មន្ត្រី​ជំនាញ​ថា​ លាងដៃនិង​បន្ថយ​ប៉ះ​ផ្ទៃមុខ មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្ការ​ជំងឺ​កូ​រ៉ូ​ណា​

​ដោយៈ​មេសា​/ភ្នំពេញៈ នៅក្នុង​បាឋកថាពន្យល់​ដល់​អ្នកសារព័ត៌មាន នៅឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា វិធី​ដ៏​សាមញ្ញ និងមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​រ៉ូ​ណា ឬ COVID-19 ដោយ​រួមទាំង​ជំងឺឆ្លង​ជាច្រើន​ប្រភេទ​ផ្សេង​ទៀតផង​នោះ គឺ ការ​លាងដៃឱ្យបាន​ជ្រះ​ស្អាត លាង​ឱ្យបាន​ញឹកញាប់ និងកាត់បន្ថយ​ការយក​ដៃ​ប៉ះ​បរិវេណ​ផ្ទៃមុខ​ឱ្យនៅ​តិច​បំផុត ។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ធ្វើ​បាឋកថា​ដល់​អ្នកសារព័ត៌មាន​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ( រូបៈ មេសា )


​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ពន្យល់ថា ការឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់ ទៅ​អ្នក​ផ្សេងទៀត មាន ២ ប្រភេទ​សំខាន់ គឺ ៖


១. ឆ្លងតាម​ខ្យល់ គឺ​នៅពេល​អ្នកជំងឺ​ក្អក ឬ កណ្តាស់ ជាដើម មេរោគ​ដ៏​ច្រើន ក៏រសាត់អណ្តែត​នៅក្នុង​លំហ​ខ្យល់ ពេល​អ្នកណា​ផ្សេង​ដកដង្ហើម​ស្រូបខ្យល់​នោះ​ចូលក្នុង​ខ្លួន មេរោគក៏​ចូលទៅក្នុង​ខ្លួន​មនុស្ស​ទាំង​នោះដែរ ។ មេរោគ​ប្រភេទ​នេះ មានដូចជា ជំងឺរបេង , ស្អូច , ក​ញ្ជ្រិ​ល , អុតស្វាយ​ជាដើម ។​


២. ឆ្លងតាម​តំណក់​ទឹកតូចៗ នៃរាងកាយ​របស់​អ្នកជំងឺ ដូចជា​ទឹកមាត់ ទឹកនោម ឈាម ទឹករំអិល ស្លេស៍្ម និង សម្បោរ ជាដើម គឺ​មេរោគ​រស់នៅក្នុង​វត្ថុ​ទាំងនោះ ហើយ​មេរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ទៅ​អ្នកដទៃ តាមរយៈ ការ​ប៉ះ​ទឹក​ទាំងនោះ ហើយ​ជំងឺ​ទាំងនោះ​មានដូចជា ជំងឺ ខាន់ស្លាក់ និង ផ្តាសាយ ជាដើម ហើយ​ប្រការ​

ការពាក់​ម៉ាស់ មិនបាន​ត្រឹមត្រូវ ដូចជា​ពាក់​តែ​ច្រមុះ ឬ តែ​មាត់ ឬ ពាក់​ក្រោម​ចង្កា ឧស្សាហ៍​យកដៃ​បេះបោច​ម៉ាស់ ពាក់​ម៉ាស់​តែមួយ​មិនបាន​បោក​សម្អាត ជាដើម មិន​ត្រឹមតែ​មិនអាច​ការពារ​មេរោគ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំឱ្យ​ឆ្លង​មេរោគ​ទៀតផង ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )

គួរកត់សម្គាល់ គឺ​ជំងឺ កូ​រ៉ូ​ណា​ថ្មី ឬ COVID-19 ក៏​ស្ថិតនៅក្នុង​ប្រភេទ​ឆ្លង​បែបនេះ​ដែរ ។
​ហេតុនេះ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បន្ថែមថា ចូរ​កុំ​នៅ​ប្រឈម ឬ ទល់​មុខ​នឹង​អ្នក​ក្អក ឬ កណ្តាស់ ចូរ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ក្អក ឬ កណ្តាស់ ឱ្យ​ឆ្ងាយ​ជាង ១ ម៉ែត្រ ព្រោះ​ទឹកមាត់​ជាដើម ដែល​មនុស្ស​ក្អក​ចេញទៅ មាន​ចម្ងាយ​ប្រមាណ​ជា ១ ម៉ែត្រ ហើយ​ត្រូវ​កាត់បន្ថយ​ការយក​ដៃ​ទៅ​ប៉ះពាល់​បរិវេណ​មុខ​ឱ្យនៅ​តិច​បំផុត

