ឆ្នាំ​២០១៩​គយ​កម្ពុជា​រកចំណូលបាន​៣.២១៥ លាន​ដុល្លារ​

218
ចែករម្លែក
អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​

ដោយ​:​ស៊ា ថាំង​/​ភ្នំពេញៈ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​(​អ​.​គ​.​រ​)​បានប្រកាស​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៩​កន្លងមកនេះ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​(​អគរ​)​រក​ចំណូល​សរុប​បាន​ប្រមាណ​ជាង ១៣ ទ្រី​លាន​រៀល​ឬ​ប្រមាណ ៣.២១៥​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៣០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨ ។​ពោល​លើស​ផែនការ​ដែល​បានកំណត់​ប្រមាណ ៤២,៧​ភាគរយ​។​


​កាលពី​ថ្ងៃទី​២៦​កុម្ភៈ​កន្លង​ឆ្នាំ​២០២០​មកនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ អគរ​។​

បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​


​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹងថា​សម្រាប់​ឆ្នាំ​២០១៩​គយ​កម្ពុជា​រក​ចំណូល​សរុប​មាន​ប្រមាណ​ជាង ១៣ ទ្រី​លាន​រៀល (​ប្រមាណ ៣,២១៥ លាន​ដុល្លារ​អាម៉េរិក​)​កើនឡើង​៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​លើស​ផែនការ​ដែល​បានកំណត់​ប្រមាណ ៤២,៧​ភាគរយ​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​ចំណូល​តាម​ប្រភេទ​ពន្ធ​សំខាន់ៗ​មាន​កំណើន​ខ្ពស់​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ពន្ធ​នាំចូល​កើនឡើង ៣០,៧​ភាគរយ​, អាករ​ពិសេស​កើនឡើង ៣៣,៦​ភាគរយ និង​អាករ​លើ​តម្លៃបន្ថែម (VAT) កើនឡើង ២៨,៨​ភាគរយ​។ បើ​ពិនិត្យ​លើ​ចំណូល​តាម​ក្រុម​ទំនិញ​វិញ មុខទំនិញ​យានយន្ត​និង​គ្រឿងចក្រ​បន្ត​ជា​ប្រភព​ចំណូល​សំខាន់ ដោយ​គ្របដណ្តប់​ប្រមាណ ៥២,៧​ភាគរយ នៃ​ចំណូល​សរុប​។ ចំណូល​ដែល អ​.​គ​.​រ ប្រមូលបាន​ក្នុង ឆ្នាំ​២០១៩ នេះ មាន​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល ២០​ឆ្នាំ កន្លងមក​នៅក្នុង បរិការណ៍​ដែល​ការអនុគ្រោះ​ពន្ធអាករ ទាំង​ក្នុង​គោលដៅ​លើកទឹកចិត្ត​វិនិយោគ និង​វិស័យ​អាទិភាព​នានា ព្រមទាំង​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មានការ​កើនឡើង​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។


​លោក​បាន​ថ្លែង​ឲ្យ​ដឹងថា​ទន្ទឹមនឹង​ការងារ​ប្រមូល​ចំណូល អ​.​គ​.​រ ក៏​សម្រេចបាន​នូវ​សមិទ្ធផល​លើ​ការដ្ឋាន​ការងារ​ផ្សេងទៀត រួមមាន​ការរៀបចំ​ឯ​ក​សារ​យុទ្ធសាស្ត្រ​, គោលនយោបាយ​, ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា​មួយចំនួន​,​ការបន្ត​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការកែលម្អ​និង​ពង្រីក​មុខងារ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​, ការបញ្ចុះ​អត្រាពន្ធគយ​អាករ​និង​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​កសិកម្ម និង​សហគ្រាស​ធុន​តូច​និង​មធ្យម​, ការពង្រឹង​ការងារ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​បទល្មើស​ឆ្លងដែន​, ការចូលរួម​ទប់ស្កាត់​ការលាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​, កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​, និង​ការអភិវឌ្ឍ​ស្ថាប័ន ជាដើម​។ លើសពីនេះ អ​.​គ​.​រ ក៏បាន​អនុវត្ត​ដោយ​រលូន​នូវ​វិធានការ​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​គយ ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ផងដែរ រួមមានៈ មួយ​.​ការលើកទឹកចិត្ត​ផ្នែក​គយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​, ពីរ​.​ការអនុវត្ត​កម្រៃ​សេវាសាធារណៈ​របស់ អ​.​គ​.​រ​, បី​. ការកាត់បន្ថយ​ចំនួន​កុងតឺន័រ​និង​កម្រៃ​ស្កែ​ន​, បួន​. ការដឹកនាំ​ក្រុមការងារ​អន្តរ​ស្ថាប័ន​ដើម្បី​កាត់បន្ថយ​មុខទំនិញ​ក្នុង​បញ្ជី​ទំនិញ​ហាមឃាត់​និង​ទំនិញ​ជាប់​កម្រិត​កំណត់​, និង ប្រាំ​.​ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​២​។​


