
(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈមីន សាណាស់/ភ្នំពេញៈសិស្សានុសិស្សប្រុសស្រីចំនួន៨៣នាក់ នៃវិទ្យាល័យ ហ៊ុន សែន រក្សជ័យ បានទទួលចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម និងស្វែងយល់ស៊ីជម្រៅពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងវិធីទប់ស្កាត់អំពើនេះជាលក្ខណៈបុគ្គល គ្រួសារឬសហគមន៍ និងប្រទេសជាតិទាំងមូល តាមរយៈវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)»។ វេទិកានេះ ទទួលបានការសហការពីក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ។ នេះគឺជាវេទិកាថ្នាក់រៀនលើកទី៤៦ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងខេត្តព្រៃវែង។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
វិទ្យាល័យ ជា ស៊ីម រក្សជ័យ បានកសាងឡើងក្នុងឆ្នាំ២០០៣ ដែលមានទីតាំងស្ថិតនៅភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានផ្ទៃដីសរុប១៦,៧២៣ម្រ៉ែតការ៉េ។ នៅពេលបច្ចុប្បន្ន មានអគារសិក្សាចំនួន៧ខ្នង ចែកជា៣១បន្ទប់ ក្នុងនោះមានបន្ទប់រៀន២៦បន្ទប់, បន្ទប់ពិសោធន៍ចំនួន៣បន្ទប់, បន្ទប់បណ្ណាល័យចំនួន១បន្ទប់ បន្ទប់កុំព្យូទ័រចំនួន១បន្ទប់ និងបន្ទប់ទីចាត់ការចំនួន១ខ្នង។ គ្រូបង្រៀនមានចំនួន៥៩នាក់ ក្នុងចំណោមនោះមានគ្រូស្រី១៧នាក់។ សិស្សសរុបក្នុងឆ្នាំសិក្សា២០១៩-២០២០ មានចំនួន ៩៨២នាក់ ក្នុងចំណោមនោះសិស្សស្រី៥១២នាក់ ចែកចេញជាពីរផ្នែកគឺ ១) មធ្យមសិក្សាបឋមភូមិមានសិស្សសរុប ៥០៨នាក់ ក្នុងចំណោមនោះមានស្រី២៦៧នាក់ និង ២) មធ្យមសិក្សាទុតិយភូមិមានសិស្សសរុប ៤៧៤នាក់ ក្នុងចំណោមនោះមានសិស្សស្រី២៤៥នាក់។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
វេទិកាថ្នាក់រៀន គឺជាធាតុផ្សំមួយដ៏សំខាន់ក្នុងកម្មវិធីស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងមានគោលបំណងបង្ហាញឲ្យឃើញពីតម្លៃនៃការសិក្សាប្រវត្តិសាស្ត្រ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយសម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។ កាលវិភាគសម្រាប់វេទិកាថ្នាក់រៀននេះរួមមាន៖ ការស្ទាបស្ទង់មតិសិស្សមុននិងក្រោយវេទិកា, ការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម, សំណួរនិងចម្លើយ, ការបញ្ចាំងភាពយន្តឯកសារ និងការចែកសៀវភៅ។ កម្មវិធីទាំងនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលជិត៣ម៉ោង ដោយគ្រប់កម្មវិធីទាំងអស់ សុទ្ធតែបង្ហាញការសន្ទនា ពិភាក្សា និងសួរឆ្លើយ។ ទោះជាយ៉ាង ណាក៏ដោយ ក៏ការចំណាយពេលវេលាសម្រាប់ការធ្វើបទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម និងពីការអធិប្បាយពីនិយមន័យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺត្រូវបានចំណាយពេលវេលាច្រើនលើសលុប ដើម្បីធ្វើឲ្យប្រាកដថា