ដោយ: ម៉ារ៉ា / ភ្នំពេញ: រថយន្តមួយគ្រឿងម៉ាក FORD RAPTOR បើកបោះពួយទៅបុកខឿនសួនចែកពុះទ្រូងផ្លូវហោះរំលងឆ្លងទៅផ្លូវម្ខាងទៀត រថយន្តបែកកង់កល់ជាប់ទៅមុខលែងរួច ចំណែកអ្នកបើកបរគេចខ្លួនបាត់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង ៥០ នាទីយប់រំលងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក FORD RAPTOR ពណ៌ខ្មៅគ្មានផ្លាកលេខ ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ជួននឹងផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវ ហោះរំលងទៅផ្លូវម្ខាងទៀតបែកកង់ទាំងសងខាងកល់ជាប់ទៅមុខលែងរួច។ ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ។ រីឯអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ ល/Ha