ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អភិបាលស្រុកព្រៃនប់ លោកសរ កក្កដា បានដឹកនាំមន្ត្រីពាក់ព័ន្ធក្នុងស្រុកចុះពិនិត្យ ដំណើរការសេវាការងារក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស«ចេជាង»នៅឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២៧កុម្ភៈ២០២០និងពិនិត្យទំនប់ទឹក(អាងស្តុកទឹក)ក្នុងរោងចក្រ បង្ការមិនអោយជនហូរខ្លាំងកាត់ផ្លូវជាតិលេខ៤ ដូចរដូវវស្សាឆ្នាំមុនទៀត។
បើតាមតំណាងក្រុមហ៊ុនអោយដឹងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចមួយនេះ មានរោងចក្រចំនួន៤ កំពុងដំណើការ មានកម្មករ១២០០នាក់ និងរោងចក្រចំនួន២ទៀតកំពុងចាប់ផ្តើមដំណើរការ ជ្រើសរើសកម្មករមក បង្រៀនសាកល្បងជាបណ្តើរៗ ដែលមានតម្រូវការកម្មករជិត១០០០នាក់បន្ថែមទៀត។
តំណាងរូបនោះអោយដឹងបន្តទៀតថា តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីសរុប១៦០ហិកតា ស្ថិតនៅជាប់ផ្លូវជាតិ លេខ៤ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ដែលកំពុងដំណើរការសាងសង់ផងនិងដាក់អោយដំណើរការផលិតសម្ភារៈនាំចេញជាបណ្តើរៗផង និងថា ក្រោយពេលបញ្ចប់ការសាងសង់រួច តំបន់សេដ្ឋកិច្ចពិសេសនេះ អាចស្រូបយកកម្លាំងពលកម្ម កម្មករប្រមាណជិត១ម៉ឺននាក់ មានការងារធ្វើនៅទីនេះ៕/B