ភ្នំពេញៈទោះបីវិបត្តិសេដ្ឋកិច្ចដោយសារតែខូវីដ-១៩ កើតឡើងជុំវិញពិភពលោក និងជា ពិសេសប្រទេសចិនយ៉ាងណា ក៏ដោយ ប៉ុន្តែការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជានៅតែ បន្តនិងបញ្ចេញគម្រោងថ្មីទៀត។ នេះបើតាមការអ្នកជំនាញផ្នែកលក់អចលនទ្រព្យ KW Cambodia និង ម្ចាស់គម្រោងបុរី KS ។
ក្រុមអ្នកសាងសង់អចលនទ្រព្យនិងអ្នកលក់មិនមានការព្រួយបារម្ភ ហើយបានបញ្ចេញ គម្រោងលំនៅឋានថ្មីលើតម្លៃទាប សម្រាប់ប្រជាពលរដ្ឋមានជីវភាពល្មមៗ និងអ្នកសូវធូរធា ទៅវិញ។ក្រុមអ្នកជំនាញផ្នែកលក់អចលនទ្រព្យ KW Cambodia និង ម្ចាស់គម្រោងបុរី KS បានរួមគ្នាអភិវឌ្ឍន៍បុរីលំនៅឋានដែលមានទីតាំងនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០។ នេះជាការវិនិយោគ មួយប្លែកដែលអ្នកអភិវឌ្ឍន៍បុរីលំនៅឋាន និងផ្តើមពីក្មេងវត្ត បាននិងកំពុងគិតគូរដល់ពលរដ្ឋ ដែលមានស្រុកកំណើតមកពីខេត្តស្វាយរៀង ព្រៃវែង និងកណ្តាល ហើយមានការងារធ្វើ និងកំពុងប្រកបរបររកស៊ីនៅរាជធានីភ្នំពេញ អាចមានឱកាសទិញផ្ទះរបស់ខ្លួនសម្រាប់ការ រស់នៅដ៏សមរម្យ។
លោកឧកញ៉ា គីម ហាង ម្ចាស់គម្រោងបុរី ខេអេស រីស៊ីដេន (KS Residence) បានថ្លែងនៅក្នុង ពិធីបុកគ្រឹះសាងសង់ថា គម្រោងនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីជាងបីពាន់ម៉ែត្រការ៉េ និងមានលំនៅឋានសរុបជាង២០០ល្វែង ដែលមានតម្លៃលក់ចន្លោះពី ៥ម៉ឺនដុល្លារទៅ៦ ម៉ឺនដុល្លារដោយចាប់ផ្ដើមប្រកាសលក់នៅរយៈពេលពីរបីខែបន្ទាប់។
ចំណែកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនវាយតម្លៃនិងលក់អចលនទ្រព្យ KW Cambodia បានឲ្យដឹងថា ដោយសារទីតាំងនេះអំណោយផលសម្រាប់អ្នកនៅត្រើយខាងកើត ហើយជាតំបន់ដែលអភិវឌ្ឍន៍លើលំនៅឋាន និងទេសចរណ៍ ដែលមិនមែនជាតំបន់ឧស្សា ហកម្ម ទើបលោកឧកញ៉ាសម្រេចចិត្តសាងសង់ផ្ទះ ដោយផ្តោតសំខាន់លើពលរដ្ឋក្នុងស្រុក និងមានស្រុកកំណើតមកពីខេត្តស្វាយរៀង ព្រៃវែង និងកណ្តាល។
ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបន្តថា តំបន់នេះសម្បូទៅដោយទេសភាពធម្មជាតិ មានចម្ការ ផ្លែឈើ មានបរិយាកាសអំណោយផលសាកសមសម្រាប់ការរស់នៅ។គម្រោងនេះ ជា គម្រោងមួយដែលសុំអាជ្ញាប័ណ្ឌត្រឹមត្រូវគ្រប់លំដាប់ថ្នាក់តាមច្បាប់របស់ប្រទេសកម្ពុជា។
សូមរំលឹកផងដែរថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសការអនុគ្រោះការបង់ពន្ធប្រថាប់ត្រារយៈពេលមួយឆ្នាំ សម្រាប់លំនៅឋាន ឬខុនដូតម្លៃក្រោមប្រាំពីរម៉ឺនដុល្លារ៕ ដោយៈ បូរិន