ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរស្រុកអង្គរធំ បានឱ្យដឹងថា ដោយមានការស្នើសុំពីពលរដ្ឋនិងម្ចាស់ដីឡូតិ៍ របស់ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក ថា ម្ចាស់ដីឡូតិ៍ ឈ្មោះ ផល និមល បានឈូសឆាយដី រំលោភលើដីរបស់ខ្លួន ដោយគ្មានការអនុញ្ញាតិនោះ ទើបអាជ្ញាធរចម្រុះនៃស្រុកអង្គរធំ បានចុះស្រាវជ្រាវនិងរកដំណោះស្រាយជូនពួកគាត់ផងដែរ។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា ស្រ្តីដែលមានឈ្មោះ ផល និមល បាននិយាយ ប្រាប់ពួកខ្ញុំថា ខ្លួនគេមិនបានពុះដីឡូតិ៍លក់ទេ តែ តាមរូបភាពជាក់ស្តែងឃើញ ថា ស្ត្រីខាងលើនេះពិតជាបាន ពុះដីឡូតិ៍លក់ មានដាំបង្គោលជាឡូតិ៍ស្រាប់ ព្រម ទាំងបានលក់អស់៦០% ទៀតនេះបើតាមការសម្ភាសន៍ពីអ្នកជិតខាង។

ចំពោះការពុះដីឡូតិ៍របស់ស្រ្តីជើងខ្លាំងខាងលើនេះ មិនទាន់ដឹងថា មានច្បាប់អនុញ្ញាតអភិវឌ្ឍន៍ដីឬនៅ? បើតាមច្បាប់អភិវឌ្ឍន៍ដី ត្រឹម៥ ពាន់ម៉ែត្រការេសុំត្រឹមស្រុក ៣ម៉ឺនម៉ែត្រ ការ៉េសុំដល់ខេត្ត និងលើស៣ម៉ឺនម៉ែត្រ ការ៉េ ត្រូវសុំដល់ក្រសួង។ស្ត្រីជើង ខ្លាំងម្នាក់ នេះហ៊ានឈូសឆាយយកដីប្រជា ពលរដ្ឋធ្វើផ្លូវដើម្បីប្រយោជន៍ខ្លួនឯងនេះបាន ដោយសារមានមន្រ្តីអាជ្ញាធរភូមិ បាលរងស្រុកជាអ្នកកាងពីក្រោយដើរគូសផ្លូវផ្តេសផ្តាស់តាមទំនើងចិត្តដោយមិនគិតផលប៉ះពាល់ដីពលរដ្ឋ។

ដោយឡែកពលរដ្ឋឈ្មោះឈួយ សែន ជាអ្នករស់ នៅនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ បានរៀបរាប់ថា ម្ចាស់ដីឡូតិ៍ ឈ្មោះ ផល និមល បានឈូសឆាយធ្វើផ្លូវចូលដីរបស់គាត់អស់ដីទំហំ១៥ម៉ែត្រ។

អ្នកស្រីបន្តថា ចាំសុំប្លង់ដីយាយ ខា មើលសិន បើអត់មានជាប់ផ្លូវ នោះទេនឹងត្រូវប្រគល់ឱ្យគាត់វិញ។អ្នកបន្ថែមថា តាំងពីមុនមកដីនៅម្តុំនេះគ្មានផ្លូវនោះទេ។ អ្នកស្រី ស្នើឱ្យ មន្ត្រីសុរិយោដី ស្រុកអង្គរធំ មេត្តាពិនិត្យមើលប្លង់ឱ្យ បានច្បាស់លាស់មុននឹងសម្រេចកាត់ដីពលរដ្ឋយកមកធ្វើផ្លូវឲ្យម្ចាស់ដីឡូតិ៍ខាងលើ។

ចំណែកស្ត្រីឈូយ សុទន់ ថ្ងៃនេះគាត់មកជួបជាមួយអាជ្ញាធរស្រុក ដោយសយំស្នើឱ្យអាជ្ញាធរជួយដោះស្រាយជូនពួកគាត់។គេឈូសចូលដីពួកគាត់ ហើយសុំតែត្រឹមបង្គោលដីចាស់ទៅតាមប្លង់តែប៉ុណ្ណោះ។

ពលរដ្ឋម្នាក់ទៀតបានឱ្យដឹងថា ក្តាត ហូន ដីគាត់នៅចំកណ្តាល ហើយត្រូវម្ចាស់ដីឡូតិ៍ថ្មី បានឈូសចូលដីគាត់ក្នុងបំណងធ្វើផ្លូវ។ដីរបស់តាំងពីដូនតាមកម្លេះ។

លោក ម៉ន តាំងលី អ្នកតំណាងដីឡូតិ៍ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក បានឱ្យដឹងថា ពាក់ ព័ន្ធជាមួយផ្លូវនេះ គាត់ទិញដីទាំងនេះពីម្ចាស់ដើមមកគឺមានប្លង់ត្រឹមត្រូវ ហើយក្នុងប្លង់នោះក៏មិនមានផ្លូវចាស់ទេ។

លោកបន្តថា ដីនេះខាងលោកទិញតពីគេ ក្នុងតម្លៃមួយត្រឹមត្រូវតាមហាងឆេង។ហើយបើម្ចាស់ដីឡូតិ៍មួយ ទៀតចង់ធ្វើផ្លូវចេញមកចំដីរបស់គាត់គឺមិនអាចទេ ព្រោះគាត់ទិញពីគេដែរ ហើយប្លង់ដីមិនជាប់មិនជាប់ផ្លូវចាស់អីដែរ។

