ដោយ:បូកគោ/កំពត ៖ ក្នុងករណីការអនុវត្តច្បាប់ស្តីពីសំណង់នៅមានភាពខ្វះចន្លោះ ឬបែបអសកម្មត្រង់ចំណុចណាមួយនោះផលអាក្រក់នឹងកើតឡើងសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល។
ថ្លែងក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ជូនដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជនក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាន៍ថាប្រសិនបើការអនុវត្តច្បាប់ស្តីពីសំណង់មានភាពខ្វះចន្លោះ ធូររលុង ឬបែបអសកម្មត្រង់ចំណូចណាមួយ នោះផលអាក្រក់នឹងកើតឡើងចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូលជាក់ជាមិនខាន។ គ្រប់អាជ្ញាធរក្នុងដែនសមត្ថកិច្ចនៃវិស័យសំណង់ត្រូវអនុវត្តកិច្ចការទាំងនេះជាមួយមនសិការវិជ្ជាជីវៈ និងប្រកប ដោយប្រសិទ្ធភាពបំផុត។ និយាយរួម មន្ត្រីដែលបំពេញការងារផ្ទាល់ត្រូវមានភាពស្មោះត្រង់ តម្លាភាព គណនេយ្យភាព និងឈរលើគោលការណ៍ច្បាប់ចំពោះការចេញលិខិតអនុញ្ញាតពាក់ព័ន្ធការសាងសង់នានា។
លោករដ្ឋលេខាធិការបានបន្តថាសមត្ថកិច្ចក្នុងដែនការងារសំណង់ត្រូវតាមដានជាប្រចាំរាល់ការវិវត្តន៍ប្រែប្រួលនៃស្ថានភាពសំណង់ ទាំងករណីវិជ្ជមាន ទាំងអវិជ្ជមាន និងការអភិវឌ្ឍ បច្ចេកវិទ្យាសំណង់ដែលជាធាតុផ្សំដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តឈានទៅដាក់ចេញនូវវិធានការ ឱ្យបានគ្រប់ជ្រុងជ្រោយ។
របាយការណ៍របស់លោកជាវ តាយ អភិបាលខេត្តកំពតបានបញ្ជាក់ថាឆ្នាំ២០១៩ កន្លងទៅនេះ វិស័យសំណង់ក្នុងខេត្តកំពតមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាលទ្ធផល រដ្ឋបាលខេត្ត ក្រុង-ស្រុកបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន២៣៨គម្រោងលើផ្ទៃដីសរុប៩០.២៩៩ម៉ែត្រក្រឡាជាមួយទុនវិនិយោគ៣១.៨៧៧.៣០០ដុល្លារ។ លោកអភិបាលខេត្តបានបន្តថាបរិមាណនវនេះបានកើនឡើង៨០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹមតែ១៤២ គម្រោងលើផ្ទៃដី៥២.០០៨ ម៉ែត្រក្រឡា និងទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារប៉ុណ្ណោះ៕/B