ដោយៈ មេសា/ភ្នំពេញៈ លោក លន់ មុនីរតនា រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា បានមានប្រសាសន៍ទូលប្រគេនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ថា “ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយដ៏ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពិភពលោក ទាំងថ្នាក់តំបន់អាស៊ាន និង អនុតំបន់ទន្លេមេគង្គ ជាពិសេសបានរៀបចំបើកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីធានាសន្តិភាពនិងការអភិវឌ្ឍជានិរន្តន៍លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសាសនាផងដែរ “ ។
លោក លន់ មុនីរតនា មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយទិវាសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿពិភពលោក ស្តីពីកិច្ចសន្ទនាអន្តរជំនឿ ដើម្បី សន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង រៀបចំនៅឯទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារខេមរាបាត់ដំបង១ ខេត្តបាត់ដំបង ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះមេគណមេដឹកនាំសាសនា និងថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាទាំង២៥រាជធានីខេត្តជិត៤០០អង្គ និង នាក់។
លោក លន់ មុនីរតនា ទូលប្រគេនបន្តទៀតថា ជំនឿ និង សាសនាគឺជាប្រភពនិងជាមូលដ្ឋានគ្រឹះ នៃ ខឿនវប្បធម៌ ក្នុងការរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រទេសនីមួយៗក៏ដូចជាពិភពលោកទាំងមូល ហើយជំនឿ និង សាសនាក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយក្នុងការបង្កឲ្យមានជម្លោះ និងមានវិបត្តដ៏រ៉ាំរ៉ៃនៅក្នុងសង្គមជាតិទាំងមូលផងដែរ ។ សាសនា គឺជាផ្នែកដ៏សំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សនៅក្នុងសង្គម ហើយមេដឹកនាំសាសនាជាទូទៅត្រូវបានគេគោរពឱ្យតម្លៃនិង ជឿទុកចិត្ត ដូចនេះហើយមេដឹកនាំសាសនា មេដឹកនាំវត្តអារាម មានតួនាទីនិងមានឥទ្ធិលពលយ៉ាងខ្លាំងលើបរិស័ទរបស់ខ្លួនក្នុងការអប់រំផ្នែកចំណេះដឹង អាកប្បកិរិយា ចិត្ត និងវិញ្ញាណ។
លោក លន់ មុនីរតនាទូល ប្រគេនបន្តថា កិច្ចសន្ទនាអន្តរជំនឿ គឺជាកម្មវិធីមួយដែលអាចជម្រុញឱ្យសាសនានីមួយៗក្នុងសង្គមមានឱកាសសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងកំណត់ដឹងនូវបញ្ហា ដើម្បីដាក់ទិសដៅ រួមគ្នាលើការដោះស្រាយបញ្ហាដោយគោរពជំនឿសាសនា អត្តសញ្ញាណជំនឿសាសនានីមួយៗ ព្រមទាំងចូលរួមថែររក្សាសន្តិភាព និង កសាងសង្គមជាតិឱ្យចម្រើនរុងរឿងជានិរន្តរ៍ ហើយលោកជឿថា លទ្ធផលរំពឹងទុកនឹងទទួលបានចំណេះដឹងបទពិសោធន៍ស្តីពីវប្បធម៌ និង ការគ្រប់គ្រងអន្តរជំនឿសាសនា ដើម្បី សន្តិភាព និង ការអភិវឌ្ឍជានិរន្តរ៍ដល់ប្រទេសតាមដងទន្លេមេគង្គ ធានាសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសក្នុងអនុតំបន់និងតំបន់ ចូលរួមកាត់បន្ថយភាពក្រីក្រ ការបង្កើតឱ្យមានការអភិវឌ្ឍសុខុមាលភាពប្រជាពលរដ្ឋនិងបង្កើតបណ្តាញសម្រាប់ចែករំលែក ស្តីពីវប្បធម៌និងការគ្រប់គ្រងអន្តរជំនឿសាសនា ដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ដល់ប្រទេសតាមដងទន្លេមេគង្គ ។
លោក ហ៊ឹម វិបុលឬទ្ធិ អគ្គនាយកកិច្ចការសាសនា មានប្រសាសន៍ទូលប្រគេនថា សិក្ខាសាលាផ្សព្វផ្សាយ ទិវាសាសនាពិភពលោកនាពេលនេះគឺជាសកម្មភាពទី៤ នៃសកម្មភាពទាំង ៧ របស់គម្រោងស្រាវជ្រាវកិច្ចសន្ទនាអន្តរជំនឿសាសនា ស្តីពីសន្តិភាព និង ការអភិវឌ្ឍជានិរន្តរ៍ក្នុងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដែលមានទិសដៅផ្សព្វផ្សាយចែករំលែកបទពិសោធន៍ស្តីពីវប្បធម៌ និងការគ្រប់គ្រងអន្តរជំនឿសាសនា ពង្រឹងកិច្ចសហប្រតិបត្តិការ និង សុខដុមនីយកម្មអន្តរជំនឿសាសនាឆ្លងកាត់ប្រទេសតាមដងទន្លេមេគង្គឡានឆាង ដែលសកម្មភាពនេះបង្ហាញពីការគាំទ្រការផ្សារភ្ជាប់ និង ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកនូវគំនិតទស្សនៈស្មារតីសាសនាសកលលោក និង តំបន់ ក្នុងគោលដៅរួមគឺ ដើម្បី សន្តិភាព សុខដុមរមនា និងការអភិវឌ្ឍជានិរន្តរ៍ ៕Kh