ទីប្រឹក្សាសុខាភិបាលរបស់នាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី២៦កុម្ភៈថាប៉ាគីស្ថានបានរកឃើញករណីឆ្លងវីរុសCOVID-19 ចំនួន២ករណី លើកដំបូងគឺប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ(ប៉ាគីស្ថាន) បានបិទព្រំដែនគោកជាមួយអ៊ីរ៉ង់ជាទីដែលមនុស្ស១៩នាក់ បានស្លាប់ដោយសារវីរុសនេះ។
ទីប្រឹក្សាសុខាភិបាល លោក ហ្សាហ្វា មៀហ្សា បាននិយាយថា “ខ្ញុំអាចបញ្ជាក់អំពីករណីឆ្លងវីរុសCOVID-19 ចំនួន២ករណីលើកដំបូងនៅ ប្រទេសប៉ាគីស្ថាន។ ករណីទាំង២នេះកំពុងត្រូវបានមើលព្យាបាលដោយយោងតាមស្តង់ដាវេជ្ជសាស្ត្រហើយអ្នកជម្ងឺ២ករណីនេះមានស្ថានភាពនឹង ដោយមិនមានការប្រែប្រួលទេ ហើយអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រង”។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយមន្ទីរសុខាភិបាលខេត្ដស៊ីង បានបញ្ជាក់ថា ករណីវិជ្ជមានទីមួយត្រូវបានគេរាយការណ៍នៅទីក្រុងការ៉ាជី លើបុរសអាយុ ២២ ឆ្នាំម្នាក់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ជាទីដែលគាត់បានឆ្លងវីរុសនេះ។
ក្រុមមន្ត្រី មិនបានបញ្ជាក់ថាតើកន្លែងណាដែលករណីទី២ ត្រូវបានរាយការណ៍នោះទេ។ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបាននិយាយថា ករណីទី២នេះ គឺនៅទីក្រុងអ៊ីស្លាម៉ាបាដ។
ដោយមានច្រកចេញចូលច្រើននៅតាមព្រំដែន មន្ទីរពេទ្យចាស់ៗនិង ប្រជាជនខ្វះការយល់ដឹងនោះ ប៉ាគីស្ថានប្រឈមនឹងវិបត្តិសុខាភិបាលកាន់តែខ្លាំងដោយសារវីរុសនេះ។
វីរុសនេះ បានឆ្លងដល់ប្រទេសជាង៣០ និងបានសម្លាប់មនុស្សជាង២.៧០០និងឆ្លងដល់មនុស្សជាង៨០.០០០នាក់ ដោយភាគច្រើននៅប្រទេសចិន៕ប្រែសម្រួល៖សុខា/sn

ទាហានប៉ាគីស្ថានពាក់ម៉ាស ឈរនៅព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់កាលពីថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០