ដោយ​គូលែន​/​សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​ជួប​លោក​ISHIDAToru​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​អំពី​បេតិកភណ្ឌ​វប្បធម៌​នៃ​ភ្នាក់ងារ​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​ជប៉ុន​។​ដើម្បី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នៃ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​ស្ថាប័ន​ជប៉ុន​បាន​បំពេញ​នាពេល​កន្លងមក ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក​ហង់​ពៅ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ISHIDAToru​ដែលមាន​ចំណាប់អារម្មណ៍​មកលើ​តំបន់​រមណីយដ្ឋាន​អង្គរ​។​លោក​ក៏បាន​ជម្រាប​ជូនទៅ​ភាគី​ជប៉ុន​ថា​អាជ្ញាធរ​ជាតិ​អប្សរា​ក៏ដូចជា​ប្រជាជន​កម្ពុជា​មិនដែល​ភ្លេច​ទេ​នូវ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការជួយ​ជំរុញ​លើ​កិច្ចការពារ​បេតិកភណ្ឌ​នៅក្នុង​តំបន់​អង្គរ ។​

​លោក​ISHIDAToru​បានបង្ហាញ​ថា​នេះ​ជា​មោទនភាព​សម្រាប់​ទាំងអស់គ្នា​មិន​ត្រឹមតែ​សម្រាប់​ជនជាតិ​ជប៉ុន​ទេ គឺ​សម្រាប់​ប្រទេស​កម្ពុជា រួមទាំង​សកលលោក​ទាំងមូល​។ ជាមួយគ្នានេះដែរ លោក​ក៏​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​បណ្តា​ស្ថាប័ន​នានា​របស់​ជប៉ុន​កាន់​តែមាន​ភាពរឹងមាំ និង​សម្រេច​នូវ​លទ្ធផល​ល្អប្រសើរ​បន្ថែមទៀត​នាពេល​បច្ចុប្បន្ន​និង​អនាគត​៕S/

​រូបភាព​:​អាជ្ញាធរ​ជាតិ​អប្សរា​ជួបពិភាក្សា​ជាមួយ​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​អំពី​បេតិកភណ្ឌ​វប្បធម៌​នៃ​ភ្នាក់ងារ​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​ជប៉ុន ៕​អប្សរា​