ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នៅក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងទេសចរណ៍ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ មានការ​លើកឡើង​ជាម​តិ​យោបល់​ថា គួរតែ​ស្ដារ និង​បើក​ដំណើរការ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង​ឡើងវិញ ខណៈ​ចរន្ត​ទេសចរ​ទៅកាន់​ខេត្ត​នេះ កំពុងមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​។​

​ក្រៅពីនេះ អង្គសន្និបាត​ក៏បាន​លើកឡើង អំពី​គំនិត​ផ្តួចផ្តើម​ធាតុ​ចូល​សំខាន់ៗ​មួយចំនួន ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ជំរុញ​លំហូរ​ទេសចរ មក​ទស្សនា​កម្ពុជា ក្នុងនោះ​រួមមាន​៖

  • ស្នើ​បើក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្តកំពត ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ អាច​ចូល​កំពង់ផែ​បាន​តាម​ច្រក​សមុទ្រ​នេះ​បន្ថែមទៀត ។​
  • គួរតែ​បន្ថយថ្លៃ​ទិដ្ឋាការ​ពាក់កណ្តាល សម្រាប់​ទេសចរ​មក​តា​ម​នាវា​ទេសចរណ៍​សមុទ្រ ដែល​ចូល​ចត​ក្រោម​២៤​ម៉ោង និង​ការផ្តល់​ទិដ្ឋាការ​រួម​តាម​បញ្ជី​ឈ្មោះ​ភ្ញៀវទេសចរ​។​
  • គួរតែ​សម្រួល​លំហូរ​ទេសចរ​ថៃ មក​ទស្សនា​ឲ្យ​ដល់​ខេត្តសៀមរាប ដោយ​ប្រើ​បណ្ណ​ព្រំដែន​។​
  • ចំពោះ​ការប្រើប្រាស់​រថយន្ត​ទេសចរណ៍​ផ្ទាល់ខ្លួន ចូលមក​ទស្សនា​កម្ពុជា​ស្របច្បាប់ គួរ​សម្រួល និង​អនុញ្ញាត​ដោយមាន​ការបិទ​សន្លឹក​ប័ណ្ណ សម្គាល់​អត្តសញ្ញាណ​ចូល​-​ចេញ (Sticker)​។​
  • គួររៀបចំ​ឲ្យ​មាន​ភ្នាក់ងារ​ជំនួយ​ទេសចរ (Tourist Assistant) នៅតាម​ច្រកចូល​ព្រំដែន​អន្តរជាតិ​។ កិច្ចការ​នេះ​គួរ​ត្រូវបាន​អនុវត្ត​ដោយ​ភ្នាក់ងារនគរបាល​ទេសចរណ៍​។​
  • អង្គសន្និបាត​បាន​សាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​ជួយ​ស្ថាបនា​អគារ អ្នកដំណើរ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​ទោះបី​មានការ​ប្រឈមមុខ​ទៅនឹង​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​បរទេស ក្នុងពេល​បច្ចុប្បន្ននេះ ដោយសារ​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​រីក​ពាសពេញ​ពិភពលោក​ក៏ដោយ ក៏​សន្និបាត​នៅមាន​សុទ្ធិ​ដ្ឋិ​និយម និង​រក​វិធានការណ៍​ទប់ទល់​គ្រប់បែបយ៉ាង​ស្តារ​វិស័យនេះ ឲ្យ​រស់​ឡើងវិញ​៕