
(ផេង ពង្សរ៉ាស៊ី /មជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈផេង ពង្សរ៉ាស៊ី មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈ«សម្លឹង» មានន័យក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ថា «មើលស្លឹង ឬមើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក»។ «សម្លឹង» គឺជាកិរិយាសព្ទដែលអាចប្រើបានជាមួយ «នាម» និង «កិរិយាសព្ទ»ដូចគ្នា។ ឧទាហរណ៍ សម្លឹងមុខ, សម្លឹងអារម្មណ៍ និងសម្លឹងមើលផ្កាយ។ល។ ការប្រើភ្នែកសម្លឹងមើលនរណាម្នាក់ ឬអ្វីមួយ អាចមានអត្ថន័យច្រើនយ៉ាង ទាំងអត្ថន័យវិជ្ជមាននិងអវិជ្ជមាន អាស្រ័យទៅលើអ្នកសម្លឹង និងអ្នកដែលត្រូវបានសម្លឹង។ ការសម្លឹងដោយយកចិត្តទុកដាក់ទៅលើហេតុការណ៍ដ៏អស្ចារ្យមួយ ឬ ហេតុការណ៍ដ៏ភ័យរន្ធត់មួយ ដោយប្រើអារម្មណ៍ដើម្បីផ្តិតយកហេតុការណ៍ទាំងនោះ គឺជាកំណត់ត្រាក្នុងអារម្មណ៍ដែលបង្កើតបានជាការចងចាំមិនអាចបំភ្លេចបាន ឬមិនអាចរលត់ទៅយ៉ាងងាយឡើយ។
អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមរាប់លាននាក់ដែលកំពុងរស់រានមានជីវិតនាពេលបច្ចុប្បន្ន បាននិងកំពុងរក្សារការចងចាំពីទិដ្ឋភាពដែលបានមើល ឬសម្លឹងឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ជាច្រើនដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម ទាំងហេតុការណ៍ភ័យរន្ធត់ តក់ស្លុត ហួសចិត្ត និងមិនដែលជួបប្រទះ ហើយការចងចាំទាំងនេះ នៅមិនទាន់បានបញ្ចេញឲ្យដឹងដើម្បីជាការចែករំលែកបទពិសោធន៍ និងការស្វែងយល់បន្ថែមពីសំណាក់ក្មេងៗជំនាន់ក្រោយឲ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ផ្ទុយទៅវិញ ការចងចាំទាំងនេះបានបាត់បង់ទៅវិញបន្តិចម្តងៗជាមួយនឹងការបាត់បង់ជីវិតនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីមួយថ្ងៃទៅមួយថ្ងៃ។
ការចងចាំ មានសារសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ហើយក៏ជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិដោយជៀសឆ្ងាយពីអំពើប្រល័យពូជសាសន៍, អំពើហិង្សា និងការសម្លាប់រង្គាល។ ការប្រមែប្រមូលការចងចាំ តាមរយៈ «បទពិសោធន៍» និង «ការសម្លឹងឃើញការពិត»គឺជាការប្រមែប្រមូលមេរៀនប្រវត្តិសាស្ត្រសម្រាប់បង្រៀនកូនចៅជំនាន់ក្រោយ ឲ្យជៀសផុតពីអំពើប្រល័យ ពូជសាសន៍ ហិង្សាក្នុងសង្គម និងអំពើអមនុស្សធម៌ដទៃទៀតនាពេលអនាគត។
ឧទាហរណ៍ «ការសម្លឹងឃើញហេតុការណ៍ពិត» មួយ ត្រូវបានប្រាប់ឲ្យដឹងពីអ៊ុំប្រុស សំរិត សឿន ជាអតីតជំនួយការរដ្ឋបាលឃុំពងទឹក នៅផ្ទះរបស់គាត់ដែលមានទីតាំងស្ថិតនៅជាប់នឹងរបងវត្ត ទួលតាកែវ ក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង តាមរយៈក្រសែភ្នែករបស់គាត់ដែលបានសម្លឹងមើលឃើញពីការសម្លាប់មនុស្សចំនួនបួនករណីក្នុងឆ្នាំ១៩៧៨ ក្នុងឃុំគណៈរុន ស្រុកស្វាយដូនកែវ ខេត្តពោធិ៍សាត់ ក្នុងពេលដែលគាត់កំពុងបេះស្លឹកអំពិល ក្នុងពេលស្នាក់នៅក្នុងរោងក្រោយពេលសម្រាកពីការងារ និងក្នុងពេលធ្វើការក្នុងជំរំពលកម្ម។គឺ ១. ហេតុការណ៍សម្លាប់មនុស្សទាំងហ្វូង, ២. ហេតុការណ៍សម្លាប់បងប្រុសបង្កើត ,៣. ហេតុការណ៍សម្លាប់មនុស្សច្រើននាក់ដោយកាត់ក្បាល និងតម្រៀបសាកសពនៅក្រោមដើមពុទ្រានិង៤.ហេតុការណ៍ចាក់សាំងដុតអ្នកនេសាទត្រីទាំងរស់នៅក្បែរបឹងទន្លេសាប។ ការពិតទាំងនេះ ទោះបីជាបានអូសបន្លាយពេលវេលាអស់ជាង៤០ឆ្នាំហើយក៏ដោយ ក៏មិនត្រូវបានលុបបំបាត់ឲ្យអស់ស្នាមពីអារម្មណ៍របស់អ៊ុំប្រុស សឿន បានដែរ។ ការចងចាំនេះ ជាការចងចាំអស់មួយជីវិត ហើយជាការចងចាំដែលសង្គមជាតិទទួលយកធ្វើជាមេរៀនប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយៗរាប់តំណទៀត។
តាមរយៈការលើកឡើងខាងលើ មជ្ឈមណ្ឌលឯកសារកម្ពុជា ជាពិសេសមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង (ការិយាល័យស្រាវជ្រាវ និង បណ្ណាល័យឯកសារខ្មែរក្រហម ខេត្តព្រៃវែង) មានបំណងប្រមែប្រមូលបទពិសោធន៍ និងការពិតដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានសម្លឹងមើលឃើញនូវហេតុការណ៍នានាដែលបានកើតឡើង ដើម្បីរក្សាទុកជាឯកសារមេរៀនប្រវត្តិសាស្ត្រសម្រាប់ចែករំលែកដល់ក្មេងៗជំនាន់ក្រោយដែលជាសិស្សានុសិស្សនៅតាមសាលារៀនទូទៅ អ្នកអាន អ្នកស្រាវជ្រាវ និងគ្រូបង្រៀនក្នុងគោលបំណងដ៏ចម្បងមួយគឺការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាដោយគ្មានអំពើហិង្សា អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល៕SRN