ដោយ: ម៉ារ៉ា / ភ្នំពេញ: អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅបុរីភ្នំពេញថ្មី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ03 ផ្លូវលេខ៥៩៨ ក្នុងបុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះខាងលើនេះមិនមានមនុស្សស្នាក់នៅទេ ដោយផ្ទះសាងសង់ជិតរួចរាល់ហើយ ដោយជាងធ្វើផ្ទះបានទុកសម្ភារនៅក្នុងផ្ទះ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែឃើញមានផ្សែងនិងអណ្តាតភ្លើងឆេះក្តារបន្ទះកុងប្លាកេ ដែលជាងបានទុកនៅជាន់ផ្ទាល់ដីរួចឆេះរាលដាលដល់ឡៅតឿ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកបាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួនពីររថយន្ត ទើបរលត់ទៅវិញជាស្ថាពរ។
សមត្ថកិច្ចបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងឡើងលើនេះ គឺរងការខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ៕ ល/Ha