ដោយសុផល/ភ្នំពេញ៖គម្រោងThePeakគឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារនិងការិយាល័យនិងអគារពីរទៀតសម្រាប់អគារស្នាក់នៅផ្សារទំនើបនិងចំណតរថយន្តជាច្រើនជាន់(តទៅនេះហៅថា «គម្រោង»)។ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន អកស៍ឡី ជេម(ខេមបូឌា)ខូអិលធិឌី(តទៅនេះហៅថា«ក្រុមហ៊ុនអកស៍ឡីជេម»)ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oxley Holdings Limited។
ក្រុមហ៊ុន អកស៍ឡីជេមបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនSinoGreat Wall International Engineering Co.,Ltd(តទៅនេះហៅថា«ក្រុមហ៊ុនSGW»)ឱ្យក្រុមហ៊ុនSGWធ្វើជាអ្នកម៉ៅការសាងសង់គម្រោងនេះ។ ជាអកុសលដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនSGWនិងដោយសារក្រុមហ៊ុន SGWគ្រប់គ្រងគម្រោងមិនត្រឹមត្រូវជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាកនិងមានភាពយឺតយ៉ាវជាខ្លាំង។
ក្រុមហ៊ុនអកស៍ឡីជេមដែលជាក្រុមហ៊ុនអភិវឌ្ឍន៍នៃគម្រោងនេះបានស្នើផ្តល់ជំនួយដល់ក្រុមហ៊ុនSGWដើម្បីឱ្យក្រុមហ៊ុននេះអាចសាងសង់ឱ្យរួចទាន់ពេលវេលាស្របតាមកិច្ចសន្យាហើយថែមទាំងបានពន្យារពេលជូនក្រុមហ៊ុនSGWសម្រាប់ធ្វើការបញ្ចប់ការសាងសង់ទៀត។យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនបានខិតខំបំពេញកាតព្វកិច្ចសាងសង់របស់ខ្លួនឱ្យប្រសើរឡើងឡើយដែលជាកត្តាបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុននេះពិតជាមិនមានសមត្ថភាពក្នុងការបញ្ចប់ការសាងសង់គម្រោងទៅតាមពេលវេលាកំណត់ឡើយ។
ដូច្នេះដើម្បីជៀសវាងការយឺតយ៉ាវបន្ថែមទៀតក្រុមហ៊ុនអកស៍ឡីជេមបានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នាខែតុលា ឆ្នាំ២០១៩។ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន អកស៍ឡី ជេម បានតែងតាំងក្រុមហ៊ុនសំណង់ថ្មីមួយទៀត សម្រាប់បន្តសាងសង់អគារគឺក្រុមហ៊ុន China Railway Urban Construction Group Co., Ltd.(តទៅនេះហៅថា«ក្រុមហ៊ុនCRUCG»)
ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្អ។
នៅពេលដែលកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនSGWត្រូវបានរំលាយក្រុមហ៊ុននេះមានកាតព្វកិច្ចក្នុងការចាកចេញពីទីតាំងគម្រោងដើម្បីឱ្យក្រុមហ៊ុនCRUCGចូលកាន់កាប់ទីតាំងដើម្បីបន្តការសាងសង់គម្រោង។យ៉ាងណាម៉ិញក្រុមហ៊ុនSGWបានបំពានកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនដោយមិនព្រមចាកចេញពីទីតាំងគម្រោង និងធ្វើការកាន់កាប់គម្រោងយ៉ាងខុសច្បាប់។
សកម្មភាពនេះ បង្កឱ្យការសាងសង់គម្រោងកាន់តែយឺតយ៉ាវខ្លាំង ដោយសារក្រុមហ៊ុន CRUCG មិនអាចចូលក្នុងទីតាំងគម្រោងដើម្បីចាប់ផ្តើមការងាររបស់ខ្លួនបាន។ ហេតុដូចនេះ ក្រុមហ៊ុន អកស៍ឡី ជេមបានដាក់ពាក្យសុំដីកាសម្រេចរក្សាការពារនៅសាលាដំបូងរាជធានីភ្នំពេញស្នើសុំឱ្យតុលាការបង្គាប់ឱ្យក្រុមហ៊ុនSGWចាកចេញពីទីតាំងគម្រោងដើម្បីអាចឱ្យក្រុមហ៊ុនអកស៍ឡីជេមអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងនាមជាម្ចាស់ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង។
នៅក្នុងនីតិវិធីរក្សាការពារនេះ តុលាការបានធ្វើការកោះហៅ និងបានផ្តល់ឱកាសសមរម្យឱ្យក្រុមហ៊ុន SGW ចូលរួមក្នុងនីតិវិធី ដើម្បីធ្វើការតតាំង និងការពារខ្លួនតាមផ្លូវតុលាការ។ យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនអើពើចំពោះការកោះហៅរបស់តុលាការឡើយ ដែលនាំឱ្យសាលាដំបូងរាជធានីភ្នំពេញ សម្រេចយល់ស្របតាមការស្នើសុំរបស់ក្រុមហ៊ុនអកស៍ឡីជេម។សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពារចុះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ដោយបង្គាប់ឱ្យក្រុមហ៊ុនSGWអ្នកម៉ៅការបន្ត និងបុគ្គលិករបស់ពួកគេ ចាកចេញពីទីតាំងគម្រោងជាបន្ទាន់។
នាថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តដីកាសម្រេចរក្សាការពារនៅទីតាំងគម្រោងស្របតាមនីតិវិធីច្បាប់ជាធរមានដោយមានជំនួយពីអាជ្ញាធរមានសមត្ថកិច្ច។នាពេលអនុវត្តនោះក្រុមហ៊ុនSGWប្រកែកមិនព្រមសហការជាមួយអាជ្ញាសាលានិងអាជ្ញាធរឡើយហើយថែមទាំងធ្វើការរារាំងការអនុវត្តដីកាតុលាការដោយបានប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះសកម្មភាពរបស់ក្រុមហ៊ុនSGWដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការនិងការរារាំងអាជ្ញាធរនៅពេលកំពុងអនុវត្តភារកិច្ចមេធាវីរបស់ក្រុមហ៊ុនអកស៍ឡីជេមបានលើកឡើងថាទង្វើនេះអាចចាត់ទុកជាបទល្មើស ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាមានការរារាំងយ៉ាងនេះក្តីក្រោយមកអាជ្ញាសាលាបានធ្វើការនាំខ្លួនក្រុមការងាររបស់ក្រុមហ៊ុន SGW ចេញពីទីតាំងគម្រោងដោយជោគជ័យ ហើយគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កាប់ និងគ្រប់គ្រងទីតាំងគម្រោងបានវិញយ៉ាងពេញលេញហើយ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។
នាពេលនេះក្រុមហ៊ុនអកស៍ឡីជេមកំពុងបង្គាប់ឱ្យមេធាវីរបស់ខ្លួនធ្វើការសិក្សាទិដ្ឋភាពតាមផ្លូវច្បាប់និងរៀបចំឯកសារក្នុងការទាមទារសំណងការខូចខាតពីក្រុមហ៊ុនSGWសម្រាប់រាល់ការខូចខាតដែលខ្លួនទទួលរង ដោយសារការបំពានកាតព្វកិច្ច និងសកម្មភាពបំពានច្បាប់ជាច្រើនរបស់ក្រុមហ៊ុន SGW៕S/