​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ល្អប្រសើរ ដែល​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មនសិការ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់រូប​។​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​មានប្រសាសន៍ថា​ជាមួយគ្នានេះ​ក្នុងខណៈដែល​កម្ពុជា​បាននិងកំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន​រួមមានៈ ការធ្លាក់ចុះ​នូវ​កំណើនសេដ្ឋកិច្ច​សកល​, ការព្យួរ​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​(​អ៊ី​ប៊ី​អេ EBA) និង​ការរីក​រាលដាល​នៃ​មេរោគ ខូ​វីដ​-១៩(Covid-19) ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម​ក្រសួង​សូម​ណែនាំ​សម្រាប់​ជា​ទិសដៅ​អនុវត្ត​បន្ត​ក្នុង ឆ្នាំ​២០២០ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយចំនួន​រួមមានៈ មួយ​.​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​ស្ថាប័ន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៤ ប្រការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អភិក្រម ៥ ប្រការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។​ពីរ​. លើកកម្ពស់​អនុលោមភាព​វិស័យ​ឯកជន​តាមរយៈ​ការផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដល់​ធុរជន​មាន​អនុលោមភាព​ខ្ពស់​ប៉ុន្តែ​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ធុរជន​ដែល​ប្រព្រឹត្តល្មើស ,​បី​.​ចាត់វិធានការ​សម្រួល​ដល់​ការនាំ​ចូល​នូវ​វត្ថុធាតុដើម​បម្រើ​ផលិតកម្ម​នៃ​គម្រោង​វិនិយោគ​នានា ទាំង​ក្នុង​និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាពិសេស​នៅពេលដែល​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​ត្រូវបាន​ផ្អាក​មួយរយៈ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​Covid-19,​បួន​បន្ត​ពង្រីក​និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ និង​ជំរុញ​ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​២ ឱ្យបាន​ពេញលេញ ,​ប្រាំ​.​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​និង​ធ្វើឱ្យបាន​ឆាប់រហ័ស​នូវ​ការងារ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​,​ចំណាត់ថ្នាក់​ទំនិញ​, និង​វិធាន​ដើមកំណើត​ទំនិញ ព្រម​វាយតម្លៃ​ផលប៉ះពាល់​លើ​ចំណូល​គយ​ដែល​បណ្តាលមកពី​ហេតុផល​នានា ដើម្បី​ចាត់វិធានការ​ប៉ះប៉ូវ​ចំណូល​ឱ្យបាន​សមស្រប​។​ប្រាំ​.​ជំរុញ​បញ្ចប់​ការរៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​អគរ​និង​ត្រូវ​រៀបចំ​ឱ្យមាន​គម្រោង​ចំណាយ​ច្បាស់លាស់ សម្រាប់​រយៈពេល​មធ្យម​និង​វែង​, ប្រាំពីរ​. បន្ត​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​កន្លងមក និង​ត្រៀម​អនុវត្ត​នូវ​កញ្ចប់​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ អ​.​គ​.​រ ឱ្យមាន​ប្រសិទ្ធភាព​និង ប្រាំបី​.​ជំរុញ​បញ្ចប់​ការសិក្សា​គោលនយោបាយ​ការ​នាំចូល​រថយន្ត​ប្រើ​រួច​។​


បន្ថែម​លើ​នេះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើការ​សិក្សា​លទ្ធភាព​នៃ​ការអនុញ្ញាតឱ្យ​បើក​កន្លែង​សម្រាប់​លក់ទំនិញ​ប្រណីតៗ និង Outlet តាម​តំបន់ ទេសចរណ៍ និង​ទីប្រជុំជន​សំខាន់ៗ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្នែក​នេះ​។​
​នាឱកាស​នោះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​បណ្ណ​សរសើរ​ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយចំនួន​ដែរ ដើម្បី​ជាការ​លើកទឹកចិត្ត​៕សរន