ដោយបូកគោ/កំពតៈថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានបញ្ចាក់នូវភាពចាំបាច់សម្រាប់ប្រជាពលរដ្ឋ ពិសេសយុវវ័យចំពោះការរយល់ដឹងផ្លូវច្បាប់ស្តីអំពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍។
ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ដល់សិស្សានុសិស្សប្រមាណជិត៤០០នាក់ នៅសាលប្រជុំសាលាស្រុកឈូកកាលពី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកស៊ុ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថាអេដស៍ជាជំងឺឆ្លងនិងរីករាលដាលដោយពុំមានថ្នាំព្យាបាលជាសះស្បើយឡើយ។
ភាពសាយភាយនៃជំងឺនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលទាមទារឱ្យរដ្ឋចាត់វិធានការឆ្លើយតបជាពហុវិស័យ។ដូច្នេះការរយល់ដឹងផ្នែកផ្លូវច្បាប់ស្តីអំពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍សម្រាប់ពលរដ្ឋ ពិសេសយុវវ័យគ្រប់រូបជារឿងចាំបាច់បំផុត។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថានៅពេលពលរដ្ឋគ្រប់រូបយល់ជ្រាបច្បាស់ និងអនុវត្តន៍ បានម៉ត់ចត់នោះបងប្អូនកូនក្មួយអាចបញ្ចៀសបានពីការឆ្លងឬចម្លងដល់អ្នកដទៃចំពោះមេរោគនិងជំងឺដ៏គ្រោះថ្នាក់នេះ។ផ្ទុយទៅវិញបើពុំមានការចេះដឹងផ្លូវច្បាប់ស្តីអំពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍អាចនឹងនាំឱ្យសាមីខ្លួនប្រឈមទោសទណ្ឌនានាដូចជាការរើសអើង ការទម្លាយរឿងសម្ងាត់របស់អ្នកផ្ទុក ក៏ដូចជាអ្នកកំពុងរួមរស់ជាមួយ មេរោគអេដស៍ជាដើម។
ផ្តាំផ្ញើក្នុងឱកាសនេះលោកសេងសិរីបុត្រអភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាការចំណាយពេលមកស្តាប់កិច្ចផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍របស់ក្មួយៗសិស្សានុសិស្សនាថ្ងៃនេះជាកត្តាចាំបាច់សម្រាប់យុវវ័យដើម្បីសុខភាពផ្ទាល់ខ្លួននិងអ្នកដទៃ។ដូច្នេះសង្ឃឹមថាក្រោយទទួលបានការបញ្ជ្រាបរាល់ខ្លឹមសារក្នុងច្បាប់ទាំងមូលក្មួយៗនឹងយកទៅអនុវត្តដើម្បីការពារ និងជួយដល់សហគមន៍ដែលខ្លួនកំពុងរស់នៅទៀតផង។
សូមបញ្ជាក់ថានារសៀលថ្ងៃដដែល ពិធីដូចគ្នានេះបានធ្វើឡើងនៅស្រុកកំពង់ត្រាចដោយ មានសិស្សានុសិស្សមកចូលរួមប្រមាណជាង៣០០នាក់៕S/


