សូម​ប្រុងប្រយ័ត្ន ! មាន​ឱសថ Nexium 40 mg ក្លែងបន្លំ ស្រដៀង​ឱសថ​មានច្បាប់​

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​ឯកឧត្តម លោកជំទាវ អភិបាល នៃ គណៈ​អភិបាល​រាជធានី​ខេត្ត ឱសថការី ទទួលបន្ទុក​បច្ចេកទេស នៃ គ្រឹះស្ថាន​លក់​ឱសថ និង សាធារណជន​ទាំងអស់​បាន​ជ្រាបថា ៖ តាមរយៈ​ការស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល ឃើញថា មាន​ឱសថ​ឈ្មោះថា Nexium 40 mg 28 Tabs គ្មាន​លេខ​បញ្ជិកា ហើយ​កំពុង​ដាក់លក់​ក្នុង​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្រដៀង​គ្នា​នឹង​​ ​ឱ​សថពិត​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ឌី ខេ អេស អេ​ច ( ខេ​ម​បូ​ឌា ) ឈ្មោះ Nexium 40 mg 14 Tabs ដែលមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ក្រសួងសុខាភិបាល មាន​វិធានការ​ដូច​ទៅ ៖
១. ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ និង អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ប្រមូល​ឱសថ​ឈ្មោះ Nexium 40 mg 28 Tabs គ្មាន​លេខ​បញ្ជិកា មក​កម្ទេចចោល ។​


២. លោក លោកស្រី​វេជ្ជបណ្ឌិត និង ឱសថការី ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ ការទិញ និង ការតាំង​លក់​ឱសថ​ឈ្មោះ Nexium 40 mg 28 Tabs គ្មាន​លេខ​បញ្ជិកា ខាងលើ​ជាបន្ទាន់ ។


៣. គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ត្រូវមាន​វិធានការ​ណែនាំ​ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ឱ្យ​ឈប់​ប្រើប្រាស់ និង លក់​ឱសថ​ឈ្មោះ Nexium 40 mg 28 Tabs គ្មាន​លេខ​បញ្ជិកា ជា​បន្តទៀត ។​


៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​ជនខិលខូច សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ដែល​នៅតែ​បន្ត​ការ​ចែកចាយ ការទិញ និង ការតាំង​លក់​ឱសថ​ឈ្មោះ Nexium 40 mg 28 Tabs គ្មាន​លេខ​បញ្ជិកា ខាងលើ ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ឱសថ​ឈ្មោះ Nexium 40 mg 28 Tabs គ្មាន​លេខ​បញ្ជិកា ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​រពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha

ឱសថ​ឈ្មោះ Nexium 40 mg 28 Tabs ដែល​ក្រសួងសុខាភិបាល​ប្រកាសថា​គ្មាន​លេខ​បញ្ជិកា ( រូបៈ ក្រសួងសុខាភិបាល )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular