ដោយ: តារារិទ្ធ / ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញស្រោចស្រពព្រះ សុគន្ធវារីប្រគេនសម្តេចព្រះសង្ឃ នាយករង៣ព្រះអង្គ។

ពិធីស្រោចស្រពព្រះសុគន្ធវារី នឹងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលនឹងត្រូវស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ៕ ល/Ha