ដោយៈចាន់តូ/ភ្នំពេញ ៖ ស្រ្តីជាកម្មករសំណង់ម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកកៀរហើយកិនចំដងខ្លួន ស្លាប់នៅកន្លែង និងបងប្អូន ប្រុសស្រី២នាក់បានរងរបួសធ្ងន់ ខណះបងប្អូនប្រុស ស្រីទាំង៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោងប្រមាណ៨និង១០នាទី ព្រឹកថ្ងៃទី២៦ខែ កុម្ភះ ឆ្នាំ ២០២០ នៅចំណុចវង្វង់មូលទី១តាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់នេះត្រូវនគរបាលអោយដឹងថា ឈ្មោះញឹម ណារ៉ុង ភេទស្រីអាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានលំនៅ ភូមិ ប្រាសាទ ឃុំចំពោរលើ ស្រុកស្ទោង ខេត្តកំពង់ធំត្រូវរថយន្ត កិនចំដងខ្លួន ស្លាប់នៅកន្លែង។ចំណែក អ្នករងរបួសឈ្មោះផល ស្រីពៅ ភេទស្រីអាយុ១៤ឆ្នាំ ជាកម្មករសំណង់ បានរងរបួសធ្ងន់បញ្ជូនទៅកាន់មណ្ឌលសុខភាព ព្រែកព្នៅជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាតដំបង១T.៨១៩០ មួយគ្រឿងបើកបរ ដោយឈ្មោះផល ភ័ក្រ ភេទប្រុសអាយុ ១៨ឆ្នាំ ។ចំណែករថយន្តបង្កបានគេចខ្លួនបាត់ ។

តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ៣នាក់បងប្អូនបង្កើត បានជិះម៉ូតូមួយគ្រឿងដោយនាងដែលបានស្លាប់ជិះក្រោយ ប្អូនស្រីរងរបួសជិះកណ្តាលហើយ ប្អូនប្រុសម្នាក់ទៀតជាអ្នកឌុបធ្វើដំណើរ តាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិច ទៅកើត ។នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ដែលជាចំណុច វង្វង់មូលផ្លូវកោងស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកធ្វើដំណើរស្របគ្នា បើកមកកៀរ បណ្តាលអោយនារីរងគ្រោះ ដួលផ្កាប់មុខ ហើយត្រូវរថយន្ត កិនចំដងខ្លួន ស្លាប់នៅកន្លែង ចំណែកប្អូនស្រីរងធ្ងន់និងប្អូនប្រុសដែលជាអ្នកឌុបពុំរងរបួសឡើយ។បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្ត មួយគ្រឿង ដែលសាក្សីបានអះអាងថា ជារថយន្តប្រភេទឃ្លុប បានបើកគេចខ្លួនបាត់ ។បន្ទាប់ពីគ្រោះថ្នាក់អ្នករងរបួសត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមណ្ឌលភាពព្រែកព្នៅ។សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕/B