វីលលៀន (Willian) បានសារភាពថា ការចរចាជុំវិញកិច្ចសន្យាថ្មីនៅក្លឹបឆេលស៊ីមានការពិបាក បន្ទាប់ពីក្លឹបនេះបដិសេធមិនកែប្រែកិច្ចសន្យាដែលត្រៀមផ្តល់ជូននេះ។
ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះនឹងចប់កិច្ចសន្យានៅរដូវក្តៅនេះ ហើយមានបំណងចង់បានកិច្ចសន្យាបីឆ្នាំបន្ថែមទៀតដើម្បីបន្តនៅពហុកីឡដ្ឋាន Stamford Bridge ។ ទោះបីជា យ៉ាងណា ក្លឹបតោខៀវឆេលស៊ីបានផ្តល់កិច្ចសន្យាថ្មីដល់កីឡាករវ័យ៣១ឆ្នាំរូបនេះតែ២ឆ្នាំ ទៀតប៉ុណ្ណោះ។
វាទំនងជាថា ស្ថានភាពរបស់ វីលលៀន នៅពេលនេះ អាចនឹងឈានដល់ចំណុចជាប់គាំង។ វីលលៀនបាននិយាយថា “ក្លិបឆេលស៊ីបានផ្តល់កិច្ចសន្យាត្រឹមពីរឆ្នាំ ហើយពួកគេនឹងមិន កែប្រែអ្វីដែលខ្លួនផ្តល់ជូននេះទេ” បន្ទាប់ពីក្រុមឆេលស៊ីប្រកួតចាញ់ក្រុម Bayern Munich កាលពីយប់ថ្ងៃអង្គារ។
វីលលៀន បន្តថា “ខ្ញុំបាននិយាយថា ខ្ញុំចង់បានរយៈពេលបីឆ្នាំទៀត។ ស្ថានភាពគឺពិតជាពិបាក ពីព្រោះ ខ្ញុំពិតជាមិនដឹងថា តើវានឹងអាចទៅរួចឬអត់ទេ។ គោលបំណងរបស់ខ្ញុំ គឺបន្តធ្វើការងារ និងផ្តោតលើរយៈពេលនៅសល់ក្នុងរដូវកាលនេះ ដូច្នេះឆេលស៊ីអាចបន្តឈ្នះការប្រកួត”។
វីលលៀន ត្រូវបានប្តូរចូលនៅនាទីទី៦១ អំឡុងពេលប្រកួតជាមួយក្រុម Bayern Munich ដែលពួកគេបានចាញ់ក្នុងលទ្ធផល ៣-០។ ខ្សែបម្រើស្លាបរូបនេះធ្លាប់ជាគោលដៅផ្ទេរយូរ អង្វែង របស់ក្លិប Barcelona ស្របពេលក្លិប Spurs ក៏ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀង ផ្ទេរកីឡាកររូបនេះផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