​ចំពោះ​ការប្រើប្រាស់ ម៉ាស់ វិញ លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បានបញ្ជាក់​យ៉ាងច្បាស់​ថា អ្នក​ឈឺ​មិនមែន​គួរតែ​ពាក់​ម៉ាស់​ទេ ប៉ុន្តែ​គឺ​ត្រូវតែ​ពាក់​ម៉ាស់ និង ត្រូវ​ឧស​ហ្សា​ហ៍​លាងដៃ​នឹង​សាប៊ូ ឬ ជែ​ល ឬ អាល់កុល ។ ចំណែក​អ្នក​ដែល​មិនមែនជា​អ្នកជំងឺ មិនចាំបាច់​ពាក់​ម៉ាស់​ទេ ប៉ុន្តែ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ លាង​ដោយ​ជែ​ល ព្រោះ​សាប៊ូ​អាច​ជម្រះ​សម្អាត​មេរោគ ចំណែក​ជែ​ល និង អាល់កុល​ជាដើម អាច​សម្លាប់​មេរោគ ។ ដូច្នេះ​ប្រសិន​បើក​គេ​លាងដៃ​ដោយ​អាល់កុល ឬ ជែ​ល គេ​ត្រូវ​ទុក​ដៃ​ឱ្យ​ស្ងួត​សិន មុននឹង​ចាប់​កាន់​របស់​ផ្សេង ព្រោះ​ពេល​ស្ងួត​ដៃ បានន័យថា មេរោគ​បាន​ងាប់​ហើយ ។​

​វិធី​លាជ​ម្រះ​សម្អាត​ដៃ​ឱ្យ​ជ្រះ​មេរោគ ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )


​នៅពេល​សួរថា តើ​ពេលណា ចាំបាច់​ពាក់​ម៉ាស់ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ផ្តល់​ចម្លើយ​ថា ការពាក់​ម៉ាស់ ចាំបាច់​នៅពេលដែល​យើង​ត្រូវ​ចូលទៅក្នុង​ចំណោម​មនុស្ស​ច្រើន ព្រោះ​យើង​មិនដឹងថា​អ្នកណា​ក្អក ឬ មិន​ក្អក​ឡើយ ។ លើសពីនេះ​ទៅ គឺពេល​ទៅសួរសុខទុក្ខ ឬ នៅ​មើលថែ​អ្នកជំងឺ​ជាដើម ប៉ុន្តែ ម៉ាស់ ដែល​ពាក់​ហើយ ចាំបាច់​ត្រូវ​បោះចោល កុំ​ពាក់​ម្តងទៀត ព្រោះ​ម៉ាស់ នោះ​អាច​ភ្ជាប់​ទៅដោយ​មេរោគ​រួចទៅហើយ ដូច្នេះ បើ​ពាក់​ម៉ាស់​នោះ​ម្តងទៀត មេរោគ អាច​ឆ្លង​ចូល​តាម​នោះ​ដដែល ។ ប្រសិនបើ​ត្រូវការ​ពាក់​ម៉ាស់​នោះ​ម្តងទៀត គេ​ត្រូវតែ​បោក ឬ លាងជម្រះ​ឱ្យ​ស្អាត រួច​ហាលថ្ងៃ​ឱ្យ​ស្ងួត​សិន ។​


​ម្យ៉ាងទៀត ទោះ​ពាក់​ម៉ាស់​ហើយ​ក្តី ក៏​មិនត្រូវ​ធ្វេសប្រហែស ដូ​ជា​ប្រឈម​ទល់មុខ​នឹង​អ្នក​ក្អក​ជាដើម​ឡើយ ព្រោះ​ម៉ាស់​ខ្លះ​អាច​ការពារ​ការឆ្លង​មេរោគ​បាន​កម្រិត​ណាមួយ​ប៉ុណ្ណោះ ហើយ​ពាក់​ម៉ាស់ ក៏ត្រូវ​តែ​ពាក់​ឱ្យ​ជិត​ទាំង​ច្រមុះ និង មាត់ ហើយ​កុំ​យកដៃ​ទៅ​ប៉ះ​ម៉ាស់​នោះ ព្រោះ​ទាំង​ដៃ ទាំង​ម៉ាស់ អាច​ជាប់​ទៅដោយ​មេរោគ​ច្រើន​ប្រភេទ ដោយសារ មនុស្ស​តែងតែ​យកដៃ​ទៅ​ចាប់​កាន់​របស់របរ​ផ្សេងៗ ដែល​គេ​មិនដឹងថា រប​រណា​មាន​មេរោគ របស់​ណា​គ្មាន​មេរោគឡើយ ហើយ​អ្វីដែល​គេ​មិនអាច​ទុកចិត្ត​ទាល់តែសោះ​នោះ គឺ​រាល់​របស់របរ​ដែល​គេ​បាន​ចាប់​កាន់​នោះ ត្រូវបាន​ចាប់​កាន់​ដោយ​មនុស្ស​ច្រើន​គ្នា ហើយ​ដៃ​របស់​អ្នក​ទាំងនោះ គេ​មិនដឹងថា​ប្រឡាក់​ទៅដោយ​មេរោគ​ប្រភេទ​ណាខ្លះ​ឡើយ ។​


