ក្រុម លីវឺភូល(Liverpool) មានកម្លាំងចិត្តក្នុងការតាមប្រមាញ់កីឡាករ ធីម៉ូ វើន័រ (Timo Werner) បន្ទាប់ពីដឹងលក្ខខណ្ឌទិញផ្តាច់របស់ខ្សែប្រយុទ្ធរូបនេះគឺត្រឹមតែ២១លានផោនមានន័យថា ថោកជាងការគិតទុកទៅទៀត។
វើន័រ ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកពហុកីឡដ្ឋាន Anfield នៅរដូវក្តៅ ហើយ ខ្សែប្រយុទ្ធរូបនេះថែមទាំងបាននិយាយអំពីក្លឹបជើងឯកក្របខណ្ឌឆេមពានលីកនិងអំពីគ្រូបង្វឹក យើហ្គេន ក្លប់ (Jurgen Klopp) ប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សេចក្តីរាយការណ៍ថ្មីៗនេះបានលើកឡើងថា វើន័រ នឹងអាច Liverpool ទិញបានក្នុងតម្លៃ៥១លានផោន ដែលត្រូវចំណាយមុនខែមេសា មុនពេលតម្លៃខ្លួនរបស់កីឡាកររូបនេះ កើនឡើង ប៉ុន្តែតាមបណ្តាញព័ត៌មានអាល្លឺម៉ង់បានឲ្យដឹងថា តាមពិត វើន័រ អាចទិញបានត្រឹម៣០លាន ផោនប៉ុណ្ណោះ។
កីឡាករអាល្លឺម៉ង់វ័យ២៣ឆ្នាំរូបនេះស្ថិតនៅក្រោមកិច្ចសន្យាជាមួយក្លិបនៅក្របខ័ណ្ឌ Bundesliga ដល់ឆ្នាំ២០២៣ ប៉ុន្តែតម្លៃខ្លួនដ៏ទាបនេះអាចនឹងធ្វើឲ្យក្លិប Liverpool បង្កើនការ តាមប្រមាញ់ខ្សែប្រយុទ្ធរូបនេះឆាប់ៗតាមដែលអាចធ្វើទៅបាន។
រឿងនេះនឹងក្លាយជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Liverpool ស្របពេលកិច្ចព្រមព្រៀងផ្ទេរទំនងជាកើតមានក្នុងពេលឆាប់ៗ។
វើន័រ បានអះអាងថា “លោក យើហ្គេន ក្លប់ គឺជាគ្រូបង្វឹកដ៏ល្អបំផុតក្នុងពិភពលោក។ មានការ អះអាងច្រើនពីថា ទម្រង់លេងរបស់ខ្ញុំស័ក្តិសមនឹងក្លិប Liverpool “៕ ប្រែសម្រួល: ពិសិដ្ឋ
