ជម្លោះនាពេលបច្ចុប្បន្នរវាងរបបក្រុងវ៉ាស៊ីនតោននិងប៉េកាំងបានផ្ទុះឡើងបន្ទាប់ពីកាសែត Wall Street Journal ជាភាសាចិន បានចេញផ្សាយបទអត្ថាធិប្បាយមួយមានចំណងជើងថា “ប្រទេសចិនជាអ្នកជំងឺអាស៊ីពិត”។ អត្ថបទនេះបានអះអាងថា “ប៉េកាំងកំពុងព្យាយាមលាក់បាំងទំហំពិតនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាវូហាននិងកំពុងជួបការលំបាកដើម្បីគ្រប់គ្រងជំងឺឆ្លងរាតត្បាតនេះ និង ដើម្បីចាប់ផ្តើមសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ”។

ក្រសួងការបរទេសចិនបានបញ្ជាក់ថាប៉េកាំងមានកាតព្វកិច្ច “ចាត់វិធានការ” ប្រសិនបើវ៉ាស៊ីនតោនបន្ត “យាយីនិងរឹតត្បិត” ស្ថាប័នព័ត៌មានចិន ដែលកំពុងធ្វើប្រតិបត្តិការនៅអាម៉េរិក។

ក្រសួងបាននិយាយថាខ្លួនក៏បានកោះហៅតំណាងស្ថានទូតអាម៉េរិកដើម្បីតវ៉ាអំពីការថ្កោលទោសរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ ចំពោះការសម្រេចចិត្តរបស់ប៉េកាំងក្នុងការបណ្តេញអ្នកយកព័ត៌មានរបស់កាសែត Wall Street Journal ចំនួន ៣ នាក់។

លោកផមផេវនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសដែលមានភាពចាស់ទុំនិងការទទួលខុសត្រូវ យល់ឃើញថា សារព័ត៌មានសេរីរាយការណ៍នូវអង្គហេតុនិងការបញ្ចេញមតិ។ ការឆ្លើយតបត្រឹមត្រូវគឺត្រូវបង្ហាញអំណះអំណាងជំទាស់មកវិញ មិនមែនរឹតត្បិតការបញ្ចេញមតិដូច្នេះទេ”។

ប៉េកាំងបានដកហូតលិខិតបញ្ជាក់សារពត៌មានរបស់អនុប្រធានការិយាល័យប្រចាំក្រុងប៉េកាំងរបស់កាសែត WSJ គឺលោក ចូស​ ជីន និងអ្នកកាសែតមានមូលដ្ឋាននៅទីក្រុងប៉េកាំងគឺលោក ចាវ តេង និង លោក ហ្វីលីព វិន ដោយបញ្ជាពួកគេឱ្យចាកចេញពីប្រទេស។

ការបញ្ជាឱ្យបណ្តេញអ្នកសារព័ត៌មានចេញនេះត្រូវបានចុះផ្សាយ ខណៈកាសែត WSJ បានបដិសេធម្តងហើយម្តងទៀតដើម្បីសុំអភ័យទោសចំពោះអត្ថបទ ដែលចាត់ទុកចិនជា “អ្នកជំងឺអាស៊ីពិត”។

ក្រុមមន្ត្រីចិនបានខឹងសម្បារនឹងអត្ថបទនេះ ដោយលើកហេតុផលថា ឃ្លា “អ្នកជំងឺ” គឺជាការរើសអើងជាតិសាសន៍នៅក្នុងខ្លឹមសារដែលធ្លាប់បានប្រើដោយមហាអំណាចលោកខាងលិចក្នុងសតវត្សរ៍ទី ១៩ ដើម្បីបន្ទាបបន្ថោកប្រទេសចិន។

អត្ថបទបែបបញ្ចេញយោបល់ ដែលសរសេរដោយលោកវ៉ាល់ធឺ រូសសែល មីដ និង ចុះផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈក្នុងចំណោមអត្ថបទជាច្រើនទៀតនោះ បានចោទប្រកាន់ថា ប៉េកាំងកំពុងបរាជ័យ “ក្នុងការគ្រប់គ្រងជំងឺរាតត្បាតនិងចាប់ផ្តើមសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ” និងកំពុងព្យាយាមលាក់បាំងទំហំពិតនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាវូហាន៕ ដោយ៖ កញ្ញាដាលីស

ចិនបានបណ្តេញអ្នកកាសែត Wall Street Journal បីនាក់ ក្រោយចេញផ្សាយអត្ថបទមើលងាយចិន