ប៉ូលិសប្រឆាំងបាតុកម្មបានដើរល្បាតនៅតាមផ្លូវនៅទីក្រុងញូវដែលីប្រទេសឥណ្ឌានៅថ្ងៃពុធទី២៦ខែកុម្ភៈហើយមេដឹកនាំទីក្រុងនេះបានអំពាវនាវឱ្យមានបម្រាមគោចរបន្ទាប់ ពីមានការប៉ះទង្គិចគ្នាវាងក្រុមហិណ្ឌូនិងក្រុមអ៊ីស្លាម ដែលបានបណ្តាលឱ្យស្លាប់យ៉ាងហោចណាស់២០ នាក់។
ភាពវឹកវរ២ថ្ងៃ ដែលគេឃើញមានការប៉ះទង្គិចគ្នារវាងហ្វូងមនុស្សដែលប្រដាប់ដោយកាំបិតនិងកាំភ្លើងនេះ គឺជាអំពើហិង្សាខាងសាសនាដ៏អាក្រក់បំផុតនៅទីក្រុងញូវដែលី ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងចំពេលដែលភាពតានតឹងផ្នែកសាសនាកាន់តែអាក្រក់បន្ទាប់ពីច្បាប់ស្តីពីសញ្ជាតិដែលក្រុមអ្នករិះគន់និយាយថាជាផ្នែកមួយនៃគោលបំណងជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី ។
លោកអាវីន កេរីវ៉ាល់ អភិបាលក្រុងញូវដែលលីបានអំពាវនាវឱ្យដាក់ពង្រាយកងទ័ពនិងដាក់បម្រាមគោចរដែលត្រូវដាក់នៅតាមសង្កាត់ទីក្រុងឦសានដែលមានអំពើហិង្សា។
ការប៉ះទង្គិចគ្នាបានចាប់ផ្តើមកាលពីថ្ងៃចន្ទរវាងក្រុមដែលគាំទ្រនិងក្រុមដែលប្រឆាំងច្បាប់ស្តីពីសញ្ជាតិនេះ បន្ទាប់មកវាបានក្លាយជាអំពើហិង្សាខ្លាំងក្លាឡើងរវាងក្រុមប្រឆាំងគ្នានេះ។
មន្ត្រីមន្ទីរពេទ្យម្នាក់ បានប្រាប់ សារព័ត៌មានបារាំង នៅថ្ងៃពុធនេះ ថាមនុស្ស ២០ នាក់បានស្លាប់និងជិត២០០នាក់ បានរងរបួសនៅក្នុងអំពើហឹង្សា២ថ្ងៃដំបូងនេះ។
មន្ត្រីនេះ បាននិយាយថា មនុស្ស៦០នាក់ បានរងរបួសដោយគ្រាប់កាំភ្លើង៕ប្រែសម្រួល៖សុខា
២០នាក់បានស្លាប់ក្នុងអំពើហិង្សាខាងសាសនានៅទីក្រុងញូវដែលី