ដោយ៖រ៉ាម៉ន/ភ្នំពេញ៖សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា៖មកដល់ពេលនេះអ្នកដែលមានបំណងធ្វើសកម្មភាពបែបបដិវត្តន៍ពណ៌មិនទាន់បោះបង់ចោលនៅឡើយទេ។សម្រាប់យើងមិនត្រូវភ្លេចខ្លួនព្រោះថាសកម្មភាពបដិវត្តន៍ពណ៌នេះគេតែងតែធ្វើអាជីវកម្មលើចំណុចខ្សោយរបស់យើង។
សម្តេចក្រឡាហោមបានស្នើដល់រដ្ឋបាលគ្រប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយនូវកង្វល់សំណើរសំណូមពរនិងជម្លោះនានាតាំងពីតូចកុំចាំដល់ធំព្រោះនៅពេលធំគេយកធ្វើជាលេស។ក្រុមប្រឆាំងតែងយកបញ្ហានេះពង្រីកឱ្យធំដើម្បីវាយប្រហាររាជរដ្ឋាភិបាល។
សម្តេចក្រឡាហោមសខេងថ្លែងក្នុងពេលសម្ដេចនិងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញកាលពីថ្ងៃទី២៧កុម្ភៈ។ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៧កុម្ភះក្រោមពីដំណើរការអស់រយៈពេល២ ថ្ងៃ។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀន សម្តេចក្រឡាហោមស ខេង បានគូសបញ្ជាក់ថា៖ជិត២ឆ្នាំមកនេះ សមត្ថកិច្ចរិបអូសគ្រឿងញៀនបានជាង១តោនខណៈកន្លែងធំៗត្រូវបានបង្ក្រាបឯកន្លែងតូចគឺនៅសេសសល់ដែលត្រូវទប់ស្កាត់កុំឱ្យរីកធំ។ត្រូវបន្តបំផ្លាញការលួចលាក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទីតាំងតូចឬការរៀបចំកន្លែងផលិតកន្លែងស្តុកជាដើម។
សម្តេចក៏បានអំពាវនាវដល់ស្ថាប័នតុលាការដើម្បីជំរុញការបើកសវនាការអ្នករកស៊ីជួញដូរគ្រឿងញៀននិងអ្នកពាក់ពន្ធ័ទាំងឡាយឱ្យសមស្របទាន់ពេលវេលានិងយុត្តិធម៌។បើមិនដូច្នេះទេធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់ប្រជាពលរដ្ឋ។នាឱកាសនោះសម្តេចក្រឡាហោមសខេងក៏បានបំពាក់មេដាយនិងគ្រឿងឥស្សរយៈយសដល់មន្ត្រីដែលមានស្នាដៃក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញផងដែរ៕S/