អ្នកមានបំផុតនៅប្រទេសថៃចង់បង្កើតឯតទគ្គកម្មមួយទៀត។
លោកមហាសេដ្ឋី ចារឿន សិរីវតនាភក្តី តាមរយៈក្រុមហ៊ុនអចលនទ្រព្យទើបចុះបញ្ជីថ្មីៗរបស់គាត់ឈ្មោះថា Asset World Corp មានចក្ខុវិស័យសាងសង់អគារខ្ពស់ជាងគេបំផុតនៅថៃ។
ព័ត៌មានលម្អិតមិនទាន់មាននៅឡើយទេ កម្ពស់ផ្លូវការរបស់អគារក៏មិនទាន់កំណត់ ដែរ និងការសាងសង់ចប់សព្វគ្រប់អាចនឹងបន្លាយពេលរហូតដល់ឆ្នាំ ២០២៥ ប៉ុន្តែអគារប៉ម ដែលស្ថិតនៅចំកណ្តាលនៃគម្រោងតម្លៃ ៩៤៨ លានដុល្លារនៅលើ ច្រាំងទន្លេចៅប្រាយ៉ាក្នុងទីក្រុងបាងកក គឺជានិមិត្តរូបនៃយុទ្ធសាស្រ្តកំណើន ដ៏ប្រថុយប្រថានរបស់ក្រុមហ៊ុន Asset World Corp។
លោកស្រី វ៉ាល់ឡាប៉ា ត្រៃសូរ៉ាត ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Asset World និងជាកូនស្រីរបស់លោកចារឿន បាននិយាយថា “វាតំណាង នូវអ្វីដែលក្រុមហ៊ុនរបស់យើងមានបំណងនឹងធ្វើ គឺកំណត់និន្នាការថ្មី និង លើកចំណុចគោល”។
លោកស្រីបាននិយាយថា អគារខ្ពស់កប់ពពកនេះនឹងក្លាយជា “ចំណុច ទីតាំងសម្គាល់ថ្មី” និងទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសថៃកាន់តែច្រើន។
ផែនការសាងសង់នេះកើតឡើងចំពេលដ៏លំបាកសម្រាប់ទីផ្សារអចលនទ្រព្យនិងទេសចរណ៍នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ទីក្រុងបាងកកកំពុងប្រឈមនឹងវិបត្តិគ្មានមនុស្សទិញលំនៅដ្ឋាន ខណៈខុនដូ ទទេស្អាតឥឡូវមានចំនួនដល់ទៅ ១០០.០០០ យូនីត និង កំពុងកើនឡើង ជាបន្តបន្ទាប់ទៀត។
ហើយវិនិយោគិនចិន ដែលជួយជំរុញដល់វិស័យអចលនទ្រព្យជាច្រើនឆ្នាំ កំពុងនៅឆ្ងាយ ដោយសារតែការរឹតត្បិតការធ្វើដំណើរ និង ចលាចល សេដ្ឋកិច្ចបង្កឡើងដោយវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស/Ha
