ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ប្រកាសឡើងប្រកួតសងសឹក ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ កេង កាត់ (Keng Kat) លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ ម្ដងទៀត នៅរសៀលថ្ងៃទី២៩ កុម្ភៈ ខាងមុខនេះ។
តាមពិត អ្នកប្រដាល់ទាំង ២ រូបនេះ ធ្លាប់ជួបប្រកួតគ្នា ៣ ឬ ៤ លើក មកហើយ ដែលក្នុងប្រវត្តិជួបគ្នា កន្លងមកនេះ រិទ្ធី ពុំធ្លាប់បានឈ្នះ កេង កាត់ នោះឡើយ គឺបានត្រឹមតែស្មើពិន្ទុប៉ុណ្ណោះ ។ សម្រាប់ជំនួបលើកនេះ មិនដឹងថា រិទ្ធី មានអ្វីថ្មី ដើម្បីកសាងប្រវត្តិសាស្ត្រ ជាមួយគូសត្រូវចាស់ របស់ខ្លួននោះទេ ។

រិទ្ធី វ៉ៃមិនសូវចេះសំចៃកម្លាំងនោះទេ ទោះបីគេវ៉ៃតែខ្យល់សោះ ក៏វ៉ៃដែរ ហើយចុងក្រោយ គេបានត្រឹមតែស្រុតកម្លាំង ដោយឥតប្រយោជន៍ តែប៉ុណ្ណោះ។ រិទ្ធី ចូលចិត្តវ៉ៃចេញច្រើន តែការវ៉ៃចេញរបស់គេ មិនសូវបានផលឡើយ ។ ចំពោះ កេង កាត់ វ៉ៃចេញមួយ និងដោយភាពត្រជាក់ចិត្ត ម្ល៉ោះហើយ ការវ៉ៃចេញមួយៗនេះ ចំគោលដៅបានច្រើន ។
លើកនេះ ទំនងជា ពុទ្ធ ឆាយរិទ្ធី ត្រៀមខ្លួនបានល្អជាង លើកមុនហើយមើលទៅ បានជាគេអន្ទះសារ ចង់សងសឹកបែបនេះ ។ ចំពោះ កេង កាត់ វិញ ក៏ប្រហែលជាមិនធ្វេសប្រហែស ក្នុងការហ្វឹកហាត់ដែរ ។
សូមបញ្ជាក់ថា រិទ្ធី មានប្រវត្តិប្រកួត ចំនួន១២៨ដង ឈ្នះ៩៥ដង ចាញ់៣០ដង និងស្មើពិន្ទុ៣ដង ។ចំពោះកេង កាត់វិញ គេមានប្រវត្តិប្រកួត ចំនួន១០៩ដង ឈ្នះ៩៦ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង ។ កេង កាត់ ឬ ពុទ្ធ ឆាយរិទ្ធី ជាអ្នកបន្ថែមស្ថិតិឈ្នះ ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?។
ចាន់ ស៊ីណាត ក្លិបនិរោធន៍មានជ័យ ដែលបាត់មុខមួយរយៈហើយនោះ បានលេចមុខមកវិញ ដោយជួបប្រកួត ជាមួយអ្នកប្រដាថៃ ឡាំ ណាំឆូក (Lam Namchhok) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។
ស៊ីណាត គេបាត់មុខពីសង្វៀន អាស៊ីអាគ្នេយ៍ មួយរយៈវែងហើយៗ កន្លងមក គេមកប្រកួតនៅសង្វៀន អាស៊ីអាគ្នេយ៍ មិនសូវបានទទួលលទ្ធផលល្អ នោះឡើយ ។ មានពេលខ្លះ គេបានភ្លាត់មាត់ថា ការមកប្រកួតនៅសង្វៀន អាស៊ីអាគ្នេយ៍ អ្នកប្រដាល់បរទេសភាគ ច្រើនគឺខ្លាំង បើឈ្នះ ក៏ទ្រមខ្លួនដែរ ។
ឡាំ ណាំឆូក គឺជាអ្នកប្រដាល់ចំណូលថ្មី ។ នេះជាលើកដំបូងហើយ ដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ គេមិនបានដឹងថា តើអ្នកប្រដាល់ ចំណូលថ្មីថៃ រូបនេះ មានរបៀបវ៉ៃ យ៉ាណា ហើយខ្លាំង ឬ ខ្សោយនោះទេ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៧៥ដង ឈ្នះ៦៧ដង ចាញ់៧ដងនិងស្មើពិន្ទុ១ដង ។ ចំពោះអ្នកប្រដាល់កម្ពុជា ចាន់ ស៊ីណាត វិញ គេមានប្រវត្តិប្រកួត ចំនួន១២០ដង ឈ្នះ៩០ដង ចាញ់២០ដង និងស្មើពិន្ទុ១០ដង ។ ជំនួបនេះ នរណាឈ្នះ ?។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ តក់ សោភ័ណ្ឌ ក្លិបអេភូថងកីឡា ដែលបាត់មុខ ដោយសារតែផ្លាស់ប្ដូរក្លិប ញឹកញាប់ពេកនោះ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ជើងចាស់ អាយុច្រើន នន់ ជំនិត ក្លិបស្វាយរលំមានរិទ្ធ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៧០ គីឡូក្រាម ។
លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយ អ្នកប្រដាល់ នួន សុវណ្ណរាជ ក្លិបខេត្តរតនគីរី ដោយ្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ សេក គឹមអាន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយ អ្នកប្រដាល់ជើងចាស់ ដែលបាត់មុខ រាប់ឆ្នាំហើយនោះ គឺអ្នកប្រដាល់ លាស់ យីន ក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ៕v