អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ទេសចរណ៍ និង Covid-19

595
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២០ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ទេសចរណ៍ និង Covid-19 ដោយបាន​អំពាវនាវ​ឲ្យ​មានការ​ទទួលខុសត្រូវ និង​កិច្ចសម្របសម្រួល​។ សេចក្តីថ្លែងការណ៍​នេះ មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​ក្នុងខណៈដែល​ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា បច្ចុប្បន្ន​នៅតែ​បន្ត​កើតមាន អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ទេសចរណ៍​ពិភពលោក ប្តេជ្ញា​ធ្វើការ​រួមគ្នា​ក្នុង​ការណែនាំ​តម្រង់ទិស​ទៅលើ​ការឆ្លើយតប​របស់​វិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ ទៅនឹង​វិបត្តិ Covid-19 នេះ​។​

ប្រធានអង្គការសុខភាពពិភពលោក។

​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បានប្រកាស​អំពី​ការ​រាតត្បាត​នៃ Covid-19 ជា​ភាពអាសន្ន​សុខភាព​សាធារណៈ​ដែលជា​កង្វល់​អន្តរជាតិ ហើយ​បាន​ដាក់ចេញ​នូវ​អនុសាសន៍​បណ្តោះអាសន្ន​មួយចំនួន​។ អង្គការ​សុខភាព​ពិភពលោក​មិនបាន​ផ្តល់​អនុសាសន៍ ឲ្យ​មានការ​រឹតបន្តឹង​លើ​ពាណិជ្ជកម្ម ឬ​ការធ្វើដំណើរ​ណាមួយ​ឡើយ ផ្អែក​តាម​ព័ត៌មាន​ទទួលបាន​នាពេល​បច្ចុប្បន្ន​។ អង្គការ​សុខភាព​ពិភពលោក​កំពុង​បំពេញការងារ​ជាមួយនឹង​អ្នកជំនាញ​ពិភពលោក រដ្ឋាភិបាល និង​ដៃគូរ​នានា​យ៉ាង​ជិតស្និទ្ធ សំដៅ​ពង្រីក​ឲ្យ​បាន​ឆាប់រហ័ស​នូវ​ការយល់ដឹង​បែប​វិទ្យាសាស្ត្រ​ស្តីពី​មេរោគ​ថ្មី​នេះ តាមដាន​អំពី​ការឆ្លង​និង​ឥទ្ធិពល​អាក្រក់​របស់​វា ព្រមទាំង​ផ្តល់​ការណែនាំ​ដល់​ប្រទេស​នានា និង​សហគមន៍​សកលលោក ស្តីពី​វិធានការ​ការពារ​សុខភាព និង​ទប់ស្កាត់​ការឆ្លង​នៃ​ការផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​។​

កិច្ចសហប្រតិបត្តិការ​ជា​គន្លឹះ​

​វិស័យ​ទេសចរណ៍​មានការ​ប្តេជ្ញា​មុតមាំ តម្កល់​ប្រជាពលរដ្ឋ និង​សុខមាលភាព​របស់​ពល​រដ្ឋ​ជា​អាទិភាព ហើយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មាន​តួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុងការ​ធានា​ឲ្យ​វិស័យនេះ អាច​ចូលរួម​ទប់ស្កាត់​ជម្ងឺ Covid-19 ប្រកបដោយ​ប្រសិទ្ធភាព​។ អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​សុខភាព​ពិភពលោក​កំពុង​សហការ​ប្រឹក្សា​យោបល់​គ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​ដៃគូ​ផ្សេងៗ​ទៀត សំដៅ​ជួយ​ដល់​បណ្តា​រដ្ឋ​ទាំងឡាយ​ឲ្យ​ធានាបាន​ការអនុវត្ត​វិធានការ​សុខភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​កាត់បន្ថយ​ឲ្យ​នៅ​តិច​បំផុត​នូវ​ការរារាំង​មិនចាំបាច់​ដល់​ចរាចរណ៍ និង ពា​ណិ​ជ្ចក​ម្ម​អន្តរជាតិ​។ ការឆ្លើយតប​ពី​វិស័យ​ទេសចរណ៍ ទាមទារ​ឲ្យ​មានការ​ថ្លឹងថ្លែង​សមស្រប​ទៅតាម​ភាព​គម្រាមកំហែង​សុខភាព​សាធារណៈ និង​ផ្អែកទៅលើ​ការវាយតម្លៃ​ហានិភ័យ​ក្នុងស្រុក តាមរយៈ​ការជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ផ្នែក​ទាំង​អស់នៃ​សង្វាក់​តម្លៃ​ទេសចរណ៍ មានដូចជា ស្ថាប័ន​សាធារណៈ ក្រុមហ៊ុន​ឯកជន និង​ភ្ញៀវទេសចរ ស្របតាម​អនុសាសន៍ និង​គោលការណ៍​ណែនាំ​ជាទូទៅ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

ប្រធានអង្គការទេសចរណ៍ពិភពលោក។

​អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​សុខភាព​ពិភពលោក​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បំពេញការងារ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្រប់​សហគមន៍​ទាំងអស់ និង​ប្រទេស​ទាំងឡាយ​ដែល​រង​ការប៉ះពាល់​ដោយ​ភាពអាសន្ន​នៃ​សុខភាព​បច្ចុប្បន្ន សំដៅ​ចូលរួម​កសាង​អនាគត​មួយ​កាន់តែ​ប្រសើរ និង​កាន់តែ​រឹងមាំ​។ ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ទាំងឡាយណា​ដែល​ឃ្លាតឆ្ងាយ​ពី​ស្មារតី​ខាងលើ អាច​បណ្តាល​ឲ្យ​មានការ​រំខាន​មិនចាំបាច់​ដល់​ចរាចរណ៍​អន្តរជាតិ រួមទាំង​ផលប៉ះពាល់​អវិជ្ជមាន​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​ស្ថិតក្នុង​ដំណាក់កាល​ប្រឈម​នេះ អង្គការ​សុខភាព​ពិភពលោក​សូម​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ទាំងអស់ ដើម្បី​រក្សា​សាមគ្គីភាព​ជាមួយ​ប្រទេស​រង​ផលប៉ះពាល់​នានា​៕ ល​