ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​ផ្តល់​ថវិកា​សរុប​១.៤៣១.៨៥២​ដុល្លារ​អាមេរិក​ដល់​អ​ង្គ​ការ​ចំនួន​៣​ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។​ថវិកា​ចំនួន​២៦៥.៥៥២​ដុល្លារ​អាមេរិក​សម្រាប់​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​(FIDR)​ដើម្បី​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ក្នុង​ខេត្តកំពង់ឆ្នាំង (​ឆ្នាំ​ទី​៣)​។

​ថវិកា​ចំនួន​៧២៩.៥០៩​ដុល្លារ​អាមេរិក​សម្រាប់​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​(JMAS)​ដើម្បី​អនុវត្ត​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​បោសសម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ​(​ឆ្នាំ​ទី​៣) ។​

ចំណែក​ថវិកា​ចំនួន ៤៣៦.៧៩១ ដុល្លារ​អាមេរិក សម្រាប់​វិទ្យាស្ថាន​កែលម្អ​និង​អភិរក្ស​បរិស្ថាន (ERECON)​ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ស្ថានភាព​កសិកម្ម​ប្រកបដោយ​ចីរភាព​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ខេត្តកំពង់ចាម​(​ឆ្នាំ​ទី​៣)​។​លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​និង​អ្នកតំណាង​អង្គភាព​ចំនួន​៣​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

លោក​ឯកអគ្គរាជទូត​ជប៉ុន​សង្ឃឹមថា​ជំនួយ​ទាំងនេះ​នឹង​កែលម្អ​នូវ​គុណភាព​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​គម្រោង​។​ប្រទេស​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការ​បោសសម្អាត​មីន​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​សង្គម​៕S/​