ពង​គ្រួច​ឥឡូវនេះ​មានការ​ចាប់អារម្មណ៍​ច្រើនណាស់​ដោយសារតែ​វា​អាច​ជំនួស​ការ​ញ៉ាំ​ស៊ុត​មាន់បាន ដោយសារតែ​វា​មាន​រសជាតិ​ដូច​ស៊ុតមាន់​ដែរ គ្រាន់​តែមាន​ទំហំ​តូច​ជាង​ឆ្ងាយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចូរ​កុំ​មើលងាយ​ទំហំ​តូច​នេះ​អី ព្រោះ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ​ច្រើន​គួរសម​ដែរ​។ គ្រាន់តែ ពង​គ្រួច​មួយ​គ្រាប់​អាច​ផ្តល់​ជីវជាតិ​យ៉ាងច្រើន​ដូចជា វីតាមីន B12 សេ​ឡេ​ញ៉ូ​ម Riboflavin និង​Choline ព្រមទាំង​ជាតិ​ដែក​មួយចំនួន​ហើយ​។​

​សេ​ឡេ​ញ៉ូ​ម និង Riboflavin គឺជា​ជីវជាតិ​ដ៏​សំខាន់​ដែល​អាចជួយ​រាងកាយ​រំលាយ​អាហារ ដែល​អ្នក​ញ៉ាំ​និង​បង្កើតជា​ថាមពល​ក្នុង​ខ្លួន​បាន​។ សេ​ឡេ​ញ៉ូ​ម​ក៏​ជួយ​ជំរុញ​ដល់​មុខងារ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​។ វីតាមីន B12 និង​ជាតិ​ដែក​ជំរុញ​ដល់​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ និង​ជួយ​ថែរក្សា​កម្រិត​ថាមពល​ក្នុង​ខ្លួន​តាមរយៈ​ការបង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​។ លើសពីនេះទៅទៀត ជាតិ Choline គឺជា​សារធាតុ​សំខាន់​សម្រាប់​ជួយ​រាងកាយ​បង្កើតជា Acetylcholine ដែលជា​សារធាតុ​ចម្លង​សរសៃប្រសាទ​ពី​ប្រព័ន្ធ​សរសៃប្រសាទ​ទៅ​សាច់ដុំ​។

​ពង​គ្រួច​សម្បូរ​ទៅដោយ​ជីវជាតិ និង​អង់​ទី​អុកស៊ីដ​ង់​ដែល​ជម្រុញ​ដល់​សុខភាព ដែល​ជួយ ជួសជុល​កោសិកា​ដែល​ខូចខាត និង​ព្យាបាល​អាកា​រៈអា​ឡែ​ហ្ស៊ី​។ តាម​ការសិក្សា​រយៈពេល ៧​ថ្ងៃមួយ​ទៅលើ​មនុស្ស ៧៧​នាក់​ដែលមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ច្រមុះ​បាន​រកឃើញថា អាកា​រៈ​កណ្តាស តឹង​ច្រមុះ និង​ហៀរ​សម្បោ​នឹង​ធូរស្រាល​វិញ​ក្នុង​រយៈពេល​មួយ​ម៉ោង ក្រោយពេល​ញ៉ាំ​ពង​គ្រួច និង​ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​រួច​។ ប៉ុន្តែ​វា​ក៏​មិន​ច្បាស់​ថា​សារធាតុ​ចេញ ពី​ពង​គ្រួច​តែមួយ​មុខ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​បែបនេះ​ឬ​អត់​ទេ​។

​ជាមួយគ្នានេះដែរ ការសិក្សា​ទៅលើ​សត្វ​កណ្តុរ​មួយ​បាន​រកឃើញថា ការ​ឲ្យ​ស៊ី​ផ្នែក​កណ្តាល នៃ​ពង​គ្រួច​អាច​កែសម្រួល​អាកា​រៈរ​លាក​បំពង់​លើ​ក្រពះ ដែល​ទាក់ទង​នឹង​ការ​លើស​កោសិកា ឈាមស Eosinophil ដែលជា​ជំងឺ​រលាក​ធ្ងន់ធ្ងរ​មួយ​បណ្តាលមកពី​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​អាហារ​។

​ពង​គ្រួច​ក៏ត្រូវ​បាន​គេ​សិក្សា​ថា អាច​ប្រើ​សម្រាប់​ព្យាបាល​ការបង្ក​រោគ​ដោយ​មេរោគ​គ្រុន​ពោះ វៀន​ដែរ ដោយសារតែ​ពង​គ្រួច​នេះ​ផ្ទុក​ទៅដោយ​អង់ទីគ័រ​ពិសេស​សម្រាប់​ប្រឆាំងនឹង​មេរោគ គ្រុនពោះវៀន​តែម្តង​៕ ដោយៈ​health.com.kh​