ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ គ្រាន់តែទស្សនា ត្រឹមតែ Trailer ប៉ុណ្ណោះ រឿង ”វិញ្ញាណ តៃហោង” ក៏បង្ហាញអារម្មណ៍ព្រឺព្រួចទៅហើយ សម្រាប់អ្នកដែលនិយម ចូល ចិត្តទស្សនា រឿងខ្មោច បែបភ័យ កម្សត់ស្នេហាព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាព កំប្លុកកំប្លែង ពេលនេះ ផលិតកម្ម បាដិហារ្យភាពយន្ត និងគ្រោងដាក់បញ្ចាំងភាពយន្ត រឿង”វិញ្ញាណតៃហោង” នាដើមខែមីនា ២០២០ ខាងមុខនេះហើយ។
លោក ស៊ុម ភារិន ផលិតករ និងជាចាងហ្វាងផលិតកម្ម បាដិហារ្យភាពយន្តបាន បញ្ជាក់ថា ភាពយន្តថ្មីរឿង “វិញ្ញាណតៃហោង” បានបញ្ចេញជា Poster និង Trailer រួចហើយ ដោយត្រៀមនឹងបង្ហាញវត្តមានជាផ្លូវការជូនទស្សនិកជន ទស្សនាចាប់ពី ថ្ងៃ ទី២ ខែមីនា ឆ្នាំ២០២០តទៅ។ លោកថាជាភាពយន្តមានគ្រប់រសជាតិ កម្សត់ស្នេហា ព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាពកំប្លុកកំប្លែង។
ផលិតកររូបនេះបានបង្ហាញក្ដីរំពឹងខ្ពស់ថា”វិញ្ញាណតៃហោង” នឹងទទួលការគាំទ្រ ពីទស្សនិកជន ព្រោះតែឆ្នាំ២០២០នេះលោកពង្រឹងទៅលើផ្នែកបច្ចេកទេស ដោយ បំពាក់ឧបករណ៍ផលិតថ្មីទំនើបស្របតាមស្តង់ដា បូករួមទាំងពង្រឹងសមត្ថភាព ការ ជ្រើសរើសតួសម្តែង និងសាច់រឿងដែលល្អស្របតាមទីផ្សារភាពយន្តបច្ចុប្បន្នផង។
ក្រៅតែពីស្នាដៃរឿង”វិញ្ញាណតៃហោង” ផលិតកម្ម បាដិហារ្យភាពយន្តត្រៀមនឹង បញ្ចេញស្នាដៃ ៣ផ្សេងទៀតផងដែរក្នុងឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបតាម តម្រូវការ ទីផ្សារនៃអ្នកទស្សនាភាពយន្តខ្មែរ៕