ដោយ​: សុផល / ភ្នំពេញ​: ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​បើកទ្វារ​ទទួល​សាធារណជន​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា ឆ្នាំ​២០២០​ខាងមុខ ក្នុងឱកាស​នៃ​ការតាំងពិព័រណ៍ «​ដំណើរ​ត្រាច់ចរ​សិល្បៈ​» លើក​ទី​២​នៅក្នុង​ឧទ្យាន​ស្ថានទូត។​

សិល្បករ​ល្បីៗ​ចំនួន​៩​នាក់ ក្នុងនោះ​មាន​ខ្មែរ​៨​នាក់ និង​បារាំង​ម្នាក់ ត្រូវបាន​អញ្ជើញ​ឱ្យ​បង្កើត​ស្នាដៃ​សិល្ប​:​តាម​ការស្រមើស្រមៃ​រៀងៗ​ខ្លួន ដើម្បី​ដាក់​បង្ហាញជូន​ដល់​មហាជន​។ ជាមួយ​រុក្ខជាតិ​ចម្រុះ​ពណ៌ និង​ដើមឈើ​ធំៗ​ចោល​ម្លប់​ត្រឈឹងត្រឈៃ ស្នាដៃ​សិល្ប​:​ទាំងនោះ ដែល​ដាក់តាំង​នៅតាម​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុង​ឧទ្យាន ហាក់ដូចជា​កំពុង​បង្កើតបាន​កិច្ចសន្ទនា​បែប​មនោសញ្ចេតនា​មួយ​យ៉ាង​ស្ងប់ស្ងាត់​ជាមួយ​ធម្មជាតិ​។

​ជា​កន្លែង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​និង​ជា​លំហ​បៃតង​ដ៏​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​អ​វិ​វ​ឌ្ឍ​ឥតឈប់ឈរ ឧទ្យាន​ស្ថានទូត​បារាំង​តែង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សិ​ល្បករ​នានា​។ ជាក់ស្តែង ក្នុង​ពិព័រណ៍​«​ដំណើរ​ត្រាច់ចរ​សិល្បៈ​»​ឆ្នាំ​២០២០​នេះ លោក​អ៊ុក ជឹម​វិចិត្រ​, លោក​ក្រេ​ហ្កូ​រី ហ្គោ​សឡាំង​, លោក​រៀម មុនី​ស៊ី​ឡុង​, លោក​ម៉ក់ រ៉េមី​ស្សា​, លោក​លាង ស៊ី​កន​, លោកស្រី បណ្តូល​, លោក​មាស សុឃន​, លោក ពេជ្រ សុភាព និង​លោក​ទិ​ត្យ វាសនា នឹងដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​សហ​សម័យ​របស់ខ្លួន ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ព្រឹ​ត្ត​ការណ៍​នេះ ហើយ​មាន​លក្ខណៈ​សមសួន​ជាមួយនឹង​បរិស្ថាន​ធម្មជាតិ​របស់​ស្ថានទូត​។
​ជាមួយ​ទេពកោសល្យ​ផ្សេងៗ​គ្នា សិល្បករ​ភាគច្រើន​បានជ្រើសរើស​យក​ដើមឈើ​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​។

​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា យល់ឃើញថា ក្រៅពី​លក្ខណ​:​លម្អ ដើមឈើ​ទាំងនេះ​បានក្លាយ​ទៅជា​តួអង្គ​ពិតៗ​របស់​ពិព័រណ៍​នេះ ។ លោកស្រី​មានប្រសាសន៍ថា​៖ «​តាមរយៈ​ការ​រចនា​របស់​សិល្បក​រ​ដើមឈើ​ទាំងនេះ​បានក្លាយ​ទៅ​ជាស​ភាវរស់​ម្យ៉ាង​ប្រកបដោយ​រូបឆោម​លោមព័ណ៌​ល្អ​ដែល​យើង​ត្រូវ​ថែរក្សា​ផង ជាទី​ជម្រក និង​ជា​សាក្សី​នៃ​ការចងចាំ​ផង​។ ដើមឈើ​ទាំងនេះ​ហាក់ដូចជា​វត្ថុ​នឹងថ្កល់ ដែល​ផ្តល់​អត្ថន័យ​ដល់​ជីវិត​»​។

​ស្ថានទូត​បារាំង ដោយ​រួមសហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​ផ្តួចផ្តើម​គម្រោង​នេះ​ឡើង​ដើម្បី​លើកស្ទួយ​តម្លៃ​នៃ​ការបង្កើត​ស្នាដៃ​សិល្បៈ និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​បារាំង​-​កម្ពុជា​។ សាធារណជន​អាច​ចូលទៅ​ធ្វើដំណើរ​ត្រាច់ចរ​កម្សាន្ត​នៅក្នុង​ឧទ្យាន​ស្ថានទូត ដើម្បី​ទស្សនា​ស្នាដៃ​សហ​សម័យ​របស់​សិល្បក​រ​នៅក្នុង​បរិស្ថាន​ដ៏​ស្រស់បំព្រង​មួយ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា​ខាងមុខ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​រសៀល (​រួមទាំង​ថ្ងៃត្រង់​ផងដែរ​)​។ ព្រឹ​តិ្ត​ការណ៍​នេះ​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី ដោយ​ពុំ​ចាំបាច់​ចុះឈ្មោះ​ជាមុន​នោះទេ ប៉ុន្តែ​អាហារ ភេសជ្ជៈ (​លើកលែង​ទឹក​) និង​កាបូប​ធំៗ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​យក​ចូល​ឡើយ​៕ ល​