សង្គ្រាមលោកលើកទី៣? ឥណ្ឌាអាចនឹងឈ្លានពានប៉ាគីស្ថាន រួចទាញចិនចូលក្នុងជម្លោះ

យោងតាមលោកបាយពីនដ្រា ឥណ្ឌាត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយកតំបន់កាស្មៀរ ដែលកាន់កាប់ដោយប៉ាគីស្ថាន

អ្នកជំនាញម្នាក់បានអះអាងថា លោក ណារិដ្រា ម៉ូឌី អាចនឹងត្រៀមខ្លួនឈ្លានពានតំបន់កាស្មៀរដែលកាន់កាប់ដោយប៉ាគីស្ថាន នៅក្នុងចំណាត់ការមួយ ដែលអាចប្រថុយទាញចិនចូលទៅក្នុងជម្លោះដ៏មហន្តរាយ។

ហើយអ្នកកាសែតជំនាញផ្នែកការពារជាតិនិងអវកាសមានមូលដ្ឋាននៅទីក្រុងញូវដេលី លោក អ៊ិនស៊ី បាយភីនដ្រា បានរ៉ាយរ៉ាប់ជាដំណាក់កាលៗអំពីរបៀបដែលស្ថានភាពប្រឈមអាចនឹងកើនឡើង។ ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានជុំវិញតំបន់ជម្លោះបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសចាប់តាំងពីការវាយប្រហារភេរវកម្មកាលពីឆ្នាំមុនដោយពួកសកម្មប្រយុទ្ធប៉ាគីស្ថានបានឆក់យកអាយុជីវិតប៉ូលិសឥណ្ឌាចំនួន ៤៤ នាក់។

ប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក ដោយក្នុងនោះឥណ្ឌាបើកការវាយប្រហារតាមអាកាសទៅលើអ្វីដែលខ្លួននិយាយថាជាជំរំហ្វឹកហាត់របស់ពួកសកម្មប្រយុទ្ធ ហើយប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាសងសឹកវិញ។

សរសេរនៅក្នុងកាសែត The New Indian Express លោកបាយពីនដ្រាបាននិយាយថា “រដ្ឋាភិបាលលោកម៉ូឌីកាលពីឆ្នាំមុនបានបន្លឺសំឡេងខ្លាំងឡើងអំពីការដណ្តើមយកដែនដីកាស្មៀរមកវិញ។ នៅក្នុងខែមករា អគ្គមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា លោកឧត្តមសេនីយ៍ ម៉ាណុច ណារ៉ាវ៉ាណេ បាននិយាយថា ប្រសិនបើសភាយល់ព្រម នោះកងកម្លាំងរបស់គាត់ត្រៀមខ្លួនរួចរាល់ហើយ”។

“រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសានកា អគ្គសេនាធិការកងទ័ពការពារជាតិ លោកឧត្តមសេនីយ៍ បាយពីន រ៉ាវ៉ាត់ និងរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក រ៉ាចណាត ស៊ីង បានលើកឡើងថា ឥណ្ឌាអាចដណ្តើមយកដែនដីស្របច្បាប់របស់ខ្លួនមកវិញ ដោយផ្អែកលើសេចក្តីសម្រេចរបស់សភាឆ្នាំ ១៩៩៤”។

លោកបាយពីនដ្រាបានលើកឡើងថាប្រតិបត្ដិការបែបនេះគឺពាក់ព័ន្ធនឹងលោកម៉ូឌីបញ្ជូននាវាផ្ទុកយន្តហោះ INS Vikrant ដែលបំពាក់ដោយមីស៊ីលលឿនជាងសំឡេង BrahMos រួមជាមួយនឹងក្រុមនាវាចម្បាំងរបស់ខ្លួនដើម្បីរាំងខ្ទប់កំពង់ផែប៉ាគីស្ថាន។

នៅគ្រាដំណាលគ្នានោះដែរ កងទ័ពចំនួន ៥ ម៉ឺននាក់នឹងត្រូវកេណ្ឌ ហើយឆ្លងខ្សែបន្ទាប់គ្រប់គ្រង (LoC) ចូលទៅក្នុងតំបន់កាស្មៀរ ដែលកាន់កាប់ដោយប៉ាគីស្ថាន។

ដំណាលគ្នានោះយន្ដហោះ Rafale នឹងទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់របស់ប៉ាគីស្ថាននៅតាមបណ្តោយខ្សែបន្ទាត់ LoC ហើយរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដនឹងប្រើយន្តហោះ F-16 ដើម្បីទប់ទល់នឹងយន្តហោះ Rafale ។

