ដោយ:សុខុម/ស្ទឹងត្រែង:សមត្ថកិច្ចចុះបង្ក្រាបឈើជាច្រើនគំនរដែលឈ្មួញយកទៅលាក់ទុកតាមផ្ទះប្រជាពលរដ្ឋក្នុងដីឡូត៍លោកវ៉ាន់សុនាថមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ការចុះបង្ក្រាបឈើនោះស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំង២០២០។
ប្រតិបត្តិការនេះបង្ក្រាបធ្វើឡើងដោយកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តនិងជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមនិងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯកវ៉ាសុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាននិយាយថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានតាមដាននិងអង្កេតសកម្មភាពដឹកជញ្ជូនឈើទើបឈានដល់មានការបង្ក្រាប។នៅក្បែរកន្លែងស្តុកឈើគេឃើញមានសិប្បកម្មកែច្នៃឈើធំមួយកន្លែងពាក់ព័ន្ធនឹងសាច់ញាត្តិអាវុធហត្ថស្ទឹងត្រែង។

លោកសុខស៊ីដាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងក៏បានបញ្ជាក់ផងដែរថាវត្តុតាងត្រូវបានរឹបអូសយកទៅដាក់នៅកន្លែងរដ្ឋបាលព្រៃឈើនឹងអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ។ឈើលាក់ទុកក្នុងផ្ទះប្រជាពលរដ្ឋនេះគឺជាឈើខុសច្បាប់មិនជាឈើសម្រាប់ធ្វើលំនៅស្ថានទេ។លោកសុខស៊ីដាបានបញ្ជាក់ថាម្ចាស់ឈើនៅមិនដឹងអត្តសញ្ញាណនោះទេ ។

លោករៃផេងចៅសង្កាត់រងទី២សង្កាត់ស្រះឫស្សីបានចូលរួមបញ្ជាក់ថាឈើទាំងនេះគឺជាប្រភេទឈើក្រុមឈ្មួញយកមកធ្វើអាជីវកម្មមិនមែនឈើសម្រាប់ប្រជាជនទុកធ្វើផ្ទះទេ។សមត្ថកិច្ចបានបញ្ជាក់ថាឈើដែលជំនាញបានរឹបអូសដោយដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនោះ គឺជាឈើប្រភេទឈើទន្លាប់ឈើពីឌុង(ហៅថាឈើក្រញូងស្វា)ឈើកកោះនិងឈើសុក្រុំ។ចំណែកម្ចាស់ផ្ទះវិញខណៈពេលសមត្ថកិច្ចចុះទៅដល់ទីតាំងឃើញថាបានបិទទ្វារផ្ទះរត់គេចខ្លួនបាត់៕S/
