ដោយៈ ចាន់តូ / ភ្នំពេញ: រោងចក្រផលិតបារីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបាក់ស្រុត កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំបេតុងច្រកចូលវត្តព្រៃស្ពឺ នៅក្នុងភូមិស្រែជម្រៅ ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។
រោងចក្រផលិតបារីជក់មួយអគាផ្ទាល់ដីទំហំ៤០ម៉ែត្រគុណនិង៦០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះបាក់រាបដល់ដី។
តាមសម្ដីសន្តិសុខដែលយាមកាមនៅទីនោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានកម្មករដែលដេកនៅខាងក្នុងរោងចក្រ បានរត់ចេញមកក្រៅប្រាប់រូបគាត់ថា ឆេះរោងចក្រខាងក្នុងហើយ និងប្រាប់ថាមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានអគ្គិភ័យឆាប់ៗ យ៉ាងសន្ធោសន្ធៅ ហើយក៏នាំយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ តែដោយភ្លើងឆេះខ្លាំងពេកបាន ប្រាប់ទៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យចុះមកដល់កន្លែងកើតហេតុជាច្រើនគ្រឿងជាបន្តបន្ទាប់ បានបាញ់ទៅលើរោងចក្រ ដែលកំពង់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ កំពង់តែបាញ់ពន្លត់អគាររោងចក្របានបាក់រាបដល់ដីនៅតែឆេះ ហើយក៏មានការផ្ទុះចេញអណ្តាតភ្លើង។
ការខូចខាតសម្ភារក្នុងរោងចក្រទាំងមូលត្រូវភ្លើងឆេះខ្ទេចគ្មានសល់ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែករថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ជាច្រើនគ្រឿង បានបាញ់រហូតដល់ភ្លឺនៅមិនទាន់រលត់នៅឡើយ៕ ល/Ha