សិស្សានុសិស្សទាំងអស់អាចទទួលបានចំណេះដឹងបន្ថែមច្រើនថែមទៀតពីវេទិកាថ្នាក់រៀននេះ។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ផ្នែកទី១ គឺជាការធ្វើបទបង្ហាញលើមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម។ ផ្នែកនេះផ្ដោតសំខាន់លើការអធិប្បាយពន្យល់ពីគោលនយោបាយទាំង៨ចំណុចរបស់ខ្មែរក្រហម ដែលធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនបាត់បង់ជីវិត និងរងទុក្ខវេទនា បំបិទសិទ្ធិសេរីភាព។
គោលនយោបាយទាំងនោះរួមមាន ៖ ១) ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ២) បំបាត់ទីផ្សារ និង រូបិយវត្ថុ ៣) កម្ទេចវត្ដអារាម និងផ្សឹកព្រះសង្ឃ ៤) បិទសាលារៀន និងគ្រឹះស្ថានសិក្សា ៥) សម្លាប់បញ្ញវន្ត មន្ដ្រីរដ្ឋការ និងប្រជាជនស្លូតត្រង់ ៦) បង្កើតសហការណ៍នៅទូទាំងប្រទេស ៧) ផ្ដាច់ទំនាក់ទំនង និងបំបែកបំបាក់ក្រុមគ្រួសារ និង ៨) បណ្ដោញជនជាតិវៀតណាម និងធ្វើសង្គ្រាមជាមួយវៀតណាម។ ទាក់ទងនឹងការអធិប្បាយផ្នែកទី១នេះ សិស្សានុសិស្សមួយចំនួនបានចោទជា សំណួរមួយចំនួនដូចជា៖ ១) ហេតុអ្វីបានជាប្រជាជនហៅរបបខ្មែរក្រហមថាគុកឥតជញ្ជាំង?។ ២) តើ ប៉ុល ពត មានចំណុចពិសេសអ្វីខ្លះទើបកម្មាភិបាលខ្មែរក្រហមលើកគាត់ធ្វើជាមេដឹកនាំក្នុងរបបនោះ? ។៣) តើរបប ប៉ុល ពត មានគុណសម្បត្តិអ្វីខ្លះ? ។៤) តើទិន្នផលទាំងអស់ដែលប្រជាជនផលិតបាន ខ្មែរក្រហមយកទៅណា?។ ៥) ហេតុអ្វីបានជាខ្មែរក្រហមបំបិទរោងចក្រឧស្សាហកម្មទាំងអស់? និង៦) ហេតុអ្វីបានជាវៀតណាមមិនដកទ័ពចេញ បន្ទាប់ពីជួយរំដោះប្រជាជនកម្ពុជា នៅឆ្នាំ១៩៧៩?។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ផ្នែកទី២ គឺជាការធ្វើបទបង្ហាញពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ ដែលបានផ្តោតលើការពន្យល់ពីធាតុផ្សំទាំងឡាយដែលនាំកើតមានអំពើប្រល័យពូជសាសន៍ និងការពន្យល់ពីវិធីទប់ស្កាត់អំពើប្រល័យពូជសាសន៍ជាបុគ្គល សហគមន៍ ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។
បន្ទាប់ពីការធ្វើបទបង្ហាញបានបញ្ចប់ សិស្សានុសិស្សទាំងអស់ មានឱកាសទស្សនាការចាក់បញ្ចាំងភាពយន្តឯកសារមានចំណងជើងថា «កុមារកម្ពុជា» ដែលជាខ្សែភាពយន្តបង្កើតឡើងភ្លាមៗបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងពីស្ថានភាពរបស់កុមារកម្ពុជា។ មុនពេលបញ្ចប់វេទិកាថា្នក់រៀន ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការចែកចាយសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាអង់គ្លេសចំនួន ៩០ក្បាល និងសៀវភៅ «អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម» ចំនួន៩០ក្បាលទៀត ដល់សិស្សានុសស្សិគ្រប់រូប ដើម្បីផ្តល់ជាសម្ភារសិក្សាបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងលើកកម្ពស់វប្បធម៌នៃការអានក្នុងសាលារៀន និងសហគមន៍ និងប្រគល់ជូនបណ្ណាល័យនៃវិទ្យាល័យ ជា ស៊ីម រក្សជ័យ ដើម្បីទុកសម្រាប់ការស្រាវជ្រាវរបស់សិស្សានុសិស្ស។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