លោក បានសំណូមពរទៅ លោកអភិបាលស្រុក និងជំនាញពាក់ព័ន្ធមេត្តា ជួយកែសម្រួលឲ្យពួកគាត់ទៅ បើចំពោះដីគាត់គឺផ្លូវធ្វើខ្លួនឯង ជាដីកម្មសិទ្ធិរបស់ពួកគាត់និងកុំឱ្យ ប៉ះពាល់ពលរដ្ឋតទៅ ទៀត។ចំណែកអ្នកស្រី ផល និមល ដែលជាម្ចាស់ដីឡូតិ៍ដែលឈូសឆាយប៉ះពាល់ដីពលរដ្ឋនិងម្ចាស់ដីឡូតិ៍មួយ ទៀត នោះបានឱ្យដឹងថា គាត់មិនបានបើកក្រុមហ៊ុនដីឡូតិ៍អីនោះទេ គឺជាដីបង ប្អូនម្នាក់កន្លះហត្ថ ពីរ ចូលលុយ ទិញរួមគ្នា។អ្នកស្រីបន្តថា ដោយមើលច្បាប់ដីរបស់គាត់មានផ្លូវទើបគាត់ហ៊ានទិញពីគេ។

អ្នកស្រី បន្តថា ករណីនេះខាងអ្នកស្រីទុកឱ្យអាជ្ញាធរស្រុកជួយដោះស្រាយឱ្យបានយុត្តិធម៌ទាំងអស់គ្នា។ចំណែកលោក វ៉ាត់ វុន អនុប្រធានភូមិបាលស្រុកអង្គរធំ ដែលជាអ្នកវាស់វែងដី នៅស្រុកនេះបានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះលោកមិនទាន់ដឹងថាយ៉ាងណាទេ ដោយថ្ងៃនេះចុះស្រាវជ្រាវរកផ្លូវដែលពលរដ្ឋខ្លះថា មានផ្លូវចាស់និងពលរដ្ឋខ្លះថា មិនមានផ្លូវចាស់ទេ។

លោកបន្តថា ករណីនេះលោកបានឱ្យ ខាងភូមិនិងឃុំសិក្សាទៅលើប្លង់របស់ពលរដ្ឋឲ្យបានច្បាស់ហើយនិងត្រូវកំណត់ថាមានផ្លូវឬមិនមានផ្លូវ។លោកបន្តថា ស្រេចតែថ្នាក់លើទេបើចង់បិទឬបើកនោះ តែលោកថា បើមានផ្លូវវាជារឿងល្អសម្រាប់ថ្ងៃក្រោយ។

ចំណេក លោកជំទប់ទី១ ឃុំ ពាក់ស្នែង បានឱ្យដឹងថា តាមឯកសារទល់ព្រៃ មិនមានផ្លូវទេ ហើយ ករណីនេះនឹងពិភាក្សា ជាមួយមេឃុំ។លោក គូ សាម ប្រធានការិយា ល័យអន្តរវិស័យស្រុកអង្គរធំ បានឱ្យដឹងថា យោងតាមសំណើររបស់ លោក ស្វាយ សាវង់ ម្ចាស់ដីឡូតិ៍ ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក បានដាក់លិខិតសុំអន្តរាគមន៍ទៅសាលាស្រុក ទើបខាងលោកនិងអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យលើដីនេះ។

លោកបន្តថា តាមការពិនិត្យភាគីរបស់អ្នកស្រី និមល ឯកសារមានផ្លូវនៅទិសខាងលិច។លោកបន្តថា យោងតាមចាស់ព្រឹទ្ធាចារ្យ បាននិយាយថា ប្រវត្តិដីនេះគ្មានផ្លូវទេ។លោកបន្តថា បើជាដីកម្មសិទ្ធរបស់លោកស្វាយ សាវង់ គឺជាសិទ្ធស្វ័យសម្រេចរបស់គាត់ ថាត្រូវបើកឬក៏បិទ វាអាស្រ័យលើម្ចាស់កម្មសិទ្ធិបុគ្គលក្នុងការគ្រប់គ្រងដី។ក្នុងករណីនេះខាងលោកនឹងបន្តធ្វើការជាមួយអាជ្ញាធរបន្ថែមទៀត។

ពលរដ្ឋកំពុងរង់ចាំមើលថា តើ លោក វ៉ាត់ វុន ដែលជាប្រធានភូមិបាលរងស្រុក នឹងត្រូវដោះស្រាយ ករណីរំលោភបំពានយកដីធ្លីរបស់ពលរដ្ឋធ្វើជាផ្លូវបុគ្គល ដោយរបៀបណា។ជាចុងក្រោយ ពលរដ្ឋសូមអំពាវនាវ ដល់ លោក ឡុង រដ្ឋារក្ស អភិបាល ស្រុកអង្គរធំ ឱ្យ ជួយដោះស្រាយបញ្ហាដីធ្លីខាងលើនេះជូនពួកគាត់ឲ្យលឿន ព្រោះពលរដ្ឋទាំងនេះខ្លាចបាត់ដីរបស់ពួកគាត់ ហើយត្រូវទៅឆ្ងាយដើម្បីធ្វើការរកលុយចិញ្ចឹមគ្រួសារទៀតផង៕/B