉ូណាវីរុសថ្មីរារាំងដល់បណ្តាញផ្គត់ផ្គង់របស់គេ នេះបើតាមការអះអាងរបស់ប្រធានសមាគមវាយនភណ្ឌនិងសម្លៀកបំពាក់វៀតណាមកាលពីថ្ងៃអង្គារទី២៥កុម្ភៈ។
សម្លៀកបំពាក់និងវាយនភណ្ឌគឺជាទំនិញនាំចេញរកចំណូលធំលំដាប់ទី៣របស់វៀតណាម បន្ទាប់ពីស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិច។បណ្តាក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពឹងភាគច្រើនលើវត្ថុធាតុដើមពីចិន កន្លែងដែលវីរុសបាននិងកំពុងបង្អាក់ដំណើរការផលិតកម្ម។
បើតាមលោក វូ ឌឹក យ៉ាង ប្រធានសមាគមនេះ បានឲ្យដឹងថា បណ្តាក្រុមហ៊ុនសហគ្រាសក្នុងស្រុកមានវត្ថុធាតុដើមគ្រប់គ្រាន់ត្រឹមចុងត្រីមាសទី១ ហើយក្រុមហ៊ុនជាច្រើនប្រឈមការខ្វះខាតវត្ថុធាតុដើមធ្ងន់ធ្ងរនៅត្រីមាសទី២ដោយមានមានបញ្ហានាំចូលមកពីចិន ជប៉ុន និងកូរ៉េខាងត្បូង។
សូមរំលឹកថា អ្នកឆ្លងវីរុសCovid-19ទាំង១៦នាក់នៅវៀតណាមត្រូវបានព្យាបាលជានិងចេញពីមន្ទីរពេទ្យអស់ហើយ និងមិនមានការឆ្លងថ្មីទេចាប់តាំងពីថ្ងៃ១៣កុម្ភៈមក។
ទោះជាយ៉ាងណា វៀតណាមហាក់ចាត់វិធានការរឹតបន្តឹងថ្មីនិងខ្លាំងជាងមុន ដោយកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីវៀតណាមបាននិយាយថាគ្មាននរណាម្នាក់មកពីតំបន់ផ្ទុះជំងឺCovid-19 នឹងត្រូវអនុញ្ញាតឲ្យចូលវៀតណាមទេ។
នាយករដ្ឋមន្ត្រីង្វៀន សួនហ្វ៊ុក បានស្នើឲ្យក្រសួងការបរទេសអនុវត្តគោលនយោបាយថ្មីចំពោះកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ ជប៉ុននិងប្រទេសរួមតំបន់ដែលរាយការណ៍អំពីការផ្ទុះជំងឺCovid-19 ,នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម។
ពលរដ្ឋនៃប្រទេសដែលរងការវាយប្រហារដោយCovid-19 ទោះជាមកនៅកន្លែងមិនមានកើតវីរុសនេះក្តី នឹងតម្រូវឲ្យបង្ហាញលិខិតប្រកាសស្តីពីសុខភាពនិងបំពេញបែបបទចាំបាច់បន្ថែមនៅពេលចូលវៀតណាម។
ចំណែកពលរដ្ឋវៀតណាមមកពីតំបន់ផ្ទះជំងឺនៅចិន អាចវិលមកស្រុកតែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅពេលមកដល់ប្រទេសវៀតណាម។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធទី២៦កុម្ភៈវៀតណាមបានចាប់ផ្តើមហាមមិនឲ្យទេសចរកូរ៉េខាងត្បូងមកពីតំបន់កើតCovid-19ចូលក្នុងប្រទេសខ្លួនទេ ដែលនេះជាការវាយសំពងមួយព្រនង់ទៀតលើវិស័យទេសចរណ៍ដែលរងគ្រោះរួចជាស្រេចហើយដោយសារបាត់ទេសចរចិន។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សមកពីតំបន់ទាំងនោះហើយត្រូវចូលវៀតណាមសម្រាប់ហេតុផលផ្សេងៗត្រូវតែធ្វើចត្តាឡីស័ក(នៅដាច់ពីគេ)១៤ថ្ងៃនៅពេលចូលមកដល់វៀតណាម។
ចំណាត់ការរឹតបន្តឹងរបស់វៀតណាមនេះត្រូវបានអនុវត្តបន្ទាប់ពីមានបញ្ជាពីនាយករដ្ឋមន្ត្រី និងចំនួនអ្នកឆ្លងCovid-19 នៅកូរ៉េខាត្បូងកើនឡើងជាង១.១០០នាក់។
សារព័ត៌មានរដ្ឋវៀតណាមបាននិយាយថា កូរ៉ូណាវីរុសនេះអាចនាំអោយវិស័យទេសចរណ៍វៀតណាមខាតបង់ពី៥,៩ទៅ៧,៧ពាន់លានដុល្លារ សម្រាប់ពេល៣ខែទៅមុខ៕ប្រែសម្រួល៖វាសនា/Ha

បុគ្គលិកវេជ្ជសាស្ត្រវៀតណាមនៅក្រុងដាណាំង បាញ់ថ្នាំសម្លាប់មេរោគលើវ៉ាលីសរបស់អ្នកដំណើរកូរ៉េខាងត្បូងកាលពីថ្ងៃ២៤កុម្ភៈ