កិច្ចសម្ភាសខ្លីស្តីពីការយល់ឃើញផ្ទាល់ខ្លួន ចំពោះការធ្វើវេទិកាថ្នាក់រៀន
យ៉ាន ស៊ីនេត ភេទស្រី អាយុ១៨ឆ្នាំ ថ្នាក់ទី១២ ផ្នែកសង្គមវិទ្យា៖
«ក្រោយពេលស្ដាប់លោកគ្រូបង្រៀនហើយ ខ្ញុំបានដឹងថា អំពើប្រល័យពូជសាសន៍ គឺជាការសម្លាប់ប្រជាជនភាគតិច ឬ ការបំផ្លិចបំផ្លាញជីវិតមនុស្ស។ អំពើប្រល័យពូជសាសន៍ មិនត្រឹមតែមានផលប៉ះពាល់ចំពោះមនុស្សម្នាក់ៗ គ្រួសារមួយនោះទេ គឺធ្វើឲ្យប៉ះពាល់ដល់សហគមន៍ និងប្រទេសជាតិទាំងមូល។ ដូច្នេះដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ក្នុងនាមខ្ញុំជាយុវវ័យ ខ្ញុំមានតែរៀនសូត្រឲ្យច្បាស់លាស់ពីរបបនោះ និងសិក្សាពីភាពខុសគ្នារវាងវប្បធម៌នានា»។
ទឹម សុហ៊ាង អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ផ្នែកសង្គមវិទ្យា៖
«ខ្ញុំដឹងរឿងរ៉ាវកាលពីសម័យ ប៉ុល ពត ពីលោកគ្រូ និងមើលវីដេអូក្នុងកម្មវិធីយូធូប។ ពីមុនយាយតារបស់ខ្ញុំតែងតែនិយាយប្រាប់ពីការបែកបាក់គ្រួសារ។ ខ្មែរក្រហមចាត់តាំងគាត់ទៅជីកប្រឡាយ និងមិនឲ្យហូបគ្រប់គ្រាន់។ គាត់ហូបតែបបរមួយចានក្នុងមួយពេល។ នៅថ្ងៃនេះ ពេលដែលខ្ញុំបានស្ដាប់ការបង្រៀនរបស់លោកគ្រូ រ៉ាស៊ី ពីគោលនយោបាយរបស់ខ្មែរក្រហមរួចមក ខ្ញុំចាប់អារម្មណ៍ពីចំណុចដែលជនរងគ្រោះមានរបួសផ្លូវចិត្តធ្ងន់ធ្ងរបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ទោះបីជារបបនេះកន្លងផុតយូរហើយក៏ដោយ ក៏រឿងទាំងនោះនៅតែដក់ជាប់ក្នុងចិត្តយាយតារបស់ខ្ញុំជានិច្ច។ នៅពេលដែលយាយតារបស់ខ្ញុំនិយាយរឿងរ៉ាវរបស់គាត់ គាត់តែងតែមានទឹកមុខក្រៀមក្រំ ប៉ុន្តែគាត់នៅតែរំឭកប្រាប់ខ្ញុំ នៅពេលដែលខ្ញុំមិនសូវជួយធ្វើការងារផ្ទះថា បើនៅក្នុងសម័យខ្មែរក្រហម ប្រសិនបើយើងមិនទៅធ្វើការ ខ្មែរក្រហមយកយើងទៅអប់រំ ឬវាយចោល»។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ណុប លីណា អាយុ១៨ឆ្នាំ ថ្នាក់ទី១២ ផ្នែកសង្គមវិទ្យា៖
«អំពើប្រល័យពូជសាសន៍ គឺជាការធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវកាយផ្លូវចិត្តទៅលើក្រុមណាមួយ ឬក៏ប្រជាជន និងប្រទេសមួយ។ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍ដូចដែលលោកគ្រូ រ៉ាស៊ី បានធ្វើបទបង្ហាញ ខ្ញុំនឹងនិយាយបដិសេធចំពោះអំពើហិង្សា និងលើកទឹកចិត្តឲ្យមានដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះ»។
សាយ កុសល ភេទប្រុស អាយុ១៨ឆ្នាំ ថ្នាក់ទី១២ ផ្នែកសង្គមវិទ្យា៖
«ខ្ញុំធ្លាប់បានដឹងពីរបបខ្មែរក្រហមតាមរយៈយាយរបស់ខ្ញុំប្រាប់ថា របបនេះជារបបឃោរ ឃៅ បង្ខំឲ្យប្រជាជនធ្វើការធ្ងន់ធ្ងរ ហួសកម្លាំង ឲ្យហូបតិចៗ មិនបានគ្រប់គ្រាន់។ ខ្ញុំជឿថារបបនេះពិតជាកើតឡើងពិតមែន ដោយសារខ្ញុំឃើញផ្នូរតារបស់ខ្ញុំនៅដល់សព្វថ្ងៃនេះ។ តារបស់ខ្ញុំស្លាប់នៅពេលដែលគាត់រត់ទៅប្រទេសវៀតណាម ដោយសារតែខ្មែរក្រហមដឹងថាគាត់ជាគ្រូបង្រៀន។ នៅពេលដែលខ្ញុំស្ដាប់រឿងតារបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងមិននឹកស្មានថារបបមួយនេះបានធ្វើឲ្យតារបស់ខ្ញុំស្លាប់ និងធ្វើឲ្យប្រជាជនកម្ពុជាទៅជាជនរងគ្រោះ» ។
