ដោយៈ​សុផល​/​ភ្នំពេញ​៖​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​រាជធានី​ភ្នំពេញ​ដើម្បី​ផ្សព្វផ្សាយ​បទ​ប្ប​ញ្ញ​តិ្ត​ទូទៅ​ពាក់ព័ន្ធ​ផ្នែក​ពន្ធដារ​ទៅដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​។​សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្តល់​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​អំពី​បទ​ប្ប​ញ្ញ​តិ្ត ផ្នែក​ពន្ធដារ និង​ពន្ធ​លើ​ប្រាក់ចំណូល ។

​លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ថ្លែងថា​៖សិក្ខាសាលា​ស្តីពី​“​ការផ្សព្វផ្សាយ​បទ​ប្ប​ញ្ញ​តិ្ត​ទូទៅ​ពាក់ព័ន្ធ​ផ្នែក​ពន្ធដារ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​នេះ ធ្វើ​ទ្បើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​វឌ្ឍនភាព​អំពី (១). បទ​ប្ប​ញ្ញ​តិ​ទូទៅ (​សំខាន់ៗ​) ផ្នែក​ពន្ធដារ (២) ការធ្វើ​បច្ចុប្បន្ន​កម្ម​នៃ​ការធ្វើ​សំ​វិធាន​ធន និង (៣) ប្រកាស​ស្តីពី​ពន្ធ​លើ​ប្រាក់ចំណូល ជូន​ដល់​សមាជិកសមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ទាំងអស់​សំដៅ​លើកកម្ពស់​ចំណេះ​ផ្នែក​ពន្ធដារ​ដែល​ពាក់ព័ន្ធ​នៅក្នុង​ប្រតិបត្តិការ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដ៏​មាន​សារៈសំខាន់​នេះ​។

​លោក​បាន​លើកឡើងថា​៖​វិស័យ​មីក្រូហិរញ្ញវត្ថុ​បានចាប់កំណើត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ព្រមទាំង​ទាន់ពេលវេលា ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នៅឡើយ​។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានចាត់ទុក​ថា​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ការវិវត្ត​ល្អ​ដែល​បទពិសោធន៍​នេះ អាច​ធ្វើជា​ករណី​សិក្សា​សម្រាប់​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​។

​លោក​បានឱ្យដឹងថា​៖​នៅ​ដំណាច់ឆ្នាំ​២០១៩​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុ​ជាមាន​សមាជិក​សរុប​ចំនួន​១០៣​គ្រឹះស្ថាន​ក្នុងនោះ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៦៥​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន​៨​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៣​។​វិស័យ​មីក្រូហិរញ្ញវត្ថុ​បានផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​ជាង​២,២​លាន​គ្រួសារ​ដែល​ជាង​៨០​ភាគរយ​ជា​ស្ត្រី​។ ផលប​ត្រ​ឥណទាន​មាន​ជាង ២៧.៨៨៨ ពាន់​លាន​រៀល​។

​ជាងនេះទៅទៀត​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២,៧​លាន​នាក់​បានទទួល​សេវា​សន្សំ​ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​១៤,៦២៦​ពាន់​លាន​រៀល​តាមរយៈ​ការិយាល័យ​តំណាង​ចំនួន​ប្រមាណ ១,៤០០​កន្លែង និង​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប​ប្រមាណ​៣៤,០០០​នាក់​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​វ៉ាន់​ពុទ្ធិ​ពល​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​៖​បាន​មានប្រសាសន៍ថា​បទបញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ប្រាក់ចំណូល​មាន​អាយុ​ចំណាស់​យូរហើយ ដូច្នេះ​រាជរដ្ឋាភិបាល​បានរៀបចំ​ធ្វើ​បច្ចុប្បន្នភាព ដោយមាន​កែប្រែ​បទបញ្ញត្តិ​មួយចំនួន​ឱ្យ​សមស្រប​ទៅនឹង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​លោក​បាន​គូសបញ្ជាក់ថាៈ​«​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ រួមចំណែក​បង់ពន្ធ​ច្រើន​ជូន​រាជរដ្ឋាភិបាល និង​ជួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»៕S/

​ចំណងជើង​រូបថត​៖​សិក្ខាសាលា​ស្តីពី​“​ការផ្សព្វផ្សាយ​បទ​ប្ប​ញ្ញ​តិ្ត​ទូទៅ​ពាក់ព័ន្ធ​ផ្នែក​ពន្ធដារ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ (​រូបៈ​សុផល​)​