​ដោយៈ​សុផល​/​ភ្នំពេញ​៖​គ្រូ​ចិន​សែ​ដ៏​ល្បីឈ្មោះ​បោះ​សំឡេង​មកពី​ប្រទេស​សិង្ហ​បុរី​បាន​បើក​អាជីវកម្ម​ទស្សន៍ទាយ​និង​មើល​ហុងស៊ុយ​តាម​ជំនឿ​ចិន​បុរាណ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន​។​ពិសេស​អ្នកវិនិយោគទុន​ចិន​ដែល​កំពុង​ប្រកប​របរ​ទទួលទាន​នៅ​ប្រទេស​កម្ពុជា​។​អាជីវកម្ម​នេះ​បាន​ក្លាយជា​អាជីវកម្ម​ស្របច្បាប់​ដំបូង​គេ​នៅ​កម្ពុជា​បន្ទាប់ពី​មានការ​ទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។​

​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ក្រុមហ៊ុន​វូ​ស៊ាន​តាន​ជី​អូ​មេន​ស៊ី​អា​ស្ត្រូ​ឡ​ជី​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​ដែលមាន​ទីតាំង ស្ថិតនៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​កាលពី​ល្ងាច​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០២០​លោកគ្រូ​ចិន​សែ​WUDAO​បាន​មានប្រសាសន៍ថា​គោលបំណង​ដែល​លោក​មក​បើក​អា​ជីក​ម្ម​នៅ​កម្ពុជា​គឺ​ដោយសារ​កម្ពុជា​គឺជា​ប្រទេស​ចំណាស់​មួយ​និង​ជា​ប្រទេស​ដែលមាន​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ភាពជឿជាក់​ទៅលើ​ជោគជតារាសី​នៅក្នុង​ការរស់នៅ​ក៏ដូចជា​ការធ្វើ​អាជីវកម្ម​ប្រចាំថ្ងៃ​។​ជាពិសេស​សម្បូរ​កូនចៅ​ចិន​។​

​លោកគ្រូ​បាន​បន្តថា​ជាងនេះទៅទៀត​លោក​ចង់​ចែករំលែក​និង​ជួយផ្តល់​គំនិត​ទាក់ទិន​នឹង​អ្វីដែល​លោក​បាន​រៀន​តាំងពីដើម​រហូតមកដល់​បច្ចុប្បន្ន​ដល់​ប្រជាជន​កម្ពុជា​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រកស៊ី​ទទួលទាន​មានបាន​និង​កាន់តែ​រីកចំរើន​ទៅមុខ​។​ព្រោះថា​អ្វីដែល​ក្រុមហ៊ុន​លោក​ផ្តល់​សេវាកម្ម​រួមមាន​ដូចជា​ការ​មើ​លហុ​ង​ស៊ុយ​ទៅលើ​ការសាងសង់​អគារ​ខុន​ដូ​ការ​បើកហាង​ថ្មី​ធ្វើ​ផ្ទះ​ថ្មី​ឬក៏​ការសាងសង់​ចេតិយ និង​ការ​បញ្ចុះសព​ជាដើម​។

​លោកគ្រូ​បាន​បន្ថែមទៀតថា​៖​ការបើក​អាជីវកម្ម​ហោ​រាស្ត្រ​នេះ​មិនមែន​មានតែ​នៅក្នុង​ប្រទេស​សិង្ហ​បុរី និង​កម្ពុជា​នោះទេ​តែ​លោក​បាន​ពង្រីក​នៅ​បណ្ដា​ប្រទេស​ជាច្រើន​និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នក​ជឿជាក់​លើ​ជំនឿ​ជាច្រើន​ផងដែរ​។​បើ​ពុំមាន​ការជឿជាក់​ម្ល៉េះ​លោក​នឹងមិន​ពង្រីក​បាន​ច្រើន​ប្រទេស​ដូច្នេះ​ទេ ។


​លោកគ្រូ​បានឱ្យដឹង​ទៀតថា មនុស្ស​ម្នាក់ៗ​នៅ​គ្រប់​ប្រទេស តែងតែមាន​ជំនឿ​សាសនា​រៀងៗ​ខ្លួន ។ បើទោះបីជា​វិទ្យាសាស្ត្រ​មានការ​រីកចម្រើន​យ៉ាងណាក្ដី​ក៏​មិនអាច​នៅ​ដាច់ដោយឡែក​ពី​ជំនឿ​សាសនា​បានដែរ​គឺ​នៅតែមាន​ការពឹង​ពាក់​គ្នា​ដូច្នេះ​តាមរយៈ​វត្តមាន​របស់លោក​នៅ​កម្ពុជា​ក៏​សង្ឃឹមថានឹង​ទទួលបាន​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោកគ្រូ​បានបញ្ជាក់​ទៀតថា​«​យើង​សុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ដឹង​និង​មិនទាន់មាន​ទិសដៅ​ច្បាស់លាស់​ដើម្បី​ធ្វើ​អាជីវកម្ម​ឬ​ការងារ​អាច​អញ្ជើញ​មក​កន្លែង​យើងខ្ញុំ​ដើម្បី​យើងខ្ញុំ​អាច​មើល​ហុងស៊ុយ​ជូន​ព្រោះថា​វាសនា​និង​ហុងស៊ុយ​របស់​មនុស្ស​ម្នាក់ៗ​គឺមាន​សភាព​ខុសៗ​គ្នា​។​អ៊ីចឹង​ពេល​គាត់​មក គាត់​អាច​ដឹងថា គាត់​កើត​ឆ្នាំនេះ អាយុ​នេះ ត្រូវធ្វើ​អាជីវកម្ម​បែបនេះ និង​រកស៊ី​បែបនេះ​»​។​

