ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនបានស្នើឲ្យកងទ័ពជើងគោកជប៉ុនជួយបណ្តុះបណ្តាល សមត្ត ភាពដល់ កងទ័ពមួកខៀវកម្ពុជានៅក្នុងប្រទេសនិងផ្តល់កិច្ចសហការជួយកងទ័ពមួកខៀវកម្ពុជានៅក្នុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ជាមួយនេះសម្តេចក៏បានស្នើឲ្យកងទ័ពជើងគោកជប៉ុនជួយដល់កងទ័ពជើងគោកកម្ពុជាក្នុងការបណ្តុះបណ្តាលកម្លាំងសម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និង ជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើបែបនេះទៅកាន់លោកនាយឧត្តមសេនិយ ហ្គោរ៉ូ យ៉ូសា (Goro Yuasa) មេបញ្ជាការកងទ័ពជើងគោកប្រទេសជប៉ុននាល្ងាចថ្ងៃទី ២៧ ខែ កុម្ភៈ នៅទីស្តីការនាយករដ្ឋមន្ត្រី ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ ពីជំនួបនេះថា៖សម្តេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រនូវកិច្ចសហប្រតិ បត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ។ សម្តេចបានមានប្រសាសន៍ថា៖សម្តេចចង់ឃើញកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកបន្ថែមទៀតរវាងកងទ័ពនៃប្រទេសទាំងពីរជាពិសេ សកងទ័ពជើងគោកកម្ពុជានិងកងទ័ពជើងគោកជប៉ុនក្នុងការផ្លាស់ប្ដូរព័ត៌មាននិងការចូលរួមសហការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម។ សម្ដេចតេជោហ៊ុនសែនក៏បានស្នើឱ្យប្រទេសជប៉ុនគាំទ្រដល់កម្ពុជានូវបញ្ហាមួយចំនួនតាមរយៈលោក ហ្គោរ៉ូ ទៅជូននាយករដ្ឋមន្ត្រី shinzo abe ស្នើឲ្យប្រទេសជប៉ុនចូលរួមជួយបណ្ដុះបណ្ដាលកងទ័ពមួកខៀវរបស់កម្ពុជាមុនបញ្ជូនទៅប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ពិសេសទៀតសម្ដេច បានស្នើសុំឲ្យឱ្យប្រទេសជប៉ុនគាំទ្រទៅដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ានដែលមានស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាមជ្ឈមណ្ឌលមួយមានការបណ្ដុះបណ្ដាលនិងផ្ដល់បទពិសោធន៍លើការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។សម្តេចក៏បានស្នើសុំផងដែរធ្វើយ៉ាងណាឱ្យជប៉ុនចូលរួមបណ្ដុះបណ្ដាល ទៅដល់កម្លាំងនៅក្នុងប្រទេសកម្ពុជាក្នុងការជួយគ្រប់គ្រងគ្រោះមហន្តរាយ។ពិសេសគឺជួយបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធតែម្តងដែលដើរតួ នាទីស្នូល ក្នុងការជួយសង្គ្រោះក្នុងកាលៈទេសៈដែលមានគ្រោះមហន្តរាយកើតឡើង។
លោកឧត្តមសេនីយ៍បានឆ្លើយតបតាមការស្នើរបស់សម្ដេចតេជោថានឹងរាយការណ៍ទៅរដ្ឋាភិបាលជប៉ុនពាក់ព័ន្ធនឹងសំណើទាំងនេះជាពិសេសសំណើសុំឲ្យជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាននេះ។លោកបានគូសបញ្ជាក់ថាកន្លងមកជប៉ុនតែងបានយកចិត្តទុក ដាក់និងចាត់ទុកកម្ពុជាជាប្រទេសមានកិច្ចសហប្រតិបត្តិការការងារវិស័យមីននេះ។លោកក៏បានជម្រាបជូនសម្ដេចដែរថានឹងពិចារណាធ្វើការងារនេះដោយសហការជាមួយលោក ហ៊ុន ម៉ាណែត ផ្ទាល់តែម្ដង។
ពាក់ព័ន្ធលើវិស័យផ្សេងៗទៀតលោកបានជម្រាបជូនសម្ដេចថានឹងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលជប៉ុនពិចារណាជួយលើកិច្ចសហប្រតិបត្តិការជាពិសេសការងារកង ទ័ពមួកខៀវក្នុងការជួយបណ្ដុះបណ្ដាលនៅក្នុងប្រទេសផងក៏ដូចជានៅក្រៅប្រទេសផង។ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនេះលោកបានជម្រាបជូនសម្ដេចថាជប៉ុនមានគោលបំណងនិងពិចារណាជំរុញកិច្ចសហប្រតិបត្តិការនេះជាមួយកងទ័ពជើង គោកកម្ពុជា។លោកសង្ឃឹមថាទំនាក់ទំនងប្រទេសទាំងពីរបន្តពង្រីកពង្រឹងលើវិស័យជាច្រើនជាពិសេសលើវិស័យការពារជាតិនេះតែម្ដង ៕