សហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំកិច្ចពិភាក្សាបន្ទាន់មួយនៅថ្ងៃពុធនេះជុំវិញផលប៉ះពាល់របស់ជំងឺកូរ៉ូណាមកលើការប្រកួតមិត្តភាពនៅពហុកីឡដ្ឋាន Wembley រវាងក្រុមអង់គ្លេស និងក្រុមអ៊ីតាលីនៅខែក្រោយ។
មន្ត្រីជាន់ខ្ពស់នឹងអង្គុយចុះជជែកគ្នានៅពហុកីឡដ្ឋាន ដើម្បីចរចាអំពីបញ្ហាទាក់ទិនការប្រកួតបន្ទាប់ពីការផ្ទុះឡើងជំងឺប្រភេទនេះនៅភាគខាងជើងប្រទេសអ៊ីតាលី។ មនុស្សជាង៣៧០នាក់ត្រូវបានរកឃើញផ្ទុកវីរុសនេះនៅអ៊ីតាលី ស្របពេលទីក្រុងមួយចំនួនត្រូវដាក់ នៅដាច់ដោយឡែក។ មានសេចក្តីរាយការណ៍ថា មនុស្ស១២នាក់បានស្លាប់នៅអ៊ីតាលី។
ព្រឹត្តិការណ៍កីឡាករនៅទូទាំងអ៊ីតាលីបានរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺនេះ ស្របពេលអាជ្ញាធរអ៊ីតាលីដាក់ការរឹតត្បិតនៅនឹងកន្លែងក្នុងការព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
អ្នកគាំទ្ររាប់ពាន់នាក់គ្រោងនឹងធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីទស្សនាការប្រកួតកម្តៅសាច់ដុំសម្រាប់ Euro 2020 នៅថ្ងៃទី២៧ខែមីនា ប៉ុន្តែនៅពេលនេះមានការបារម្ភថា ការប្រកួតអាចរងការគំរាមកំហែង។
សហព័ន្ធបាល់ទាត់អង់គ្លេសនឹងពិភាក្សាអំពីការប្រកួតរវាងអង់គ្លេសនិងក្រុមអ៊ីតាលី ព្រមទាំងបញ្ហាផ្សេងទៀតទាក់ទិនជំងឺកូរ៉ូណា៕ ប្រែសម្រួល: ពិសិដ្ឋ