ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: កម្លាំង​ល្បាត​នៃ​នគរបាល​ខណ្ឌ​សែន​សុខ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន ២​កញ្ចប់ កាលពី​វេលា​ម៉ោង ១២ និង ៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​អ៊ិន​ធើ​ណិ​ត​គ្មាន​យីហោ​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​បេតុង​១០B ក្រោយ​នឹង​ខារ៉ាអូខេ​ញូ​ស្តារ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ ចាន់ ដេ​ត អាយុ ៣០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ (​ដកហូត​បាន​ថ្នាំញៀន ២ កញ្ចប់​)​។ ទី​២.​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ជា​ម្ចាស់​កង់​បី​មួយគ្រឿង​ពណ៌​ស​មិនមាន​ស្លាក​លេខ​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុននឹង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ កម្លាំង​បាន​ល្បាត​នៅក្នុង​ភូមិសាស្ត្រ ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​បាន​ហៅ​ឲ្យ​ឈប់​និង​ឆែកឆេរ​ទៅលើ​ឈ្មោះ ចាន់ ដេ​ត រកឃើញ​ថ្នាំញៀន​២​កញ្ចប់​ធំ​ល្មម ដែល​ជនសង្ស័យ​ខាងលើ​យកទៅ​លាក់​នៅត្រង់ (​រូត​ខោ​) និង​បន្តទៅ​ឆែកឆេរ​លើ​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត រកឃើញ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​បន្ទាប់មក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ តាម​ចម្លើយសារភាព​ជនសង្ស័យ​ឈ្មោះ ចាន់ ដេ​ត បាន​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំញៀន​២​កញ្ចប់​ធំ​ល្មម​នេះ រូបគេ​បាន​ទិញ​នៅក្នុង​បឹង​ឈូក​ដែលជា​ទីតាំង​សំបូរ​ទៅដោយ​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ដែល​សមត្ថកិច្ច​បាន​បំបែក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​រួចមក កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុតាង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សួរនាំ​បន្ត​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ល​