ដោយ: មូលសម្បត្តិ / ភ្នំពេញ: «រួមគ្នាឆ្ពោះទៅ អភិវឌ្ឍដោយចីរភាព» នេះជាពាក្យមួយឃ្លាសរសេរធំៗនៅលើជញ្ជាំងលើផ្លូវដើរមួយកន្លែងប្រសិទ្ធនាមថា«គម្រោងរចនាច្រកដើរនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព» នាទីស្តីការក្រសួងបរិស្ថាន ដែលបានដាក់សម្ពោធជាផ្លូវការ នាថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រួងបរិស្ថាន រួមជាមួយ តំណាងក្រសួងស្ថាប័នមួយចំនួន និង ដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។
លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានឱ្យដឹងថា គម្រោងនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ការពង្រឹងស្មារតីមន្ត្រីរាជការឱ្យចេះស្រឡាញ់បរិស្ថាន និងទាក់ទាញសិស្ស និស្សិតនិងសាធារណជន អំពីការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។
លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងដល់សាធារណជន ជាពិសេសផ្តល់ការអប់រំបរិស្ថានទាំងក្នុងប្រព័ន្ធ និងនៅក្រៅប្រព័ន្ធ ព្រោះថាបើកុមារមានការយល់ដឹងពីធនធានធម្មជាតិ និងបរិស្ថាន គេចូលរួមការពារ និងអភិរក្ស។ លោកសូមចូលរួមអបអរសាទរចំពោះការរៀបចំឱ្យមានគម្រោងនេះឡើង ដោយមានរូបភាព និងការរចនាយ៉ាងល្អ ដែលមានអត្ថន័យនៃការទទួលខុសត្រូវ និងក្តីស្រឡាញ់ចំពោះការងាររបស់មន្ត្រីរាជការទាំងអស់។
ក្នុងឱកាសនោះសាយ សំអាល់ បានបង្ហាញនូវមនោសញ្ចេតនារីករាយជាមួយការបង្កើតបានសមិទ្ធផលថ្មីនៅថ្ងៃនេះ ដែលប្រៀបប្រដូចនឹង«វិថីសិល្បះបរិស្ថានក្នុងអគារមតកតេជោ»។ លោកបានបន្តថា នេះជាមោទនភាពសម្រាប់ទាំងអស់គ្នា ដែលយើងបាននិងកំពុងអនុវត្តការរៀបចំគោលនយោបាយសាធារណៈលើវិស័យបរិស្ថានបានល្អ និងមានអត្ថន័យដ៏ធំធេង ជាវិថីមួយដែលកម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត។
លោកបានលើកទឹកចិត្តឱ្យមានការចូលរួមពីសិស្ស និស្សិត ទស្សនាផ្ទាំងទស្សនីយភាពគំរូ ដែលបង្កប់នូវខ្លឹមសារ ព័ត៌មាន និងរូបភាពប្រទាក់ក្រឡា និងមានអត្ថន័យជ្រាលជ្រៅ បង្ហាញពីគោលដៅឆ្ពោះទៅការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងលើកទឹកចិត្តឱ្យមន្ត្រីរាជការក្រសួងបរិស្ថានបន្តការខិតខំប្រឹងប្រែង ចូលរូមក្នុងបុព្វហេតុបរិស្ថានដើម្បីអនាគតកម្ពុជារុងរឿង៕ ល