ដោយ:វណ្ណៈ/ព្រះសីហនុ ៖ យុវជនម្នាក់បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ឯកជនមួយក្នុងក្រុងព្រះសីហនុ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយរថយន្តលុចស៊ីស 570 រេចង្លូតបុកប៉ះម៉ូតូ។

មន្ត្រីនគរបាលស្រុកព្រៃនប់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង លើដងផ្លូវថ្នល់ក្នុងក្រុមហ៊ុន ចិន (យិជៀ ) ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០២០។

ប្រភពដដែលបន្តរថា បង្ករឡើង រវាងរថយន្ត ០១គ្រឿងម៉ាក LEXUS LX 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2Q-8816 បើកបរដោយឈ្មោះ នាង មន្នីវ៉ាន់ ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅខណ្ឌដូនពេញ សង្កាត់ចតុមុខ រាជធានីភ្នំពេញ មកដល់ស្ថានភាពផ្លូវកោង រថយន្តបានរេចង្កូតមក បុកម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ស៉ីវ ខៀវ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យឈ្មោះ ស៉ីវ ខៀវ អ្នកបើកបរម៉ូតូ របួសធ្ងន់ បានបញ្ជូនទៅព្យាបាល នៅ គ្លីនិកឯកជន ៨៨៨ ខេត្តព្រះសីហនុ។

រីឯវត្ថុតាង ម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានបើករថយន្តមកទុកក្នុងក្រុមហ៊ុន យិ ជៀ សំងំលាក់ខ្លួននៅទីនោះ។

ករណីនេះ ដើម្បីបន្តរនិតិវិធី សមត្ថកិច្ចបានមកយករថយន្ត ទៅរក្សាទុកជាបណ្តោះអាសន្ន ប៉ុន្តែជនជាតិចិន និងបុគ្គលិកក្នុងក្រុមហ៊ុនខាងលើ រារាំងមិនអោយសមត្ថកិច្ចយករថយន្តនេះទេ។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានចុះទៅអន្តរាគមន៍ផ្ទាល់ ដើម្បីយករថយន្តដែលជាវត្ថុតាង ក៏ជនជាតិចិន និងបុគ្គលិកក្រុមហ៊ុននេះ នៅតែរារាំងមិនអោយសមត្ថកិច្ចយករថយន្តដែលពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដដែល ។

លុះដល់ពេលព្រលប់ថ្ងៃដដែល ប្រហែលជាមានបញ្ជាពីថ្នាក់លើ ទៅក្រុមហ៊ុន យិ ជៀ នោះទើបភាគីចិន យល់ព្រមប្រគល់ វត្ថុតាង (រថយន្ត)ឲ្យមកសមត្ថកិច្ចយកទៅរក្សាទុក ។

ទោះជាយ៉ាងនេះក្តីមហាជនដែលដឹងរឿងនេះបានលើកឡើងថា សមត្ថកិច្ចគួរតែអនុវត្តន៍ច្បាប់ចរាចរណ៍ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ដូចជា មានការនាំខ្លួន អ្នកបើកបររថយន្ត យកមកសាកសួរ និងធ្វើការពិនិត្យ ជាតិញៀន ស្រវ៉ឹងផង ដែរ ទើបត្រឹមត្រូវតាមច្បាប់ ទោះបីជននោះមានខ្នងបង្អែកធំប៉ុណ្ណាក៌ដោយ ៕/B