​ក្នុងន័យនេះ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ សង្កត់ធ្ងន់ថា មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និងងាយ​ធ្វើ​បំផុត​ក្នុងការ​ការពារ​ពី​ការឆ្លង​ជំងឺ​មួយចំនួន ដោយ​រួមទាំង​ជំងឺ COVID-19 ផង​នោះ ទី ១ គឺ​ត្រូវ​លាង​សម្អាត​ដៃ ព្រោះ​មនុស្ស​គ្រប់គ្នា តែងតែ​ប្រើ​ដៃ​ទៅ​ចាប់​កាន់​របស់របរ​ជាច្រើន ដូចជា​បង្កាន់ដៃ​ទ្វារ របស់របរ​ប្រើប្រាស់​នៅ​កន្លែងធ្វើការ សម្ភារ​នៅក្នុង​បន្ទប់ទឹក នៅក្នុង​បន្ទប់​បាយ ទ្វារ​រថយន្ត ទូរស័ព្ទ និង កុំព្យូទ័រ​ផង​ជាដើម ដែល​ធ្វើ​ឱ្យដៃ​ជាប់​ទៅដោយ​មេរោគ ដែល​នៅលើ​របស់របរ​ទាំងនោះ ព្រោះ​របស់របរ​ទាំងនោះ ត្រូវបាន​ប៉ះពាល់​ទៅដោយ​ដៃ​មនុស្ស​ជាច្រើន ហើយ​ប្រសិនបើ​មាន​ដៃ​របស់​មនុ​ស្សណាម្នាក់ មាន​មេរោគ នោះ វា​ប្រាកដជា​ចម្លង​ទៅដៃ និង របស់របរ​ជាច្រើន​ទៀត រួច​ហើយក៏​យកដៃ​ដែល​ជាប់​ទៅដោយ​មេរោគ​នោះ ទៅ​ប៉ះ​បរិវេណ​មុខ ដូចជា​មាត់ ច្រមុះ ឬ ចាប់​ការ​អាហារ​បរិភោគ​ជាដើម ហើយ​មេរោគ ក៏​ឆ្លង​តាមបែប​នោះឯង ព្រោះ​មនុស្ស​ម្នាក់​តែងតែ​យកដៃ​ញី​ភ្នែក ច្រមុះ ផ្ទៃមុខ ជា​មធ្យម ៦០ ដង ។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ធ្វើ​បាឋកថា​ដល់​អ្នកសារព័ត៌មាន​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ( រូបៈ មេសា )


​រីឯ​ការ​ក្អក និង កណ្តាស់ ក៏​គប្បី​ប្តូរ​ឥរិយាបថ​ដែរ ពោលគឺ​នៅពេល​ក្អក​ប្រសិនបើ មាន​របស់​អ្វី​សម្រាប់​ខ្ទប់មាត់ ដូចជា​ក្រមា កន្សែង ឬ ក្រដាស​ជាដើម ក៏​ខ្ទប់មាត់​ដោយ​របស់​ទាំងនោះ​ចុះ ប៉ុន្តែ​ប្រសិនបើ​គ្មាន​របស់​ទាំងនោះ​ខ្ទប់មាត់​ទេ សូមកុំ​យកដៃ​ខ្ទប់មាត់ ពោលគឺ​កុំ​ក្អក ឬ កណ្តាស់ ដាក់​បាតដៃ ប៉ុន្តែ​ត្រូវ​ក្អក​ដាក់​ដើមដៃ​វិញ ។ ព្រោះថា ពេល​ក្អក ឬ កណ្តាស់​ដាក់​បាតដៃ មេរោគ នឹង​ជាប់​នឹង​បាតដៃ រួច​ហើយ​ពេល​គេ​ចាប់ដៃ​ជាមួយ​អ្នកដទៃ ឬ ចាប់​កាន់​របស់របរ​ផ្សេងៗ​នោះ មេរោគ​ក៏​ឆ្លងទៅ​អ្នកដទៃ​តាម​នោះដែរ ។​


​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ក៏បាន​បន្ថែម​ដែរ​ថា ការលាង​សម្អាត​ដៃ​បានល្អ​នោះ គេ​អាច​កាត់បន្ថយ​ជំងឺរាក​រូស​បាន ៦០ ភាគរយ​ទៀតផង ៕ Kh/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...