​លោក​នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ជា​លេខាធិការ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា​នេះ​គឺជា​លើកដំបូង​ហើយ​ដែលមាន​ការបើក​ធ្វើ​អាជីវកម្ម​ជា​ផ្លូវការ​ទាក់ទិន​នឹង​មើល​ហុងស៊ុយ​នៅ​កម្ពុជា​ហើយ​មានការ​ចុះបញ្ជី​ការត្រឹមត្រូវ នៅក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ទៀត​។​

​លោក​បាន​បន្តថា​«​ខ្ញុំ​មាន​កិត្តិយស​ណាស់ ដែល​មក​ធ្វើជា​គណៈអធិបតី ដើម្បី​ចូលរួម​ជា​សាក្សី ក្នុង​ពិធី​សម្ពោធ​ទី​បូជា​សក្ការៈ វូ​ស៊ាន​តាន សម្រាប់​បម្រើ​សេវាកម្ម​ហោរាសាស្ត្រ គឺ​ការ​ទស្សន៍ទាយ ប្រមើលមើល​ជោគជតារាសី​និង​ព្យាបាល​ជំងឺ​ដ​ង្កា​ត់​តាមបែប​វិទ្យាសាស្ត្រ​និង​បុរាណ​របស់​អ្នកមាន​ជំនឿ​នៅ​កម្ពុជា​»​។​

​លោក​បានបញ្ជាក់​ឱ្យដឹងថា​នៅពេល​ប្រទេស​មាន​សុខសន្តិភាព ជំនឿ​សាសនា ត្រូវបាន​បើកទូលាយ សម្រាប់​ប្រជាពលរដ្ឋ​កាន់សាសនា​ផ្សេងៗ​មិន​ថា​ព្រះពុទ្ធសាសនា​ឬ​សាសនា​ផ្សេងៗ​ឡើយ​ខុសពី​សម័យ​ខ្មែរក្រហម​ដែល​ត្រូវបាន​រំលាយ​សាសនា​ចោល​ទាំងអស់​។​ជាក់ស្ដែង​វត្ត​អារាម​ត្រូវបាន​យក​ធ្វើជា​ក្រោលគោ​ឬ​ឃ្លាំង​ស្រូវ​ឃ្លាំង​អាវុធ​ផ្សេងៗ​ហើយ​លុបបំបាត់​មិនអោយ​ប្រជាជន​លើ​អ្វី​ទាំងអស់​និង​ត្រូវ​បង្ខំ​អោយ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ និង​មិនអោយ​ហូបចុក​ឆ្អែត​ឡើយ ។

​លោក​បាន​បន្ថែមទៀតថា​សម្រាប់​បច្ចុប្បន្ននេះ​ក្រោយ​ពេលដែល​កម្ពុជា​បើកទូលាយ​លើ​ការជឿ​សាសនា​នានា​ក៏មាន​សាសនា​ជាច្រើន​ចូលមក​ក្នុងនោះ​គ្រូ​ចិន​សែ​ទស្សន៍ទាយ​លើករាសី​និង​ហុងស៊ុយ​នានា​ក៏មាន​អ្នក​ជឿជាក់​ច្រើន​ជាពិសេស​ពី​សំណាក់​បងប្អូន​ប្រជាជន​ដែល​ជាប់សែស្រឡាយ​ចិន ។

​លោក​បន្តថា​៖​ដើម្បី​ជួយ​លើកកម្ពស់​កម្ពុជា​ឱ្យ​កាន់តែ​ខ្ពស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មាតុភូមិ​យើង​មហា​បុព្វបុរស​របស់​យើង​បាន​កសាង​ប្រាសាទបុរាណ​ជាច្រើន​បង្កប់​ដោយ​ជំនឿ​សាសនា​ដែល​នេះ​ជាម​រតក​មិនអាច​កាត់ថ្លៃ​បាន​របស់​យើងទាំងអស់គ្នា​។​ខណៈដែល​ប្រទេសជាតិ​កំពុងតែ​ដំណើរការ​អភិវឌ្ឍ​យើង​ក៏ត្រូវ​ការ​ការ​បន់ស្រន់​បន្ថែមទៀត​ក្នុង​ស្មារតី​រក្សា​ការពារ​សន្តិភាព​និង​ភាព​ចម្រុងចម្រើន​របស់​យើង​ឱ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែមទៀត​។​

​លោក​ក៏បាន​អបអរសាទរ​ចំពោះ​វត្ត​មាននៃ​ទីសក្ការៈ​បូជា​របស់​វូ​ស៊ាន​តាន​នៅ​កម្ពុជា​យើង​ដែល​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​មាត្រា​៤៣​ស្តីពី​សេរីភាព​ខាង​ជំនឿ​និង​ការប្រតិបត្តិ​ក្នុង​ផ្លូវ​សាសនា​៕S/​