ជប៉ុននឹងបិទសាលារៀនសាធារណៈរយៈពេល១ខែចាប់ពីថ្ងៃចន្ទទី០២មីនាខាងមុខនេះទៅ រហូតដល់ថ្ងៃទី០៦មេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុសថ្មីហៅថាCovid-19 នេះបើតាមសម្តីរបស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ កាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ។

ទោះជាយ៉ាងណា ការបិទនេះប៉ះពាល់តែសាលាបឋមសិក្សា និងមធ្យមសិក្សាទេ។
ចំណាត់ការនេះត្រូវបានប្រកាន់យកបន្ទាប់ពីកោះហុកកៃដូ បិទសាលារៀន១.៦០០របស់ខ្លួនចាប់ពីថ្ងៃព្រហស្បតិ៍ ដោយសារតែចំនួនអ្នកឆ្លងវីរុសនៅក្នុងតំបន់នេះកាន់តែកើន។យ៉ាងហោចណាស់ករណីឆ្លងថ្មីចំនួន១៣ រួមមានកូនក្មេងក្រោមអាយុ១០ឆ្នាំ២នាក់ ត្រូវបានបញ្ជាក់ថាឆ្លងCovid-19 នាំឲ្យតំបន់នេះមានអ្នកឆ្លងសរុប៥៤នាក់។
ត្រឹមថ្ងៃសុក្រនេះ ជប៉ុនមានអ្នកឆ្លងCovid-19ចំនួន២១៣នាក់ និង៤នាក់បានស្លាប់។ចំនួននេះមិនរាប់បញ្ចូលអ្នកឆ្លង៧០៥នាក់ទៀតពីនាវាទេសចរណ៍Diamond Princessដែលទើបបញ្ចប់ការធ្វើចត្តាឡីស័កនៅក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុនកាលពីសប្តាហ៍មុន។
នៅកូរ៉េខាងត្បូងជាប់គ្នាឯណេះវិញ អាជ្ញាធរនៅថ្ងៃសុក្រនេះបានរាយការណ៍ការឆ្លងថ្មី២៥៦នាក់បន្ថែម ធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនដល់២.០២២នាក់ ជាចំនួនឆ្លងច្រើនបំផុតបន្ទាប់ពីចិន។
បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ ក្នុងចំណោមការឆ្លងថ្មីជាង២០០ករណី ជាង៩០ភាគរយនៅក្រុងដេហ្គូ និងខេត្តក្យុងសាងខាងជើង។មិនមានការស្លាប់បន្ថែមដោយវីរុសនេះទេ ដោយនៅចំនួនអ្នកស្លាប់នៅ១៣នាក់ដដែល៕ប្រែសម្រួល៖វាសនា/Ha