លន់ រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកសង្គមវិទ្យា៖
«ខ្ញុំធ្លាប់បានដឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហមតាមរយៈកិច្ចការសាលាដែលលោកគ្រូផ្នែកប្រវត្តិវិទ្យាដាក់ប្រធានបទ សម្រាប់សាកសួរជនរងគ្រោះដែលធ្លាប់រស់នៅក្នុងរបបសម័យខ្មែរក្រហម។ ក្រោយពេលខ្ញុំសួរនាំហើយ ខ្ញុំបានដឹងថា ក្នុងសម័យខ្មែរក្រហមមនុស្សគ្រប់រូបមានការងារធ្វើទាំងអស់ មិនថាក្មេងឬចាស់ និងមួយទៀតគឺការអត់ឃ្លាន គ្មានអាហារបរិភោគគ្រប់គ្រាន់។ ក្រោយស្ដាប់បទបង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហមលើចំណុចគោលនយោបាយ៨ចំណុចរួចមក ខ្ញុំមានអារម្មណ៍ដក់ជាប់ជាមួយការបំបាត់សាលារៀន ផ្សឹកព្រះសង្ឃ និងកម្ទេចវត្តអារាម ព្រោះចំណុចទាំងនេះ គឺជាមូលហេតុដែលនាំឲ្យមនុស្សមានចំណេះដឹងច្រើន»។

(ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ប៉ិច មករា ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកសង្គមវិទ្យា៖
«មុនពេលចូលរៀន ខ្ញុំបានដឹងអំពីរបបខ្មែរក្រហមខ្លះៗ តែមិនសូវស៊ីជម្រៅទេ។ ខ្ញុំដឹងតាមរយៈជីដូនប្រាប់ថា មានការលំបាក វេទនានៅក្នុងរបបខ្មែរក្រហម ដូចជាការអត់អាហារ ការធ្វើការក្នុងម៉ោងដែលយើងសព្វថ្ងៃសម្រាក មានរឿងរ៉ាវផ្សេងៗទៀតដែលគាត់អួលដើមកមិនអាចនិយាយរៀបរាប់បាន។ ខ្ញុំធ្លាប់តែបានដឹងពីស្ថានភាពការរស់នៅរបស់ជនរងគ្រោះក្នុងរបបឃោរឃៅនោះ ប៉ុន្តែក្នុងថ្ងៃនេះ ដោយមានការចូលរួមពី បងៗ លោកគ្រូដែលធ្វើបទបង្ហាញ ធ្វើឲ្យខ្ញុំបានយល់កាន់តែច្បាស់ទៀត ទាក់ទងនឹងគោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម។ អ្វីដែលជាចំណុចពិសេស និងចាប់អារម្មណ៍ជាងគេរបស់ខ្ញុំ គឺការលុបបំបាត់វណ្ណៈនៅក្នុងសង្គម ព្រោះវាបង្កឲ្យមានផលវិជ្ជមាន និងអវិជ្ជមានដល់សង្គមទាំងមូល»។
តាមរយៈការធ្វើវេទិកាថ្នាក់រៀន និងការយល់ឃើញរបស់សិស្សានុសិស្សខាងលើ យើងអាចវាយតម្លៃបានថា ចំណេះដឹងស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងនិយមន័យអំពើប្រល័យពូជសាសន៍ ព្រមទាំងវិធីសាស្ត្រក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺត្រូវបានពង្រីកនិងផ្សព្វផ្សាយយ៉ាងទូលាយ ទៅកាន់សិស្សានុសិស្សដែលភាគច្រើនបំផុតធ្លាប់បានរៀន និងដឹងឮពីប្រវត្តិសាស្ត្រនេះពីក្រុមគ្រួសារ និងសហគមន៍។ តាមរយៈលទ្ធផលនៃការវាស់ស្ទង់ចំណេះដឹង សិស្ស បានបង្ហាញថា សិស្សទាំងអស់មានចំណេះដឹងកើនឡើងទាំងផ្នែកប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រនានាដែលជាគន្លឹះនាំដល់ការបណ្ដុះគំនិតចូលរួមទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងនាពេលអនាគត៕សរន