ដោយ:វិបុល/ភ្នំពេញ ៖ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាង របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដើម្បីពិភាក្សាអំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េសម្រាប់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា លើរបៀបវារៈរួមមាន៖ ទី ១)កម្មវីធីទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជារបស់លោកជំទាវប្រធានកយកា ទី២)ផែនការសហប្រតិបត្តិការរបស់កយកាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ទី៣)គម្រោងថ្មីរបស់កយកាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ និង ទី៤) គម្រោងថ្មីរបស់កយកាសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២។

គួរកត់សម្គាល់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឱ្យប្រសើរឡើងនិងទូលំទូលាយថែមទៀត។ ជាក់ស្តែងបរិមាណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា។ នៅឆ្នាំ២០២០ នេះ កយកា គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ ២៤,៥ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា៕/B