លោកបាយពីនដ្រានិយាយថា “សមរភូមិជើងអាកាសនឹងចាប់ផ្តើម ខណៈកងទ័ពឥណ្ឌានៅលើគោក ដែលគាំទ្រដោយរថក្រោះ T-90 និង T-72 ធ្វើដំណើរឆ្លងកាត់តំបន់ចាមមូ ចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាផ្នែកមួយនៃការវាយលុកហៅថា Strike Corps ដើម្បីដណ្តើមយកគោលដៅយុទ្ធសាស្ត្រជ្រៅៗនៅក្នុងទឹកដីសត្រូវ។ នេះជាសញ្ញានៃសង្គ្រាមពេញទំហឹងរវាងឥណ្ឌានិងប៉ាគីស្ថានដើម្បីគ្រប់គ្រងទឹកដីកាស្មៀរដែលកាន់កាប់ដោយប៉ាគីស្ថាន។ វាជាតំបន់គោលដៅយុទ្ធសាស្រ្តដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយយោធាឥណ្ឌានិងនយោបាយកំពូលៗនៅក្នុងឆ្នាំ ២០១៩”។

លោកបាយពីនដ្រានិយាយថា បញ្ហាជាមួយសេណារីយ៉ូបែបនេះ តាមទស្សនៈរបស់ឥណ្ឌា គឺសម្ព័ន្ធភាពយុទ្ធសាស្រ្តជិតស្និទ្ធរវាងប៉ាគីស្ថាននិងចិន។

លោកបានបន្ថែមទៀតថា “ចិនមានពិន្ទុខ្ពស់ជាងឥណ្ឌានៅលើសមរភូមិមីស៊ីល។ ចិនមានមីស៊ីលឆ្លងអន្តរទ្វីប ដែលអាចហោះដល់ដីគោកអាម៉េរិក។ មីស៊ីល DF-21 របស់ចិនគឺជាអ្នកពិឃាតនាវាផ្ទុកយន្តហោះ”។

លោកបន្តថា “ម៉្យាងវិញទៀត ឥណ្ឌាបានបង្កើតមីស៊ីល Agni-V ដែលអាចហោះដល់ទីក្រុងប៉េកាំង។ ឥណ្ឌានៅកំពុងអភិវឌ្ឍមីស៊ីលឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹកធុន K-5 ដែលមានរយៈចម្ងាយ ៣.៥០០ គីឡូម៉ែត្រ។ ឥណ្ឌាក៏បានសាកល្បងដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹកប្រភេទ K-15 ដែលមានរយៈចម្ងាយ ៧០០ គីឡូម៉ែត្រផងដែរ”។

លោកបាយពីនដ្រាបានព្រមានថា មិនថាគេប្រៀបធៀបកម្លាំងនិងកម្លាំងយ៉ាងណានោះឡើយ លទ្ធភាពនៃការរីករាលដាលភាពតានតឹងទៅជាជម្លោះកាន់តែធំឡើងគឺអាចនឹងកើតឡើង។

លោកបានពន្យល់ថា “ដូចអ្វីៗដែលបានឃើញសព្វថ្ងៃអ៊ីចឹង ប្រសិនបើមានការវាយប្រហារលុក២ទិសមកលើឥណ្ឌាពីចិននិងប៉ាគីស្ថាន នោះប្លុកខាងត្បូងរំពឹងថា ទាំងសហរដ្ឋអាម៉េរិកនិងរុស្ស៊ីនឹងគាំទ្រឥណ្ឌា”។

លោកបន្តថា “ខណៈរុស្ស៊ីជាមិត្តភក្តិការទូតជាប្រពៃណីរបស់ឥណ្ឌានិងឱ្យតម្លៃលើទំនាក់ទំនងនេះច្រើនជាងប្រទេសដទៃទៀត សហរដ្ឋអាម៉េរិកបានបោះបង់ចោលនូវសង្រ្គាមត្រជាក់របស់ខ្លួនហើយបោះជំហានទៅមុខឆ្ពោះទៅរកទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចប្រសើរជាងមុនជាមួយឥណ្ឌា។ លើសពីនេះ សហរដ្ឋអាម៉េរិកមានជំនួញលើវិស័យការពារជាតិជាមួយឥណ្ឌាច្រើនជាងជាមួយចិនឬប៉ាគីស្ថាន ដែលអាចជាកត្តាសំខាន់ក្នុងការសម្រេចចិត្តអំពីភាពស្មោះត្រង់របស់វ៉ាស៊ីនតោន ប្រសិនបើឥណ្ឌាត្រូវតែការពារខ្លួនពីសម្ព័ន្ធភាពយោធារវាងចិននិងប៉ាគីស្ថាន”៕ ដោយ៖កញ្ញាដាលីស

ប្រភព៖ Express.co.uk

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...